សវនាការកាត់ទោសលោកស្រី Dilma Rousseff ប្រធានាធិបតីប្រទេសប្រេសុីល ដែលត្រូវផ្អាកមុនតំណែង បានចូលដល់ថ្ងៃទី៣កាលពីថ្ងៃសៅរ៍ ដោយសមាជិកព្រឹទ្ធសភាបានសាកសួរសាក្សីពីរនាក់របស់ភាគីចុងចោទ។ លោកស្រី Dilma Rousseff អាយុ៦៨ឆ្នាំ ត្រូវកាន់ទោសពីបទរំលោភច្បាប់សារពើពន្ធក្នុងការគ្រប់គ្រងថវិកាសហព័ន្ធប្រទេសប្រេសុីល។
លោក Nelson Henrique Barbosa អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងលោក Ricardo Lodi សាស្ត្រាចារ្យច្បាប់នៃសាលវិទ្យាល័យ Rio de Janeiro State University ត្រូវបានកោះហៅឲ្យមកធ្វើសក្ខីកម្ម ហើយពួកគេបាននិយាយថា លោកស្រីប្រធានាធិបតី Dilma Rousseff មិនបានរំលោភច្បាប់ទេ។
លោក Nelson Henrique Barbosa និយាយថា លោកស្រីមិនបានធ្វើអ្វីខុសច្បាប់ទេ។ គេមិនអាចធ្វើប្រតិសកម្មអំពីការបកស្រាយច្បាប់ថ្មីនោះទេ។ នៅថ្ងៃច័ន្ទ ស្អែកនេះ លោកស្រី Dilma Rousseff នឹងត្រូវថ្លៃងប្រាប់សមាជិកព្រឹទ្ធសភា។ គេរំពឹងថា លោកស្រីនឹងថ្លែងយ៉ាងតិចកន្លះម៉ោងទៅកាន់សមាជិកព្រឹទ្ធសភា។ បន្ទាប់មកមន្ត្រីមានសមត្ថកិច្ចនឹងចាប់ផ្តើមសាកសួរលោកស្រី។
ក្រោយមក ព្រឹទ្ធសភានឹងបោះឆ្នោតសម្រេចថា តើលោកស្រីនឹងត្រូវព្យួរតំណែងជាអចិន្ត្រៃយ៍ឬយ៉ាងណា។ ព្រឹទ្ធសភាត្រូវមានសំឡេងសមាជិកព្រឹទ្ធសភាយ៉ាងតិច៥៤នាក់ក្នុងចំណោម៨១នាក់ដើម្បីសម្រេចអនុញ្ញាតឲ្យមានការចោទប្រកាន់លោកស្រីជាអចិន្ត្រៃយ៍។ ប្រធានាធិបតីបណ្តោះអាសន្នអាចបន្តតំណែងរហូតដល់ចប់អាណត្តិរបស់លោក Dilma Rousseffនៅឆ្នាំ២០១៨។