ជនជាតិប្រេស៊ីលរាប់ពាន់នាក់បានដើរតវ៉ាតាមផ្លូវនៅតាមទីក្រុងនានាទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដោយទាមទារឲ្យដកលោកស្រីប្រធានាធិបតី Dilma Rousseff ចេញពីតំណែងដោយសារអំពើពុករលួយ។
កំហឹងភាគច្រើនរបស់សាធារណជនចំពោះលោកស្រី Rousseff កើតចេញពីភាពជាប់ទាក់ទិននឹងលុយសូកប៉ាន់ពីក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋឈ្មោះ Petrobras ដែលរដ្ឋអាជ្ញានិយាយថា ជាអំពើពុករលួយធំបំផុតដែលគេរកឃើញនៅប្រទេសប្រេស៊ីល។
យ៉ាងតិចលុយចំនួន៨០០លានដុល្លារអាមេរិកត្រូវក្រុមហ៊ុនសំណង់ធំៗបំផុត និងសហគ្រាសផ្សេងៗចំណាយជាប្រាក់សំណូកឬជាមូលនិធិផ្សេងៗទៀត ជាថ្នូរនឹងការសម្រួលកិច្ចសន្យារបស់ក្រុមហ៊ុន Petrobras ។ មន្ត្រីនយោបាយរាប់សិបនាក់ រួមមានអ្នកជិតស្និទ្ធនឹងលោកស្រីប្រធានាធិបតីនិងអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Petrobras កំពុងត្រូវបានស៊ើបអង្កេត។
មិនទាន់មានអ្នកណាម្នាក់ត្រូវកាត់ទោសនៅឡើយទេ តែមានអ្នកជំនួយការ២២នាក់ សមាជិកព្រឹទ្ធសភា១៣នាក់ និងអភិបាល២នាក់ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទស៊ីសំណូក៕