ក្រុមការងារចម្រុះមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលមានសមាសភាពម្ខាងៗចំនួន៤រូប នៅថ្ងៃច័ន្ទនេះបានសន្យាថា នឹងបញ្ចប់រាល់ការពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការកែទម្រង់កិច្ចការបោះឆ្នោតនៅសប្តាហ៍ក្រោយនេះ ដែលគេរំពឹងថា ច្បាប់ថ្មីនេះនឹងបង្កើតស្ថាប័នគ.ជ.ប.មួយដោយឯករាជ្យ និងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់។
លោកប៊ិន ឈិន ប្រធានក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំនៅមន្ទីររដ្ឋសភាថា គណបក្សទាំងពីរបានឯកភាពគ្នាដល់មាត្រាទី៥០ហើយនៃសេចក្តីព្រាងច្បាប់ស្តីពីការកែទម្រង់កិច្ចការបោះឆ្នោត ហើយប្រសិនបើនៅមានចំណុចដែលនៅសេសសល់មិនអាចឯកភាពគ្នាបាន ក្រុមការងារទាំងពីរនឹងទុកឲ្យថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរជាអ្នកសម្រេច។
លោកបានអះអាងថា ក្រុមការងារទាំងពីរនឹងបញ្ចប់ការពិភាក្សាគ្នាទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី១៧សប្តាហ៍ក្រោយ។
លោកនិយាយថា៖ «ឥឡូវនេះយើងនៅបន្តទៅដល់អគ្គលេខាធិការដ្ឋាន អគ្គលេខាធិការស្អីហ្នឹង យើងនិយាយឡើងវិញពីលក្ខណៈសម្បត្តិរបស់អគ្គលេខាធិការ អគ្គលេខាធិការរង ទៅទៀត ទៅមួយលើកទៀត ប្រហែលជាថ្ងៃ១៧ដល់ហ្នឹងហើយ»។
កិច្ចព្រមព្រៀងក្នុងជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ខែកក្កដាបានសន្យាថា នឹងរៀបចំសមាសភាពគ.ជ.ប.ថ្មីមួយដែលមានសមាសភាពចំនួន៩រូប ៤រូបមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា និងមួយរូបទៀតជាមន្ត្រីអព្យាក្រិត្យ។
សមាសភាពគ.ជ.ប. ដែលគណបក្សទាំងពីរបានពិភាក្សាគ្នាកន្លងមក បានតម្រូវឲ្យមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ។ ក៏ប៉ុន្តែនៅមានចំណុចមិនត្រូវរ៉ូវគ្នាត្រង់សមាសភាពគ.ជ.ប.ថ្មី អាចមានសញ្ជាតិពីរ ឬក៏យ៉ាងណា។
បើតាមការបញ្ជាក់ពីលោកប៊ិន ឈិនឲ្យដឹងថា គណបក្សទាំងពីរមានការសម្របសម្រួលគ្នាច្រើន តែលោកមិនបានបង្ហាញខ្លឹមសារលម្អិតអំពីការសម្របសម្រួលយ៉ាងណានោះទេ។
លោកនិយាយថា៖ «បាទ ឥឡូវនេះសម្របសម្រួលគ្នាបានមិនចេះតិចទេ! ប្រហែលជារឿងខ្លះអត់ធំទេ រឿងតូចទេ។ ប៉ុន្តែរឿងអំបាញ់មិញ រឿងអនុម័តហ្នឹងរឿងធំជាងគេ រឿងហ្នឹង»។
លោកគួយ ប៊ុនរឿន ប្រធានក្រុមការងារមកពីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សទាំងពីរបានឯកភាពគ្នាច្រើនត្រង់មាត្រទី៥០។ ក៏ប៉ុន្តែនៅមានចំណុចខ្លះដែលមិនទាន់មានការឯកភាពគ្នាគឺត្រង់លក្ខណៈសម្បត្តិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរង និងរបៀបរបបនៃការធ្វើការងារ និងការធ្វើសេចក្តីសម្រេចរបស់គ.ជ.ប. ថាតើយើងត្រូវយករូបមន្តដោយរបៀបណាដើម្បីធានាកុំឲ្យមានការរាំងស្ទះដល់ដំណើរការបោះឆ្នោត ហើយយើងត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយ។
លោកនិយាយថា៖ «យើងនឹងពិនិត្យឡើងវិញ ថាតើយើងមានចំណុចណាខ្លះដែលសមស្រប បើថាយើងអាចដោះស្រាយគ្នាបាននៅក្នុងក្របខណ្ឌគណៈកម្មការ។ ប៉ុន្តែបើសិនក្នុងករណីយើងមិនអាចធ្វើសេចក្តីសម្រេចបានទេ យើងនឹងបញ្ជួនទៅលើ។ អញ្ចឹងបានថា កិច្ចការទាំងអស់ យើងនឹងបញ្ចប់នៅសប្តាហ៍ក្រោយ»។
លោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ចំណុចដែលមិនត្រូវរ៉ូវគ្នា ហើយរង់ចាំសេចក្តីសម្រេចពីថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរគឺនៅត្រង់ថា គណបក្សប្រជាជនកម្ពុជាចង់កាន់កាប់មុខតំណែងជាប្រធានគ.ជ.ប.និងជាអគ្គលេខាធិការ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិបានជំទាស់ដោយបានលើកហេតុផលថា ការតែងតាំងប្រធាន និងអគ្គលេខាធិការត្រូវជ្រើសចេញពីសមាសភាពគ.ជ.ប.ទាំង៩រូប ដោយបោះឆ្នោតសំឡេង២ភាគ៣៕