រៀងរាល់៥ឆ្នាំ ពលរដ្ឋនៅតំបន់រាំងស្ងួតនិងដាច់ស្រយ៉ាល នៅភាគពាយ័ព្យ នៅប្រទេសអាហ្វ្រិកខាងត្បូង និយាយថា គណបក្សកាន់អំណាចមកទីនេះដើម្បីសុំឲ្យបោះឆ្នោតឲ្យពួកគេ។ នៅក្នុងការបោះឆ្នោតបួនដងចុងក្រោយនេះ ក្រុមអ្នកបោះឆ្នោតភាគច្រើនបានបោះឆ្នោតឲ្យពួកគេ ហើយអនុញ្ញាតឲ្យគណបក្សសភាជាតិអាហ្វ្រិក ឬ ANC បន្តទទួលបានសំឡេងភាគច្រើន នៅតំបន់ជនបទនៅភាគខាងត្បូង។
នៅតាមខេត្តនានាដែលមិនសូវមានប្រជាពលរដ្ឋរស់នៅ ពិសេសតំបន់ជនបទនៅតាមខេត្ត Free State និងខេត្ត Northern Cape គណបក្ស ANC ឈ្នះឆ្នោតពី ៦៤ ដល់ ៦៩ ភាគរយនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៤។
ការស្ទង់មតិនយោបាយបង្ហាញថា គណបក្សសភាជាតិអាហ្វ្រិកនឹងបាត់បង់ការគាំទ្រពី ៦២ ភាគរយក្នុងឆ្នាំ ២០១៤ មកនៅត្រឹម ៥៧ ភាគរយក្នុងឆ្នាំនេះ។ គណបក្សនេះបានឈ្នះការបោះឆ្នោតរាល់អាណត្តិចាប់តាំងពីការចាប់ផ្តើមលទ្ធិប្រជាធិបតេយ្យនៅប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩៩៤។
ឆ្នាំនេះ ក្រុមអ្នកបោះឆ្នោតនៅជនបទថ្លែងថា នឹងមានការផ្លាស់ប្តូរ។ អ្នកស្រី Olga Fokazi អាយុ ៣៨ ឆ្នាំ ជាគិលានុបដ្ឋាយិការមួយរូបថ្លែងថា អ្នកស្រីបានបោះឆ្នោតឲ្យគណបក្សសភាជាតិអាហ្វ្រិកកាលពីឆ្នាំ ២០១៤។ ឆ្នាំនេះ ដោយសារតែការខ្ពើមរអើមអំពើពុករលួយនិងសេវាកម្មទន់ខ្សោយនៅក្នុងក្រុងដ៏តូចរបស់អ្នកស្រី អ្នកស្រីថ្លែងថា អ្នកស្រីគ្រោងនឹងធ្វើពហិកាការបោះឆ្នោតលើកនេះទាំងស្រុង។
អ្នកស្រី Fokazi ថ្លែងថា៖ «ពួកគេគ្រាន់តែចូលចិត្តផ្តោតទៅលើក្រុងធំៗទាំងនេះ ប៉ុន្តែនៅតំបន់ជនបទទាំងនេះ ពួកគេមិនទាំងធ្វើដំណើរមកផង។ ពួកគេមិនមករកយើងទេ។ ដូច្នេះខ្ញុំគ្មានមូលហេតុអ្វីដែលគួរបោះឆ្នោតឲ្យគណបក្សកាន់អំណាច ANC នោះទេ»។
នាង Mathabo Mokopane វ័យ ២៦ ឆ្នាំ រស់នៅក្រុងតូចមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូងនេះបានថ្លែងថា នាងគ្រោងនឹងធ្វើដូចគ្នាដែរ។ ក្រុងរបស់នាងគឺជាក្រុងគ្រប់គ្រងដោយគណបក្ស ANC ហើយនាងក៏បានបោះឆ្នោតឲ្យគណបក្សនេះដែរកាលពីលើកមុន។ ប៉ុន្តែ លើកនេះនាងមិនបោះឆ្នោតឲ្យគណបក្ស ANC ទៀតនោះទេ។
នាង Mokopane ថ្លែងថា៖ «តាមពិតទៅ ពេលយើងបោះឆ្នោតឲ្យពួកគេរួច ពួកគេមិនមើលថែសហគមន៍នេះទៀតនោះទេ»។
លោក Ivor Sarakinsky អ្នកវិភាគនយោបាយមួយរូបថ្លែងថា ពួកគេស្ថិតក្នុងចំណោមក្រុមអ្នកគាំទ្រដែលមានការអាក់អន់ស្រពន់ចិត្តនឹងគណបក្ស ANC។ ពួកគេជាច្រើនកំពុងងាកទៅគាំទ្រគណបក្សប្រឆាំងដូចជាគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ឬគណបក្សក្រុមអ្នកប្រយុទ្ធដើម្បីសេដ្ឋកិច្ច សេរីភាព ប៉ុន្តែអ្នកផ្សេងជាច្រើនទៀតគ្រាន់តែដកខ្លួនចេញតែម្តង។
លោក Sarakinsky ថ្លែងថា៖ «ដោយគ្រាន់តែចំនួនអ្នកគាំទ្រគណបក្ស ANC ថយចុះនោះ មិនមែនមានន័យថាតំបន់ទីក្រុងនានាបានងាកទៅគាំទ្រគណបក្សប្រឆាំងនោះទេ។ គណបក្ស ANC មានអ្នកប្រឆាំងផ្ទៃក្នុងដែលអ្នកបោះឆ្នោតមិនទៅបោះឆ្នោត ព្រោះក្រុមអ្នកបោះឆ្នោតមិនពេញចិត្តជាមួយនឹងគណបក្ស ANC»។
នៅក្នុងក្រុង Wolmaransstad ដែលសំបូរទៅដោយដំណាំពោត អ្នកបោះឆ្នោតមួយរូបដែលឥតការងារធ្វើលោក Tshepo Mosoeu ថ្លែងថា លោកមិនមានសង្ឃឹមថាគណបក្ស ANC នឹងធ្វើឲ្យមានភាពប្រសើរឡើងនោះទេ ចាប់តាំងពីលោក Nelson Mandela ឬដែលពលរដ្ឋអាហ្វ្រិកខាងត្បូងស្គាល់ថាជា «Tata» បានទទួលមរណភាពមក។
លោក Mosoeu ថ្លែងថា៖ «គណបក្ស ANC ធ្វើឲ្យយើងខកចិត្ត។ យើងនឹងបោះឆ្នោតឲ្យគណបក្ស EFF។ យើងនឹងបោះឆ្នោតឲ្យគណបក្ស DA ឬ គណបក្ស EFF។ ប៉ុន្តែយើងត្រូវតែធ្វើការផ្លាស់ប្តូរ។ លោក Mandela បានបន្សល់ទុកនូវកេរដំណែលដល់យើង។ ប៉ុន្តែអាត្រាអ្នកឥតការងារធ្វើ ភាពក្រីក្រ គឺមានច្រើន។ ហើយមើលផ្លូវនេះទៅឃើញហើយ»។
ប៉ុន្តែក្តីសង្ឃឹមនៅតែមានសម្រាប់អ្នកនៅក្បែរក្រុង Bloemhof នេះបើតាមប្រសាសន៍អ្នកស្រី Martha Phakedi អាយុ៣០ឆ្នាំ ដែលឈរធ្វើយុទ្ធនាការនៅតាមដងផ្លូវដ៏ហុយនេះដើម្បីគាំទ្រគណបក្សសម្ព័ន្ធប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំង។
អ្នកស្រី Martha Phakedi ថ្លែងថា៖ «តំបន់ជនបទកំពុងមានការប្រែប្រួល។ ពួកគេចាប់ផ្តើមឃើញពន្លឺ។ ដោយសារតែពួកគេត្រូវបានគេកុហកអស់ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែតាមការពិតទៅ ក្នុងនាមយើងជាអ្នកប្រឆាំង យើងត្រូវតែឧស្សាហ៍ព្យាយាម បង្ហាញទៅកាន់អ្នកទាំងនេះថា ពួកគេត្រូវបានប្រើប្រាស់តាំងពីឆ្នាំ១៩៩៤ មក រហូតដល់ពេលនេះ គឺដើម្បីតែប្រយោជន៍សម្រាប់ក្រុមគ្រួសារមួយចំនួនតែប៉ុណ្ណោះ។ ដូច្នេះ ពួកគេចាប់ផ្តើមមើលឃើញពន្លឺ ហើយខ្ញុំសង្ឃឹមថា មិនយូរមិនឆាប់ ក្រុមប្រឆាំងនឹងកាន់អំណាចនៅទីនេះគឺក្នុងក្រុង Bloemhof»។
តើវានឹងកើតមានឡើងដែរឬទេ ឬតំបន់ជនបទនេះនឹងបន្តគាំទ្រគណបក្សកាន់អំណាច? ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះនឹងដឹងចម្លើយនៅថ្ងៃទី៨ ខែឧសភាខាងមុខនេះ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា