មេដឹកនាំសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន គ្រោងដឹកនាំធម្មយាត្រាថ្មើរជើងមួយនៅដើមខែកុម្ភៈ ដើម្បីលើកកម្ពស់សីលធម៌សង្គម បន្ទាប់ពីលោកសង្កេតឃើញថា សីលធម៌សង្គមក្នុងប្រទេសកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង គិតចាប់តាំងពីចុងឆ្នាំ២០១៧ ឬក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
បើតាមគម្រោងធម្មយាត្រាថ្មើរជើងនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ ដោយដើរចេញពីរូបសំណាកលោកយាយពេញនៅជិតវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ្ញ៉ា ឃ្លាំង មឿង នៅខេត្តពោធិ៍សាត់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
សេចក្តីប្រកាសចុះថ្ងៃទី២០ ខែមករារបស់សមាគមខាងលើបានផ្តល់សេចក្តីពន្យល់ទៀតថា ការប្រុងប្រៀបហែធម្មយាត្រានោះ ធ្វើឡើង ក្រោយការមានកត់សម្គាល់ថា សីលធម៌សង្គមធ្លាក់ចុះដុនដាប ដែលមួយផ្នែកបណ្តាលមកពីការថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំនយោបាយដែលប្រើពាក្យអសុរោះ និងមួយផ្នែកទៀតតាមការធ្វើទុក្ខបុកម្នេញ ការចាប់សកម្មជនសង្គម និងនយោបាយដាក់ពន្ធនាគារតាមតែអំពើចិត្ត។
មេដឹកនាំសហជីព និងជាទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ដែលនឹងដឹកនាំធម្មយាត្រានេះ លើកឡើងថា សីលធម៌សង្គមបានធ្លាក់ចុះគួរឲ្យកត់សម្គាល់តាំងពីចុងឆ្នាំ២០១៧មក ដោយសារតែមេដឹកនាំនយោបាយជារឿយៗថ្លែងសារប្រើប្រាស់ពាក្យអសុរោះ ដែលនាំឲ្យយុវជនយកគំរូតាម និងបង្កបញ្ហាច្របូកច្របល់ក្នុងសង្គម។ លោកបន្ថែមថា មុននឹងផ្ញើសារនយោបាយណាមួយនោះ គឺអ្នកនយោបាយមានឋានៈទាបខ្ពស់ត្រូវគិតពីផលប៉ះពាល់ឲ្យបានដិតដល់។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «នៅពេលដែលយើងផ្ញើសារអសុរោះ វាធ្វើឲ្យយុវជន នឹងទទួលយកនូវបញ្ហាអស់ហ្នឹងយកទៅអនុវត្ត វាធ្វើសង្គមយើងមានបញ្ហាច្របូកច្របល់មែនទែន។ អ៊ីចឹងបានជាយើងចង់ឲ្យធ្វើម៉េចគិតគូរអំពីសីលធម៌សង្គមនេះ»។
បន្ថែមពីនេះលោក រ៉ុង ឈុន ថ្លែងថា អាជ្ញាធរខកខានមិនបានរកជនបង្កវាយដំលើសកម្មជនសង្គម និងសកម្មជននយោបាយ ហើយដំណាលគ្នានោះ មានការចាប់ខ្លួនសកម្មជនសង្គម សកម្មជននយោបាយ និងអ្នកនយោបាយដាក់ពន្ធនាគារ តួយ៉ាងលោក ស៊ុន ធន់ លោក កែវ ថៃ ដែលជាអតីតមន្ត្រីនិងសមាជិកក្រុមប្រឹក្សាថ្នាក់ខេត្តរបស់អតីតគណបក្សសង្គ្រោះជាតិ មេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ និងសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី ដោយគ្មានអង្គហេតុណាមួយត្រូវគ្នានឹងការចោទប្រកាន់តាមផ្លូវច្បាប់។
លោកថ្លែងថា៖ «រូបភាពទាក់ទងសីលធម៌សង្គម គឺច្រើនណាស់ អ៊ីចឹងបានជាយើងផ្តួចផ្តើមគំនិត ធ្វើការដង្ហែ ធ្វើម៉េចឲ្យគិតគូរសីលធម៌សង្គមឡើងវិញ»។
លោក រ៉ុង ឈុន បានឲ្យដឹងថា ការហែធម្មយាត្រាថ្មើរជើងនេះ នឹងមានអ្នកចូលរួមយ៉ាងតិច៥០នាក់ តែលោកថា អាចមានចំនួនច្រើនជាងនេះ ប្រសិនបើប្រជាពលរដ្ឋមកចូលរួមច្រើន។
បើតាមលោក រ៉ុង ឈុន សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានជូនដំណឹងទៅក្រសួងមហាផ្ទៃរួចហើយកាលពីសប្តាហ៍មុន ប៉ុន្តែមកដល់ពេលនេះ សមាគមមិនទាន់ទទួលបានការឆ្លើតតបយ៉ាងណានៅឡើយទេ។ លោកបន្ថែមថា បើសិនជាដល់ថ្ងៃហែធម្មយាត្រានោះ ក្រសួងមហាផ្ទៃមិនឆ្លើយតប គឺមានន័យថា ក្រសួងមហាផ្ទៃអនុញ្ញាតតាមសំណើ ហើយសមាគមនឹងធ្វើទៅតាមផែនការ ដែលបានគ្រោងទុក។
ទាក់ទងសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលគ្រោងធ្វើធម្មយាត្រានៅខែកុម្ភៈនោះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់វីអូអេថា ក្រុមជំនាញរបស់ក្រសួងកំពុងពិនិត្យមើលសំណើរបស់សមាគម។ គិតត្រឹមថ្ងៃអង្គារនេះ លោកថា ក្រសួងមិនទាន់មានការសម្រេចបែបណានោះទេ។
បើតាមលោក ខៀវ សុភ័គ ក្រសួងមហាផ្ទៃនឹងឆ្លើយតបទៅនឹងសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅពេលក្រោយ។
ទោះយ៉ាងណាក្តី លោកយល់ថា ការហែក្បួនធម្មយាត្រានេះ មិនមែនជាដំណោះស្រាយក្នុងការលើកកម្ពស់សីលធម៌សង្គមនោះទេ។ ចំណែកការជូនដំណឹងហែក្បួនធម្មយាត្រានេះ លោកថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គួរតែជូនដំណឹងទៅអាជ្ញាធររាជធានីខេត្ត ដែលស្ថិតក្នុងគម្រោងហែធម្មយាត្រានោះ។
លោកថ្លែងថា៖ «សីលធម៌សង្គមធ្លាក់ចុះ សីលធម៌កើតឡើង មិនដឹងវាស់តាមខ្នាតអីដែរ ពូដូចជាមិនសូវយល់ ប្រហែលជា ការធ្វើមានអាថ៌កំបាំងអ្វីមួយដែលគេចង់បានហើយមើលទៅ។ ...មិនមែន មើលមកជាការហែក្បួនដើម្បីលើកកម្ពស់សីលធម៌ មិនមែនជាដំណោះស្រាយទេ ពូយល់អ៊ីចឹង»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្រសួងមហាផ្ទៃគួរធ្វើលិខិតជូនដំណឹងទៅកាន់ខេត្តដែលនឹងមានការហែក្បួនធម្មយាត្រាឆ្លងកាត់ ដើម្បីជួយសម្រួល និងការពារសុវត្ថិភាពដល់អ្នកចូលរួមការហែធម្មយាត្រានោះ។
លោកថ្លែងថា៖ «ក្រសួងមហាផ្ទៃគប្បីចេញសេចក្តីណែនាំណាមួយទៅតាមបណ្តាខេត្តនៅតាមបណ្តោយផ្លូវជាតិលេខ៥ហ្នឹងឲ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីត្រួសត្រាយ និងការពារនូវសុវត្ថិភាពនៃអ្នកដែលចូលរួមនៅក្នុងធម្មយាត្រាទាំងអស់ហ្នឹង ដើម្បីគោរពទៅតាមសិទ្ធិរបស់ពួកគាត់ក្នុងការសម្តែងមតិ»។
ប៉ុន្តែលោកថា ប្រសិនបើមានការរឹតត្បិត ឬហាមឃាត់មិនឲ្យហែធម្មយាត្រា នោះវាជាការរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា អាជ្ញាធរគួរតែជជែកគ្នាដើម្បីឲ្យមានធម្មយាត្រាអាចប្រព្រឹត្តទៅបាន ដើម្បីអាចឲ្យប្រជាពលរដ្ឋ អាចប្រើប្រាស់សិទ្ធិសេរីរបស់ពួកគេបានពេញលេញ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញ និងស្របតាមរបបលទ្ធិប្រជាធិបតេយ្យ។ លោកបន្ថែមថា បើមានការរឹតត្បិតមិនឲ្យមានការហែក្បួននេះ គឺនឹងអាចមានការរិះគន់បន្ថែមទៀត ចំពោះការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
គួររំឭកថា កាលពីឆ្នាំ២០១៣ ជនរងគ្រោះដោយសារជម្លោះដីធ្លី មន្ត្រីសហជីព សកម្មជនសិទ្ធិមនុស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរយនាក់ បានធ្វើធម្មយាត្រានិងសិទ្ធិយាត្រាពីបណ្តាខេត្តនានាឆ្ពោះមករាជធានីភ្នំពេញដើម្បីបុព្វហេតុនៃការលើកកម្ពស់សិទ្ធិមនុស្ស។ ធម្មយាត្រាកាលពីពេលនោះ បានគ្រោងហែកាត់ខេត្តយ៉ាងតិចចំនួន១២ ក្នុងនោះមានខេត្តកំពង់ធំ ពោធិ៍សាត់ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពង់ឆ្នាំងជាដើម៕
គម្រោងហែធម្មយាត្រារបស់លោក រ៉ុង ឈុន ស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈក្រសួងមហាផ្ទៃមិនទាន់ផ្តល់ការអនុញ្ញាត
ភ្នំពេញ —