ការចាកចេញពីតំណែងរបស់អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Rod Rosenstein ក្នុងពេលឆាប់ៗខាងមុខនេះ កំពុងតែបង្កឲ្យមានការចោទជាសំណួរអំពីអនាគតនៃការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ លោក Rosenstein ត្រូវបានគេមើលឃើញថា គឺជាអ្នកការពារការស៊ើបអង្កេតនេះ ដែលត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយរិះគន់។ អ្នកដែលលោក ត្រាំ តែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី គឺលោក William Barr ក៏បាននិយាយរិះគន់ការស៊ើបអង្កេតនេះដែរ ប៉ុន្តែលោកថា លោកយល់ថាលោក Mueller គឺជាមនុស្សដ៏ល្អម្នាក់។
លោក ត្រាំ បានរិះគន់ខ្លាំងៗទៅលើការស៊ើបអង្កេត ដែលកន្លងមកនេះ បានចាប់ជំនួយការជិតស្និទ្ធរបស់លោកពីរបីនាក់ដាក់ពន្ធនាគាររួចទៅហើយ។ អ្នកនាំពាក្យរបស់លោក ត្រាំ បាននិយាយអះអាងជាថ្មីទៀតចំពោះជំហររបស់លោកកាលពីថ្ងៃពុធ សប្តាហ៍មុន។
អ្នកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបានថ្លែងថា៖
«ការស៊ើបអង្កេតលើរុស្ស៊ីបានធ្វើឡើងអស់រយៈពេលពីរឆ្នាំមកហើយ ហើយយើងមិនបានជ្រៀតជ្រែកដំណើរការស៊ើបអង្កេតនេះទេ។ ឥឡូវនេះ ការស៊ើបអង្កេតនេះគួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ។ យើងបានឃើញរឿងដដែលៗ ដូចដែលយើងបានឃើញនៅពេលដែលការស៊ើបអង្កេតនេះបានចាប់ផ្តើមកាលពីពីរឆ្នាំមុន គឺគ្មានអ្វីទាល់តែសោះ ហើយលោកប្រធានាធិបតីមិនបានធ្វើអ្វីខុសនោះទេ»។
កាលពីឆ្នាំមុន លោកប្រធានាធិបតី ត្រាំ បានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Jeff Sessions ចេញពីតំណែង និងបានតែងតាំងលោក Matthew Whitaker ដែលជាអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យឡើងកាន់តំណែងជំនួសជាបណ្តោះអាសន្ន។ លោក Whitaker គឺជាអ្នករិះគន់ដោយបើកចំហទៅលើការស៊ើបអង្កេតលើករណីជ្រៀតជ្រែករបស់រុស្ស៊ី។ អ្នកដែលលោក ត្រាំ បានតែងតាំងសម្រាប់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានសរសេរកំណត់ហេតុមួយច្បាប់ទៅកាន់ក្រសួងយុត្តិធម៌ ដោយអះអាងថា ទ្រឹស្តីរបស់លោក Mueller ដែលថាមានការរារាំងដល់ដំណើរការយុត្តិធម៌គឺជារឿងដែលយល់ខុសទាំងស្រុង ហើយអាចមានការបកស្រាយដែលផ្តល់ផលអវិជ្ជមានខ្ពស់។
លោក Chuck Schumer ដែលជាមេដឹកនាំសំឡេងភាគតិចនៃគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាបានអំពាវនាវឲ្យលោក ត្រាំ ដកបេក្ខភាពរបស់លោក Barr ចេញ។ សមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងសភាបានសម្តែងការសោកស្តាយកាលពីថ្ងៃ ពុធ សប្តាហ៍មុន អំពីជោគវាសនានៃការស៊ើបអង្កេតរបស់លោក Mueller បន្ទាប់ពីលោក Rosenstein ចេញពីតំណែង។
លោក Adam Schiff សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ California បានមានប្រសាសន៍ថា៖
«មានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសនៅពេលដែលយើងមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្តីទីម្នាក់ដែលមិនពេញចិត្តនឹងការស៊ើបអង្កេតរបស់លោក Mueller ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីដែលនឹងចូលមកកាន់តំណែងបន្ទាប់បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនជឿថា លោកប្រធានាធិបតីអាចរារាំងដល់ដំណើរការយុត្តិធម៌បានទេ ទោះបីជាលោកប្រធានាធិបតីបានបណ្តេញនាយកទីភ្នាក់ងារប៉ូលិស FBI ម្នាក់ចេញពីតំណែងរួចទៅហើយ ដើម្បីដកបញ្ហារុស្ស៊ីជ្រៀតជ្រែកក្នុងការបោះឆ្នោតចេញក៏ដោយ។ ដូច្នេះការផ្លាស់ប្ដូរទាំងអស់នេះ គួរតែជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកដែលយកចិត្តទុកដាក់ចំពោះនីតិរដ្ឋ»។
លោក Lindsey Graham សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ ដែលនឹងក្លាយជាប្រធានគណៈកម្មាធិការអង្គចៅក្រមព្រឹទ្ធសភា បានមានប្រសាសន៍ថា លោកបានពិភាក្សាអំពីការព្រួយបារម្ភទាំងនោះជាមួយនឹងលោក Barr រួចហើយ។
លោក Lindsey Graham បានថ្លែងថា៖
«ផ្អែកលើអ្វីដែលខ្ញុំបានឮ ខ្ញុំអាចធានាដល់អ្នកទាំងអស់គ្នាថា លោក Barr មានការយល់ឃើញល្អចំពោះលោក Mueller។ លោកជឿថា លោក Mueller កំពុងតែបំពេញការងារប្រកបដោយវិជ្ជាជីវៈ ហើយលោក Mueller នឹងនៅតែធ្វើការងារប្រកបដោយវិជ្ជាជីវៈបែបនេះ មិនលំអៀងចំពោះប្រធានាធិបតីអាមេរិក ហើយគ្មានហេតុផលណាមួយដែលធ្វើឲ្យលោក Mueller ឈប់បំពេញការងារវិជ្ជាជីវៈរបស់លោកនោះទេ។ លោក Barr នឹងប្តេជ្ញាអនុញ្ញាតឲ្យលោក Mueller បំពេញការងាររបស់ខ្លួនឲ្យដល់ទីបញ្ចប់»។
ដោយសារតែសមាជិកគណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា លោក Barr នឹងទំនងជាបានទទួលការអនុម័តឲ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកនឹងពិនិត្យមើលទៅលើការស៊ើបអង្កេត ដែលកំពុងតែព្យាយាមកំណត់ថា តើយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានឃុបឃិតជាមួយនឹងរដ្ឋាភិបាលក្រុង មូស្គូ ដើម្បីជួយឲ្យលោកឈ្នះការបោះឆ្នោតដែរឬយ៉ាងណា៕
ប្រែសម្រួលដោយ ហុង ចិន្តា