គណបក្សប្រជាជនកម្ពុជា បានច្រានចោលសេចក្តីថ្លែងការណ៍ចុងក្រោយមួយរបស់គណបក្សភ្លើងទៀនក្រោមហេតុផលថា សេចក្តីថ្លែងការណ៍នោះមិនអាចចាត់ទុកថាជាលិខិតសុំទោស ចំពោះការចោទប្រកាន់លើគណបក្សកាន់អំណាច ដែលថា បានគាបសង្កត់ និងដាក់សម្ពាធលើការប្រកួតប្រជែងផ្នែកនយោបាយនោះឡើយ។ នេះបើតាមអ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជា។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជាពិនិត្យមើលសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សកាន់អំណាចគាបសង្កត់គូប្រជែងខ្លួននោះ។ លោក ហ៊ុន សែន អំពាវនាវឲ្យគណបក្សជំទាស់មួយនេះធ្វើការសុំទោស បើមិនចង់ប្រឈមនឹងចំណាត់ការច្បាប់។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការចង់បានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺការសុំទោសជាសាធារណៈពីសំណាក់ប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ចំពោះការចោទថា គណបក្សប្រជាជនកម្ពុជាបានគាបសង្កត់ និងគំរាមកំហែងលើគណបក្សជំទាស់។
លោកថ្លែងថា៖ «សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ភ្លើងទៀនមិនបានពាក់ព័ន្ធដល់ការសុំទោសជាសាធារណៈ និងកំហុសរបស់ខ្លួនដែលបំពារបំពានមកលើគណបក្សប្រជាជនកម្ពុជាពីដំបូងនោះទេ»។
នៅឯពិធីពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យថ្មីមួយ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានសង្កត់ធ្ងន់ថា លោកមិនអត់ឱនចំពោះអ្នកណាដែលនិយាយប៉ះពាល់ និងជេរប្រមាថគណបក្សកាន់អំណាចទៀតនោះទេ។ ការប្រតិកម្មខ្លាំងៗរបស់លោក ហ៊ុន សែន កើតមានឡើង ក្រោយពីគណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងការចាប់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដាក់ពន្ធនាគារ។
ក្រោយពីមានការព្រមានរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ គណបក្សភ្លើងទៀនបានប្រញាប់ប្រញាល់ដកសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៨ មករា ហើយ២ថ្ងៃក្រោយមកគឺថ្ងៃទី២០ ខែមករា គណបក្សជំទាស់នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្លែង«អបអរសាទរ» ចំពោះសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៩ ខែមករា របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជាក់ពី«ភាពស្អាតស្អំ ត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរ» របស់គណបក្សប្រជាជនកម្ពុជា។ គណបក្សភ្លើងទៀន ក៏គាំទ្រជំហររបស់គណបក្សកាន់អំណាចក្នុងការពង្រឹងបរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត សំដៅធានាឱ្យការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទោះជាយ៉ាងណាក៏ដោយ លោក សុខ ឥសានដែលជាសមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សកាន់អំណចផងនោះអះអាងថា គណបក្សភ្លើងទៀនជាអ្នកបង្កាត់ភ្លើង ដូច្នេះគណបក្សមួយនេះត្រូវតែធ្វើតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើមិនចង់មានរឿងនៅតុលាការ។
លោកបន្ថែមថា៖ «អ៊ីចឹងវាអត់មានបញ្ហាអ្វីពាក់ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា ដែលត្រូវគេចោទថាបង្កើតបញ្ហា ឬឱ្យគណបក្សប្រជាជនធ្វើឱ្យបរិយាកាសនយោបាយឆ្ពោះទៅរកការបោះឆ្នោតហ្នឹងល្អ ឬមិនល្អយ៉ាងណានោះ អាហ្នឹងមិនត្រឹមត្រូវទេ ពីព្រោះដើមភ្លើង មិនមែនគណបក្សប្រជាជនជាអ្នកបង្កើតភ្លើងនោះទេ»។
បើតាមលោក សុខ ឥសាន ទោះបីជាគណបក្សភ្លើងទៀនមានបំណងដាក់លិខិតសុំជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏វិធីសាស្ត្រនេះមិនអាចបញ្ចប់បញ្ហាដែលកំពុងកើតមាននេះទេ។
នៅពេលសួរ ថាតើគណបក្សប្រជាជនកម្ពុជាបានប្តឹងគណបក្សភ្លើងទៀនទៅកាន់តុលាការហើយឬនៅ លោក សុខ ឥសាន ថា ក្រុមមេធាវីគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក គី តិច នឹងធ្វើតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយពិនិត្យខ្លឹមសារសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀនដែលបានចេញផ្សាយជាសាធារណៈតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីសប្តាហ៍មុន។
បើតាមសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៨ ខែមករា គណបក្សជំទាស់លើកឡើងថា៖ «គណបក្សភ្លើងទៀន ប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងកាធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកមេធាវី គី តិច បាននៅឡើយទេតាមប្រព័ន្ធទូរសព្ទនៅថ្ងៃចន្ទនេះ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកមិនទាន់ដឹងថាគណៈកម្មាធិការនាយកប្រតិបត្តិគណបក្សភ្លើងទៀនសម្រេចសុំទោសគណបក្សប្រជាជនកម្ពុជាជាសាធារណៈ ឬយ៉ាងណានោះទេ បើទោះជានៅព្រឹកថ្ងៃចន្ទនេះ គណបក្សជំទាស់នេះ បានប្រជុំថ្នាក់ដឹកនាំក្រុមការងារ និងគណៈកម្មាធិការប្រតិបត្តិគណបក្សទាំង២៥ រាជធានីខេត្តរបស់ខ្លួន ស្ដីពី«ស្ថានភាពនយោបាយបច្ចុប្បន្ន»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បាន នៅឡើយទេនៅថ្ងៃចន្ទនេះ។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស ធ្លាប់ប្រាប់វីអូអេថា ការប្តឹងផ្តល់លើមតិនយោបាយ ឬឈ្នះចាញ់ដោយប្រើតុលាការ ឬក៏ការទម្លាក់កំហុស ឬបំបាក់ដៃគូប្រកួតប្រជែងគ្នា រឹតតែបង្កើនស្ថានភាពតានតឹងនៅមុនការបោះឆ្នោត ដែលការណ៍នេះ នឹងធ្វើឱ្យអ្នកឈ្នះមិនសប្បាយចិត្ត ចំណែកអ្នកចាញ់មិនអស់ចិត្ត នៅក្រោយការបោះឆ្នោត។ ដូច្នេះលោកថា ការជជែកគ្នារកផ្លូវដោះស្រាយវិវាទនយោបាយ ឬក៏ការបង្កើតឱ្យមានយន្តការរិះគន់គ្នាតែលើគោលនយោបាយនោះជារឿងល្អសម្រាប់ដៃគូប្រកួតប្រជែងដណ្តើមយកអំណាចតាមការបោះឆ្នោត៕