ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សារបស់គណបក្សកម្លាំងជាតិ ចូលបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់រូបលោកពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន ចូលខ្លួននៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៩ ព្រឹក។ នេះបើយោងតាមដីកាចុះថ្ងៃទី ៤ ខែកញ្ញា ចេញដោយចៅក្រមស៊ើបសួរលោក ទិតសុទ្ធី បូរ៉ាឆាត។
លោក រ៉ុង ឈុន ប្រាប់វីអូអេថា នគរបាលសង្កាត់ចាក់អង្រែក្រោមបានយកដីកាមកឱ្យលោក កាលពីព្រឹកថ្ងៃពុធនេះ។ លោកអះអាងថា លោកមិនដឹងថា ករណីអ្វីឱ្យពិតប្រាកដឡើយ ប៉ុន្តែលោកនឹងចូលទៅតុលាការតាមការកោះហៅ។
លោក រ៉ុង ឈុន បន្ថែមថា លោកជួបសកម្មជននៅតាមបណ្តាខេត្តជាហូរហែ ហើយលោកថ្លែងសារជាបន្តបន្ទាប់។ លោកថា លោកធ្វើនយោបាយជាមួយគណបក្សជំទាស់គ្រាន់តែចង់ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ដោយស្មើភាពគ្នាតែប៉ុណ្ណោះ។
លោក រ៉ុង ឈុន បន្តថា លោកមើលមិនឃើញផលចំណេញអ្វីឡើយ ប្រសិនបើលោកត្រូវឃាត់ខ្លួន នៅថ្ងៃដែលលោកចូលខ្លួនបំភ្លឺនៅតុលាការ។
លោកថ្លែងថា៖ «ខ្ញុំមើលទៅវាអត់មានអីចំណេញ គ្រាន់តែស្អីឃាត់ខ្លួន ស្អីឃាត់ខ្លួន។ វាអត់មាននាំផលចំណេញដល់កម្ពុជាយើង ក៏ដូចជាប្រជាពលរដ្ឋយើង»។
លោក ប្លង់ សុផល អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ ប្រាប់វីអូអេឱ្យទាក់ទងទៅអ្នកនាំពាក្យផ្សេងទៀត។ វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យម្នាក់ទៀតរបស់តុលាការរាជធានីភ្នំពេញបាននៅឡើយទេ។
គួរបញ្ជាក់ថា លោក រ៉ុង ឈុន ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពី «បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការចុះទៅពិនិត្យមើលព្រំដែន និងការចេញសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ។ លោកបានជាប់ពន្ធនាគារមួយរយៈ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ប៉ុន្តែលោកត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួន ដែលក្នុងនោះមានបម្រាមធ្វើដំណើរទៅក្រៅប្រទេស។
សកម្មជន និងមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់គណបក្សកម្លាំងជាតិត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជាបន្តបន្ទាប់ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទចោទ «ញុះញង់ឱ្យមានការរើសអើង» ជាដើម។ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ចំណែកកាលពីខែសីហា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក មឺ សេងហ៊ ដែលជាអនុប្រធានគណបក្សកម្លាំងជាតិខេត្តកំពង់ចាមឱ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំកន្លះ ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ជេរប្រមាថជាសាធារណៈ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងថា កន្លងទៅ សហគមន៍អន្តរជាតិតែងតែលើកឡើងថា លំហសេរីភាពនយោបាយក្នុងប្រទេសកម្ពុជារងការរឹតត្បិត។
លោកប្រាប់វីអូអេថា៖ «ការកោះហៅ លោក រ៉ុង ឈុន នៅពេលនេះចង់មិនចង់តែងតែមានការរិះគន់ ទាក់ទងនឹងស្ថានភាពនយោបាយ ឬគេអាចថា ការកោះហៅនេះអាចជាប់ពាក់ព័ន្ធជាមួយនឹងរឿងស្ថានភាពនយោបាយផងដែរ ព្រោះលោក រ៉ុង ឈុន ជាទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិ»។
លោក អំ សំអាត អំពាវនាវឱ្យអ្នកនយោបាយទាំងអស់ត្រូវគោរពឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ហើយចរចាគ្នាដោយសន្តិវិធីដើម្បីកុំឱ្យមានការរិះគន់ពីសហគមន៍អន្តរជាតិអំពីការរឹតត្បិតសេរីភាពនយោបាយនៅក្នុងប្រទេសកម្ពុជា៕