គណបក្សប្រជាជនកម្ពុជាកាលពីសប្តាហ៍មុនបានតែងតាំងរដ្ឋមន្ត្រីដែលមានតួនាទីរដ្ឋកំពូល២រូបទៀតធ្វើជាអនុប្រធានគណបក្សធ្វើឲ្យគណបក្សគ្រប់គ្រងប្រទេសនេះមានអនុប្រធានគណបក្សចំនួន៤នាក់។
រដ្ឋមន្ត្រីទាំង២រូបនោះគឺលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន។ ឥស្សរជនសំខាន់២រូបដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រីផងនោះត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធានគណបក្សតាមការបោះឆ្នោតកាលពីថ្ងៃសុក្រទី២៤ខែធ្នូក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា។នេះបើយោងតាមគេហទំព័រផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា។
ការណ៍នេះធ្វើឲ្យសង្គមស៊ីវិលមានក្តីមន្ទិលអំពីអព្យាក្រឹតភាពរបស់កងទ័ពនិងជំហរនយោបាយរបស់រដ្ឋមន្ត្រីដែលមានតួនាទីខ្ពស់ទាំងក្នុងគណបក្សផងនិងនៅក្នុងរដ្ឋាភិបាលផងនោះ។
អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោកកន សាវាង្សយល់ឃើញថារដ្ឋមន្ត្រីមិនគួរមានតួនាទីសំខាន់ក្នុងគណបក្សទេហើយគួរតែលាលែងតំណែងគណបក្សដើម្បីធានាថា រាល់ការសម្រេចចិត្តក្នុងរដ្ឋាភិបាលមិនមានភាពលម្អៀងខាងនយោបាយ។
លោកប្រាប់វីអូអេបន្តថា រដ្ឋាភិបាលគួរតែបង្កើតច្បាប់ឲ្យច្បាស់លាស់ក្នុងការកំណត់តួនាទីគណបក្សជាមួយតួនាទីរដ្ឋឲ្យត្រឹមត្រូវដើម្បីរក្សាបានអព្យាក្រឹតភាពក្នុងពេលធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងកិច្ចការរដ្ឋ។
លោកថ្លែងថា៖«យើងសព្វថ្ងៃមានការបែងចែងរវាងបក្សនិងរដ្ឋមិនទាន់ដាច់ មានន័យថាមន្ត្រីធំៗមួយចំនួនដែលជារដ្ឋមន្ត្រីហ្នឹងមានតួនាទីធំក្នុងបក្សហើយមានតួនាទីធំក្នុងរដ្ឋទៀតដែលកាន់ការងារបច្ចុប្បន្នរបស់រដ្ឋទៀតដែលមិនបានលាលែងតំណែងឬក៏យើងមើលឃើញពីអព្យាក្រឹតភាពរបស់មន្ត្រីអស់ហ្នឹងវាហាក់ដូចជាមិនទាន់រក្សាបាននូវអព្យាក្រឹតហ្នឹងបានទេ»។
លោកបន្ថែមថា៖«ជាសំណូមពរនិងជាការគិតរបស់ខ្ញុំទេ ដើម្បីឲ្យមន្រ្តីហ្នឹងមានតួនាទីមួយដែលរក្សាភាពអព្យាក្រឹតបាន គាត់គួរតែលាលែងអំពីបក្សឬក៏លាលែងអំពីតួនាទីសំខាន់របស់បក្ស។...កាលណាបើគាត់អាចធ្វើអ៊ីចឹងបានហើយច្បាប់មានការចែងច្បាស់លាស់ពីហ្នឹងបានវាអាចកាត់បន្ថយពីភាពលម្អៀងដែរ»។
អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះបានកត់សម្គាល់ថាការដាក់អនុប្រធានគណបក្សថ្មី២នាក់បន្ថែមទៀតក្នុងចំណោមអនុប្រធានគណបក្សប្រជាជនកម្ពុជាសរុប៤នាក់នោះអាចជាផ្នែកមួយនៃការធ្វើឲ្យមានតុល្យភាពអំណាចក្នុងគណបក្សដែលនេះជាសិទ្ធិសេរីភាពរបស់គណបក្សក្នុងការរៀបចំរចនាសម្ព័ន្ធ។ ប៉ុន្តែលោកមើលឃើញថា ការណ៍នេះមិនមែនជារូបមន្តសម្រាប់ដាក់អ្នកជំនាន់ក្រោយឲ្យបន្តវេននោះទេ។
លោកថ្លែងថា៖«វាអាចជាអំណាចដើម្បីធ្វើឲ្យមានbalance[តុល្យភាព]គ្នាដែលជាអាចcheck[ត្រួតពិនិត្យ]គ្នានៅក្នុងបក្សហ្នឹងក៏ថាបានដែរបាទ»។
ការបន្ថែមរដ្ឋមន្ត្រីកំពូលៗ២រូបក្នុងក្បាលម៉ាស៊ីនដឹកនាំគណបក្សបានធ្វើឲ្យគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានអនុប្រធានគណបក្សចំនួន៤រូបដែលជារដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំរដ្ឋធំៗរួមមានលោកសាយ ឈុំប្រធានព្រឹទ្ធសភាលោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាឧបនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា អំឡុងពេលសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការកណ្តាលរបស់គណបក្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រនោះលោកហ៊ុន ម៉ាណែតកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក៏ត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
ព័ត៌មានទាក់ទង៖ ថ្នាក់ដឹកនាំបក្សកាន់អំណាចជ្រើសរើសកូនប្រុសច្បងលោក ហ៊ុន សែន ជាបេក្ខជនដឹកនាំប្រទេស«សម្រាប់ពេលអនាគត»ទោះបីជាមានការរិះគន់ពាក់ព័ន្ធនឹងការដាក់បន្ថែមមេដឹកនាំគណបក្សក៏ដោយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសានបានមានប្រសាសន៍ថា ការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតនិងអនុប្រធានគណបក្សថ្មីៗនេះជាសំណូមពរចាំបាច់នៃភារកិច្ចនយោបាយនិងជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់គណបក្សប្រជាជនកម្ពុជា។
លោកថ្លែងការពារថា ការបញ្ចូលរដ្ឋមន្ត្រីធំៗទៅក្នុងតួនាទីសំខាន់ក្នុងគណបក្សនោះនឹងមិនប៉ះពាល់ដល់អព្យាក្រឹតភាពនិងតុល្យភាពការងារក្នុងការដឹកនាំកិច្ចការប្រទេសជាតិទេ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះយ៉ាងដូច្នេះ៖
«ការងាររបស់មន្រ្តីក្នុងជួររាជរដ្ឋាភិបាលទៅក្នុងការងារគណបក្សគឺមានចែងនៅក្នុងច្បាប់។ អ៊ីចឹងទេបានជាយើងទាមទារត្រូវមានអនុប្រធានច្រើននាក់ដើម្បីផ្លាស់ប្តូរគ្នាដើម្បីធ្វើម៉េចកុំឲ្យប៉ះពាល់ម៉ោងការងារស្នូលរបស់រដ្ឋ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងការពារជាតិលោកទៀបាញ់និងអ្នកស្រីម៉ែន សំអនបានទេនៅថ្ងៃចន្ទនេះ។
យ៉ាងណាក៏ដោយលោកទៀ បាញ់បានថ្លែងលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២៤ខែធ្នូថា៖«ក្នុងនាមជាអនុប្រធានគណបក្ស ខ្ញុំសូមប្តេជ្ញាចិត្តធ្វើពលិកម្មគ្រប់បែបយ៉ាងបន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងគណបក្សឲ្យបានរឹងមាំឋិតថេរចីរកាលដើម្បីឆ្ពោះទៅទទួលបានជោគជ័យដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២ការបោះឆ្នោតជាតិនីតិកាលទី៧ឆ្នាំ២០២៣និងការបោះឆ្នោតអាណត្តិជាបន្តបន្ទាប់»។
អ្នកវិភាគនយោបាយលោកសេង សារីថ្លែងថាការបន្ថែមអនុប្រធាន២នាក់ក្នុងគណបក្សកាន់អំណាចនេះគឺដើម្បីធ្វើឲ្យមានតុល្យភាពអំណាចនៅក្នុងគណបក្ស ខណៈលោកទៀ បាញ់មានកម្លាំងទ័ពក្នុងដៃនិងមានទំនាក់ទំនងល្អជាមួយប្រទេសថៃនិងអ្នកស្រីម៉ែន សំអនមានទំនាក់ទំនងល្អជាមួយប្រទេសវៀតណាម។
លោកប្រាប់វីអូអេថា៖«អ៊ីចឹងហើយការដាក់លោកទៀ បាញ់និងលោកជំទាវម៉ែន សំអនចូលទៅក្នុងនេះ ជាការធ្វើតុល្យភាពនៃអំណាចនៅក្នុងគណបក្ស។ជាពិសេសការធ្វើតុល្យភាពនៃអំណាចលោកស ខេងដែលគាត់កាន់កងកម្លាំងប្រដាប់អាវុធដែរ ប៉ុន្តែគាត់កាន់ប៉ូលិស ។អ៊ីចឹងអានេះរូបភាពទី១។រូបភាពទី២គឺជាការស្អំចិត្តនៅក្នុងគណបក្សធ្វើម៉េចរុញឲ្យមានថ្នាក់ដឹកនាំកំពូលថែមទៀតដើម្បីជាឆ្អឹងខ្នងនៃអ្នកជំនាន់ក្រោយនោះក្នុងគណបក្សប្រជាជនក្នុងការបន្តវេន។ហើយខ្ញុំគិតថាការបន្តវេននេះនឹងអាចចាប់ផ្តើមពីអាណត្តិឆ្នាំ២០២៣នេះទៅបាទ»។
លោកបន្ថែមថា៖«ក៏ប៉ុន្តែចំណុចពិសេសមួយដែលខ្ញុំមើលឃើញថាគណបក្សប្រជាជនអាចចេះធ្វើការជាមួយគ្នាហើយអាចចេះដោះស្រាយបញ្ហាហើយអាចយកបញ្ហាមកអង្គុយជជែកគ្នាបាន។ បើធៀបជាមួយគណបក្សប្រឆាំងយើងថាសញ្ញានៃការប្រេះស្រាំកើតមានក៏ប៉ុន្តែមិនទាន់ឃើញមានសញ្ញានៃការយកបញ្ហាមកដាក់លើតុ ហើយអង្គុយជជែកគ្នានៅឡើយទេ»។
បើតាមគេហទំព័រផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា គណបក្សកាន់អំណាចនេះមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន៨២៧នាក់ក្នុងនោះសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មានចំនួន៣៧នាក់។ ក្នុងនោះដែរសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាគឺភាគច្រើនជារដ្ឋមន្ត្រីនិងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនិងក្នុងជួរកងទ័ពផងដែរ។
មាត្រា១៥ជំពូកទី៣ស្តីពីសមាជិកភាពចែងថា បព្វជិត មន្ត្រីតុលាការកងយោធពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិអាចចូលរួមជាសមាជិកគណបក្សនយោបាយនានាបានតែមិនត្រូវធ្វើសកម្មភាពគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។ គណបក្សនយោបាយមិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងក្នុងស្ថាប័នសាសនា តុលាការកងយោធពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិទេ៕