ប្រទេស​រុស្ស៊ី​និង​ចិន​ជំរុញ​ឲ្យ​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាង​ជើង

សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.ប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​២៧ ខែ កញ្ញា ឆ្នាំ ២០១៨​នៅ​ក្នុង​បុរី​ញូវយ៉ក។

​រុស្ស៊ី​និង​ចិន​បាន​អំពាវនាវ​ដល់សហគមន៍​អន្តរជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាង​ជើងជាការ​លើក​ទឹក​ចិត្ត​ចំ​ពោះប្រ​ទេស​នេះ​ដែលធ្វើ​មិន​ឲ្យ​គ្មាន​អាវុធ​នុយក្លេអែរ។

លោក ​វ៉ាង ​យី ​រដ្ឋ​មន្រ្តីការបរទេស​ចិន​បាន​ប្រាប់​កិច្ចប្រជុំ​ជាន់​ខ្ពស់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ប្រទេស​កូរ៉េខាង​ជើង​ថា «​ចិន​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ​ការ​គាប​សង្កត់​មិនមែន​ជា​ការ​បញ្ចប់​ទេ។ ទាំង​ការ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​និង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ខាង​នយោបាយ​មាន​សារៈ​សំ​ខាន់​ស្មើ​គ្នា​នៅ​ក្រោម​សេចក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ»។

​លោករដ្ឋមន្រ្តីការបរទេស​ចិន​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ដែល​មាន​ប្រទេស​១៥​ជាសមាជិក​ពិចារណាប្រើមាត្រា​នៅ​ក្នុង​សេចក្តី​សម្រេច​ដែល​អនុញ្ញាតិ​ឲ្យ​កែប្រែ​ការ​ដាក់​ទណ្ឌកម្ម​នេះ។

រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ីបាន​គាំទ្រ​សំណើរ​របស់​ចិន។

លោក Sergei Lavrov ​រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​បាន​ប្រាប់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិថា «វិធានការ​របស់​សាធារណរដ្ឋ​ប្រ​ជា​ធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ឆ្ពោះ​ទៅកាន់​ការ​រុះរើអាវុធបន្តិ​ច​ម្តងៗ​ត្រូវ​តែកើត​មាន​ឡើង​បន្ទាប់​ពី​ការ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម។​ លោករដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​បាន​និយាយ​ទៀត​ថា ការអំ​ពាវនាវ​របស់​ប្រទេស​លោក​ខាង​លិច​ឲ្យ​រក្សា​ការ​ដាក់ការ​គាប​សង្កត់លើ​កូរ៉េខាង​ជើងហាក់​ដូច​ជា​មិន​សាក​សម​និង​មិន​ចំ​ពេល​វេលា​ដោយ​សារ​តែ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ចាត់​វិធាន​ការ​ដ៏​សំខាន់ឆ្ពោះ​ទៅកាន់​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធនុយក្លេអែរ​នោះ​ទេ។

​លោក Lavrov ​បាន​និយាយថា ​ក្រុម​ប្រឹក្សា​សន្តិសុខ​ត្រូវ​តែ​បញ្ជូន​សញ្ញា​វិជ្ជមាន​មួយ​ទៅ​កាន់​កូរ៉េខាង​ជើង​ហើយ​លោក​បាន​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ខ្លះ​បដិសេធ​ពុំ​ព្រម​ធ្វើ​ដូច្នេះ៕