ប្រធានាធិបតី​អ៊ីរ៉ង់​ថា អ៊ីរ៉ង់​នឹង​មិន​ចរចា​ទ្វេភាគី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ទេ

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​របស់​លោក​នឹង​មិន​ធ្វើ​ការ​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ដោយ​ថ្លែង​ទៅ​កាន់​រដ្ឋសភា លោក Rouhani បាន​និយាយ​ថា វិធី​តែ​មួយ​គត់​ដែល​ការ​ចរចា​អាច​ធ្វើ​ទៅ​បាន​គឺ​ក្នុង​លក្ខខណ្ឌ​ដែល​សហរដ្ឋ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំង​អស់​របស់​ខ្លួន​ដែល​ដាក់​លើ​អ៊ីរ៉ង់​ចេញ​តែ​ប៉ុណ្ណោះ ហើយ​ការ​ចរចា​នោះ​ត្រូវតែ​មាន​ការ​ចូលរួម​ពី​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ឆ្នាំ ២០១៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ​មុន បន្ទាប់ពី​បាន​រិះគន់​ខ្លាំងៗ​លើ​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ​រវាង​ប្រទេស​អ៊ីរ៉ង់ និង​ចក្រភព​អង់គ្លេស ប្រទេស​ចិន បារាំង រុស្ស៊ី អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប។

កាល​ពី​សប្ដាហ៍​មុន លោក Trump បាន​បង្ហាញ​អារម្មណ៍​បើក​ចំហ​សម្រាប់​ការ​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Rouhani ដោយ​លោក​បាន​និយាយ​ថា «មាន​ឱកាស​ល្អ​បំផុត‍» ដែល​អ៊ីរ៉ង់​អាច​ចូល​តុ​ចរចា​បាន។

លោក Trump ចង់​បាន​កិច្ច​ព្រមព្រៀង​ថ្មី​ណា​មួយ​ដែល​លើស​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ទៅ​ទៀត ដោយ​មាន​បញ្ចូល​មិន​ត្រឹមតែ​ការ​ដាក់​កំហិត​លើ​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ទៅ​ទៀត។

លោក Rouhani បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អ៊ីរ៉ង់​ចង់​ឲ្យ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ប្ដេជ្ញា​ទិញ​ប្រេង​របស់​ខ្លួន ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ឬ​ក៏​បើ​មិន​ដូច្នេះ​ទេ អ៊ីរ៉ង់​មាន​គម្រោង​ដក​ខ្លួន​ថយ​បន្ថែម​ទៀត​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ៕