ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ជា​ការ​ខាត​ថវិកា​ប៉ុន្តែ​មាន​ហិង្សា


លោក​អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
លោក​អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្តក្រុង​និង​ស្រុក​ខណ្ឌ​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែ​ឧសភា​នេះ​នឹង​ជួយ​បាន​តិច​តួច​បំផុត​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដោយ​សារ​វា​ជា​ការ​បោះឆ្នោត​តាម​បន្ទាត់​នយោបាយ​បក្ស។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស។

យ៉ាង​ណា​ក៏ដោយ​ការ​ចាប់​ផ្តើម​យុទ្ធ​នាការ​នេះ​កាល​ពី​ថ្ងៃ​ទី​២​ខែ​ឧសភា​បាន​គ្របដណ្តប់​ដោយ​អំពើ​ហិង្សា​ប្រព្រឹត្ត​លើ​សកម្មជន​គាំទ្រ​គណបក្ស​ប្រឆាំង​និង​អ្នក​សារព័ត៌មាន​ហើយមានការ​បង្ហាញ​នូវអាវុធ​រួម​ទាំង​មាន​ដាក់កាំភ្លើង​បាញ់​រះ​ប្រភេទ​បាញ់​មិន​រើស​មុខ​នៅ​លើរថយន្ត​ដើម្បី​ជា​ការ​គំរាម​កំហែង​ជាដើម។​

លោក​ អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ថា៖​ «នេះ​ជា​ការ​បង្ហាញ​នូវ​សាច់​ដុំ​គំរាម​កំហែង​ទៅ​លើ​ទិដ្ឋភាព​នៃ​ការ​បោះឆ្នោត​ដែល​អសកល​មួយដែល​ទិដ្ឋភាព​នៃ​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​មិន​គួរ​មាន​រូបភាព​គំរាម​កំហែង​និង​រូបភាព​ហិង្សា​នៃ​ការ​ប្រមាថ​ដល់​អាយុ​ជីវិត​បែប​នេះ​ទេ ហើយ​ចំពោះ​ខ្ញុំ​គឺ​ជា​រឿង​មួយដែល​ខ្ញុំ​សោក​ស្តាយ​មែន​ទែន»។​

មាន​គណបក្ស​នយោបាយ​ចំនួន​៥​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​អសកល​នេះ​ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោ​កនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី​និង​លោក​កឹម​ សុខា។

ក្នុង​ខណៈ​ពេល​ដែល​បញ្ជាក់​ថា​ច្បាប់​ដែល​បាន​ចែង​ទាក់​ទង​នឹង​ការ​ងារ​របស់​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង​ ស្រុក​ខណ្ឌ​គឺ​ល្អ​ក្នុង​ការ​ធានា​បាន​នូវ​ការ​អភិវឌ្ឍន៍​សម្រាប់​ថ្នាក់​ក្រោម​ជាតិប៉ុន្តែលោក​អ៊ូ​ វីរៈ​បន្ថែម​ថាការ​អនុវត្តជាក់​ស្តែងក្រុម​ប្រឹក្សា​ទាំង​នោះ​ហាក់​មិន​មាន​អំណាច​និង​ភាព​ក្លាហាន​ក្នុង​ការ​ជំទាស់​នឹង​អភិបាល​ខេត្ត​ដែល​មក​ពី​គណបក្ស​ដូច​គ្នា​ទេហើយ​លទ្ធផល​ហាក់​ដូច​ជា​កំណត់​មុន​ជាស្រេចបើ​មិន​មាន​ភាព​មិន​ប្រក្រតី។ ​

«ការ​បោះឆ្នោត​អសកល​នេះ​គឺ​ជា​រូបមន្ត​មួយ​ដែលបំផ្លាញ​លុយ​បំផ្លាញ​ពេល​វេលា​ទាំង​ស្រុង​ដោយ​សារ​ការបោះឆ្នោត​ដោយ​[ក្រុម​ប្រឹក្សា​] ឃុំ​ សង្កាត់....គាត់​ត្រូវ​តែ​បោះឆ្នោត​ទៅតាម​ឆន្ទៈ​របស់​គណបក្ស​ហើយ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ជា​ក្រុម​ប្រឹក្សា​ខេត្ត​និង​ស្រុក​គឺ​ជា​បេក្ខជន​មក​ពី​បក្ស​មិន​អាច​មាន​បេក្ខជន​ឯករាជ្យ​ទេ»។​

​នេះ​ជា​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​លើក​ទីពីរ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ការ​បោះឆ្នោត​លើក​មុន​គណបក្ស​មិន​កាន់​អំណាច​បាន​បាត់​បង់​សំឡេង​របស់​ខ្លួន​មួយ​ចំនួន​ដែល​អ្នក​ខ្លះ​ចោទ​ថា​ដោយ​សារ​លក់​សំឡេង​ទៅ​ឱ្យ​គណបក្ស​កាន់​អំណាច។ ហើយ​បើ​ការ​បោះឆ្នោត​លើក​នេះ​មាន​កើត​ឡើង​នូវ​ករណី​ដូច​នេះ​មែន​លោក​វីរៈ​បាន​បញ្ជាក់​ថា​លោក​នឹង​មិន​ភ្ញាក់​ផ្អើល​ទេ​ព្រោះ​លុយ​នៅ​តែ​មាន​ឥទ្ធិ​ពល​ក្នុង​សង្គម​ប៉ុន្តែវាជា «ភាព​អាក្រក់​មួយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ»៕
XS
SM
MD
LG