បក្ស​ប្រជាជន​ឈ្នះ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​តែ​បក្ស​ប្រឆាំង​កើន​អាសនៈ

អង្គ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំពេញ​ចិត្ត​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អាទិត្យ​នេះ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​កណ្តាល​នៅ​សង្កាត់​ចាក់អង្រែ​ លោក សម រង្សី​ ប្រធាន​គណបក្ស​បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ពេញចិត្ត​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​អសកល​នេះ។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី​២នេះគណបក្សប្រឆាំង​ទទួល​បាន​ជោគជ័យ​ជាង​អាណត្តិ​ទី១នៅ​ឆ្នាំ​២០០៩ ដោយ​មាន​ការ​កើនឡើង​ចំនួនអសនៈ​នៅ​ទូទាំង​ប្រទេស។

លោក​សម រង្សី​ថ្លែង​ដូច្នេះ​ថា៖ «និយាយ​សរុប​ទៅ​គឺ​ថា​យើង​ពេញចិត្ត។ និយាយ​ជារួម​ទៅ​គឺ​ថា​ មេរៀន​កម្លាំង​លុយ ​មិន​ឈ្នះ​កម្លាំង​ចិត្ត​ពីព្រោះ​ថា​ឥឡូវ​ហ្នឹង​ពិបាក​អូសទាញ​ណាស់»។

យោង​តាម​លទ្ធផល​ដែល​លោក​ទទួល​បាន​គណបក្ស​សង្គ្រោះ​ជាតិ​កើន​អាសនៈ​ចំនួន​១៨៥​ គឺ​ពី​ចំនួន​៥៧៩​នៅ​អាណត្តិ​មុនមក​ដល់៧៦៤​អាសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៤​នេះ។

មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំ​ដែល​បាន​ឈរ​ឈ្មោះ​ដើម្បី​ប្រកួត​ប្រជែង​យក​តំណែង​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​នេះ។ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​និងគណបក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ។

ក៏ប៉ុន្តែ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ដដែល​នេះ​មាន​តែ​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​តែ​ប៉ុណ្ណោះ​ដែល​បាន​ប្រកាស​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​អសកល​ដែល​មាន​អង្គ​បោះឆ្នោត​ត្រឹមតែ​១១.៤៥៩​នាក់។

ទោះបី​ជា​យ៉ាងណា​ក្តី​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គជប) ​បាន​ហៅ​ការ​ប្រកាស​លទ្ធផល​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នេះ​គ្រាន់​តែ​ជា​លទ្ធផល​របស់​គណបក្ស​តែ​ប៉ុណ្ណោះ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ដដែល​លោក ម៉ៅ សុភារិទ្ធ​ សមាជិក​គជប​បាន​ហៅ​ដំណើរការ​នៃ​ការបោះឆ្នោត ​និង​ការ​រាប់សន្លឹកឆ្នោត​នៃ​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​អាណត្តិ​ទី២​ឆ្នាំ​២០១៤​នេះ​ថា​បាន​ដំណើរការ​ទៅ​ដោយ​រលូន។

លោក ម៉ៅ សុភារិទ្ធ​សមាជិក ​គជប​បាន​ថ្លែង​ថា ​ក្នុង​ចំណោម​មណ្ឌល​បោះឆ្នោត​សរុប​ដែល​មាន​១៩៧​មណ្ឌល​ លោក​បន្ថែម​ថា​គជបទទួល​បាន​ពាក្យ​បណ្តឹង​តែមួយ​ប៉ុណ្ណោះ​ពី​ខេត្ត​ព្រៃវែង។

លោក​បាន​បន្ថែម​ថា៖​ «គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​លទ្ធផល​មុន​ហ្នឹង​ជារឿង​របស់​គណបក្ស​នយោបាយ ​ដោយ​ឡែក​គ.ជ.ប​នឹង​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៅ​ម៉ោង​៧យប់​តាម​វិទ្យុ ​និង​ទូរទស្សន៍​ជាតិ»។​

យ៉ាង​ណា​មិញ​យោង​តាម​ការ​ទស្សទាយ​របស់​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ខុមហ្វ្រែល ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​នឹង​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ស្រុក​ខណ្ឌ​អាណត្តិ​ទី២​ក្នុង​ឆ្នាំ​២០១៤​នេះ ​ដោយសារ​គណបក្ស​នេះ​មាន​ចំនួន​អង្គបោះឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​ច្រើន​លើសលប់រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​នឹង​ទទួល​បាន​អាសនៈ​នៅ​លំដាប់​ថ្នាក់​លេខ​២។

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ក្រុងស្រុក ខណ្ឌ​ អាណត្តិ​ទី ២​នេះ​នឹង​ត្រូវ​ប្រកាស​ជាផ្លូវការ​នៅថ្ងៃទី ៣០ ​ខែឧសភា​ខាងមុខ​នេះ៕