ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​ទាត់​ចោល​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​ថា​ បក្ស​របស់​ខ្លួន​បែកបាក់

រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

ក្រោយ​ការ​វាយ​ប្រហារ​របស់​លោក សម រង្ស៊ី អំពី​ការ​បែកបាក់​រវាង​លោក​ហ៊ុន សែន​ និង​លោក​ស ខេង ​នោះ​ ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុ​ជា​ និង​ជា​មន្ត្រី​រដ្ឋាភិបាល​ផង​នោះ​​ បាន​ថ្លែង​ការពារ​ពី​ភាព​រឹងមាំ​នៃ​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​នៅ​សប្តាហ៍​នេះ​ ថ្លែង​ការពារ​ភាព​រឹងមាំ​ក្នុងបក្សរបស់​ខ្លួន​និង​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​លោកសម រង្ស៊ី​ ​អំពី​ការបែក​បាក់​ផ្ទៃក្នុង​បក្ស​ថា​ ​ជា​ចេតនា​ញុះញង់​ឲ្យ​មានភាព​ប្រទូស​រាយ​នៃ​ក្រុម​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា។​

កាល​ពី​សប្តាហ៍​មុន​ ​លោក សម រង្ស៊ី​ដែល​ជា​អតីត​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​ដែល​ពេល​នេះ​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​នោះ​ បាន​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​ស ខេងកំពុង​រៀប​ចំ​បែក​ពី​លោក​ហ៊ុន សែន។​

លោក​សម​ រង្ស៊ី​បាន​អធិប្បាយ​បន្ថែមតាម​ន័យ​ដើម​ថា៖​

«ព្រឹត្តិ​ការណ៍​មួយ​ដ៏​សំខាន់​នឹង​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​២០១៩ ​ពីព្រោះ​លោកហ៊ុន សែន​ចង់​ដាក់​កូន​ប្រុស​គាត់​ ​ហ៊ុន ម៉ានីជំនួស​លោក​ស ខេងនៅ​ក្រសួង​មហា​ផ្ទៃ»។​

ក៏​ប៉ុន្តែ​នាយ​ឧត្តម​សេនីយ៍ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​ចន្ទ​ថា នឹង​គ្មាន​ព្រឹត្តិ​ការណ៍​បែប​នេះ​កើត​ឡើង​នោះ​ទេ។​

«អា​នេះ​ជា​ការ​ស្រមើ​ស្រមៃ​របស់​លោក​សម រង្ស៊ី​ទេ​ ​ដើម្បី​បំបែក​បំបាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា។ គណបក្ស​កាន់​តែ​រឹងមាំទៅ​ យើង​ដឹង​ហើយ​ថា ​ពេល​ណា​ដែល​យើង​កាន់​តែ​រឹង​មាំ​គឺ​ថា​ គូ​ប្រកួត​វា​កាន់​តែ​រក​លេស​គ្រប់​វិធី​បែប​យ៉ាង​ដើម្បីធ្វើ​យ៉ាង​ណាឲ្យ​យើង​បែក​បាក់​គ្នា។​ យើង​ដឹង​រឿង​ហ្នឹង»។​

លោក​ ខៀវ សុភ័គបាន​បញ្ជាក់​ទៀត​ថា​ ​គ្មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជាដូច​ការ​ចោទ​របស់​លោកសម រង្ស៊ី​នោះ​ដែរ។​

«គោល​ដៅ​គណបក្ស​ប្រជាជន ដែល​ជា​គណបក្ស​ដឹកនាំ​រាជ​រដ្ឋាភិបាល​ គឺ​ថា​ ដឹកនាំ​រដ្ឋាភិបាល​នេះគឺ​ចង់​និយាយ​ថា​ នែ៎ ​មាន​ការសាមគ្គី ​ឯកភាព​ផ្ទៃ​ក្នុង​យ៉ាង​រឹងមាំ មិនអាច​បែក​បាក់​ទៅ​ណា​បាន​ទេ។​ ​ហើយ​ពាក្យ​ថា​ ​មានការ​បែក​បាក់​ផ្ទៃ​ក្នុង​ក្នុង​ជួរ​ដឹកនាំគឺវា​មាន​តាំងពី​យូរ​មក​ហើយ​ តាំង​ពី​១៩៧៩​មក​ម្ល៉េះ​ ហើយ​អា​ពាក្យ​ហ្នឹង​ វា​ចេះ​តែ​មាន​ទៅ​ ប៉ុន្តែ​តាម​ពិត​ វា​មិន​ដែល​អី ​ហើយ​បើ​បែក​បាក់​តាម​តែ​គេ​ថា​ហ្នឹង​ ស្រុក​ខ្មែរ​យើង​មិន​បាន​ប៉ុណ្ណឹង​ទេ»។​

ភ្ជាប់​ជាមួយ​នឹង​ការ​អធិប្បាយ​របស់​លោក​លើ​ទំព័រ​ហ្វេសប៊ុក លោក​សម​ រង្ស៊ី ក៏​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ដែល​មាន​បទ​សម្ភាសន៍​របស់​លោក​ជាមួយ​វិទ្យអាស៊ី​សេរី​ ដោយ​ក្នុង​បទ​សម្ភាសន៍​នោះលោក​សម រង្ស៊ី​អះអាង​ថា ​លោក​ស​ ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ជា​អ្នក​រារាំង​លោក​មិន​ឲ្យចូល​ក្នុង​ប្រទេស ។ លោកសម រង្ស៊ីក៏​អះ​អាង​ថា ​លោក​ស ខេងបាន​ប្រាប់​លោក​ថា​ វាជា​រឿង​ពិបាក​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​លោកហ៊ុន​ សែន​ ដែល​ពេល​នេះ​ជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។​

ភ្លាមៗ​ ​ក្រោយ​ការ​និយាយ​របស់​លោក​សម​ រង្ស៊ី​យ៉ាង​ដូច្នេះ​ ​ លោក​ស ខេង​បាន​ចេញ​សេចក្តី​បដិសេធ​ដ៏​កម្រ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​បាន​ទាត់​ចោល​រាល់​ការ​និយាយ​របស់​លោកសម រង្ស៊ី។

«ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​ ដែល​និយាយ​ថា ​ ខ្ញុំ​បាន​ហាម​ឃាត់​ គាត់​មិន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​នោះ​គឺ​ជា​ពាក្យ​សម្តី​មួល​បង្កាច់​ ដើម្បី​បិទ​បាំង​ភាព​កំសាក​ រត់​គេច​ចេញ​ពី​សំណាញ់​ច្បាប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ​ក្នុង​នាម​ជា​អ្នក​ដែល​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ ខ្ញុំ​ដូច​ជា​មិន​ដល់​ថ្នាក់​ឆោត​ល្ងង់​ប្រាប់លោក​សម រង្ស៊ីមិន​ឲ្យ​វិល​ចូល​ស្រុក​នោះ​ទេ។​ ប្រការ​នេះ​ខុស​ទាំង​ស្រុង​ពីច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​អាច​ផ្តល់​ឱកាស​គ្រប់​ពេល​វេលា​ឲ្យ​លោក​សម រង្ស៊ី​មាន​លេស​វាយ​ប្រហារ​មក​លើរូប​ខ្ញុំ​វិញ ​នៅ​ពេល​ដែល​សមត្ថកិច្ច​បាន​ទទួល​ដីកា​ដើម្បី​ចាប់​ខ្លួន​លោកសម រង្ស៊ី​រួច​ហើយ»។​

នេះជា​ការ​ថ្លែង​បញ្ជាក់​របស់​លោក​ស​ ខេង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

លោកស ខេងបាន​ថ្លែង​បន្ត​ថា៖​

«ធាតុពិត​គឺ​លោក​សម រង្ស៊ី​ទេ​ ដែល​ខ្ញុំ​ពិបាក​ធ្វើការ​ជាមួយ»។​

លោកស ខេង​បាន​ពណ៌នា​បន្ថែម​អំពី​ការ​ចរចា​នយោបាយ​មួយ​កាល​ពី​ឆ្នាំ​២០១៣ ​ដែល​លោក​ថា​ បញ្ជាក់​ពី​ចរិត​នយោបាយ​ក្រឡិច​ក្រឡុច​របស់​លោក​សម រង្ស៊ី។​ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស ខេង​បាន​សរសេរ​ថា៖​

«ជាក់​ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១៣ ខ្ញុំ​ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ រី​ឯ​លោកសម រង្សី​ ​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ ​ខ្ញុំ​និង​សម រង្ស៊ី​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​អំពី​សេច​ក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង​មួយរវាងគណបក្ស​ទាំង​ពីរ។ ខ្ញុំ​បាន​សុំ​យោបល់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ពិសេស​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន។ ​ខ្ញុំ​ និង​លោក​សម រង្ស៊ីបាន​ឯក​ភាព​ទាំង​ស្រុង ​ហើយ​សង្ឃឹម​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​កញ្ញាឆ្នាំ​២០១៣​នឹង​បាន​ចុះ​ហត្ថលេខា​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នោះ​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា។​ ​ប៉ុន្តែ​ផ្ទុយពីការ​រំពឹង​ទុក ​ពេល​ចាប់ផ្តើមភ្លាម ​លោក​កឹម សុខាបាន​ជំទាស់​នឹង​សេចក្តី​ព្រាង​នោះ​ទាំង​ស្រុង​ ​ដែល​នាំ​ឲ្យ​កិច្ច​ចរចា​ត្រូវ​បរាជ័យ​ ​ហើយ​ពួកគេងាក​ទៅ​រក​ប្រមូល​កម្លាំង​ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ ​និង​ធ្វើ​បដិវត្តន៍​ពណ៌​ជា​បន្ត​ទៀត»។​

លោក​បាន​បន្ថែម​ថា៖​

«ខ្ញុំ​សូម​បញ្ជាក់​ថា ​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​រួម​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតី តេជោ​ហ៊ុន សែន​គ្រប់​កាលៈ​ទេសៈដើម្បី​ដោះស្រាយបញ្ហា​ជាតិ​ជាង​៤០​ឆ្នាំកន្លង​មក​ ហើយ​ជោគជ័យ​នៃ​ការ​បោះ​ឆ្នោត​អាណត្តិទី​៦កន្លង​ទៅ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​តាម​រយៈ​ការ​ឯកភាព​ខ្ពស់ ​និង​ភាព​កាន់​តែ​រឹងមាំនៃ​គណបក្ស​ប្រជាជន​កម្ពុជា»។​

លោកសួស យ៉ារ៉ា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ស្រដៀង​គ្នា​នឹង​លោក​ស​ ខេង​ថា​ គណ​បក្ស​ប្រជាជន​ជា​គណបក្ស​មាន​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​រឹងមាំ។​

«ជំងឺ​របស់​សម រង្ស៊ី​ជា​ជំងឺ​សម្តី​មហា​រីក​អ៊ីចឹង​ ​ដូច្នេះ​ អ្វី​ដែល​គាត់​និយាយ​ហ្នឹងគឺ​គាត់​កើត​មហារីក​ខ្លួន​ឯង​នឹង​ណា៎។ ​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រឹងមាំ នៅតែ​ខ្លាំង​ក្លា​ ហើយ​សាមគ្គី​ភាព​នៅតែ​មាន​កម្រិត​ខ្ពស់»។​

ចំណែក​លោកផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​បាន​ហៅ​ការ​អធិប្បាយ​របស់​លោក​សម​ រង្ស៊ី​ថា​ ជា​ការ​និយាយ​ឆ្កួត​លីលា។​ លោក​ថា​ គណបក្សកាន់​អំណាច​ជា​គណបក្ស​មានវិជ្ជាជីវៈ​ត្រឹមត្រូវ​ និង​គ្មាន​ជំងឺ​បែក​បាក់​ផ្ទៃ​ក្នុង​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា​ទេ។​

«យើង​ឃើញ​បក្ស​នេះជា​បក្ស​ប្រកប​ដោយ​វិជ្ជាជីវៈ​ ហើយ​និង​ថ្លៃ​ថ្នូរ​ឈរ​ទៅលើ​ការសាមគ្គី​គ្នា​ ហើយ​បក្ស​នេះ​បង្ហាញ​អំពី​កិច្ច​ពិភាក្សា​គ្នា​ អត់​មាន​សម្រេច​ចិត្ត​ដោយ​ថ្នាក់​ដឹកនាំ​ ដែល​ខុស​ពីគណបក្សសម រង្ស៊ី​ ​ក៏​ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​សម្រេច​នៅខាង​លើ​ទេ»។​

គ្រា​ដែល​លោក​សម​ រង្ស៊ី​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ការ​រង្គោះ​រង្គើ​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក​បាន​បង្កើត​រួមគ្នា​ជាមួយ​លោក​កឹម​ សុខាក៏​ត្រូវ​គេ​មើល​ឃើញ​ថា ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​បក្ស​ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​រំលាយ​ចោល​ផង​ដែរ។ ​នៅ​ក្នុង​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​នេះ​ ​មាន​ការ​បែង​ចែក​បក្ខពួក​នៃ​ក្រុម​ដែល​គាំទ្រ​លោក​សម​ រង្ស៊ី​ និង​ក្រុម​ដែល​គាំទ្រ​លោកកឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដាក់​ឲ្យ​ស្ថិតក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ។​

លោក​ កឹម សុខា​ ​ដែល​ជា​អតីត​មេដឹក​នាំ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​កាលពី​ពេល​ថ្មីៗ​នេះ​ ​បាន​អំពាវ​នាវ​ឲ្យ​មេ​ដឹកនាំ​គ្រប់​និន្នាការ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​បែប​អគុណធម៌​ ​និង​ជូនពរ​ឲ្យ​កម្ពុជា​លែង​មាន​ការ​គាប​សង្កត់​ជិះជាន់​ ​និង​គំរាម​កំហែង។

លោក កឹម សុខា អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម​ក៏​បានជូនពរ​ជាពិសេស​ដល់​ព្រះរាជា​ណាចក្រ​កម្ពុជា​ ​និង​ប្រជា​ពលរ​ដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​សុខ​សន្តិភាព​ ​និង​វឌ្ឍនភាព​ ​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ ​ដោយ​ចាប់ផ្តើម​ពី​ការ​ផ្សះផ្សា​ជាតិ​ពិត​ប្រាកដ​ ​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ៕