កាលពីថ្ងៃអង្គារទី១៨នេះ គណៈអភិបាលការផ្សាយរបស់អាមេរិកនិងសំឡេងសហរដ្ឋអាមេរិក សហការជាមួយនឹងអង្គការជំនួយ និងវេទិកាអភិវឌ្ឍន៍បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីការផ្សាយព័ត៌មានក្នុងអំឡុងគ្រោះមហន្តរាយ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើទំនាក់ទំនងរវាងអ្នកសារព័ត៌មានជាមួយនឹងភ្នាក់ងារមនុស្សធម៌ កត្តាប្រឈមរបស់ក្រុមមនុស្សធម៌ និងអ្នកសារព័ត៌មាន ការប្រើប្រាស់ប្រព័ន្ធសង្គម និងបច្ចេកវិទ្យាដើម្បីការផ្សាយព័ត៌មាន។
ការផ្សាយព័ត៌មានក្នុងអំឡុងគ្រោះមហន្តរាយគឺជាកិច្ចការដ៏សំខាន់របស់អ្នកផ្សាយព័ត៌មាន ដើម្បីផ្តល់ព័ត៌មានជាក់លាក់ និងសុក្រិត្យអំពីផលប៉ះពាល់នៃគ្រោះមហន្តរាយមកលើអាយុជីវិតរបស់អ្នករស់នៅក្នុងតំបន់ ដែលរងគ្រោះ និងដើម្បីជំរុញឲ្យមានជំនួយមនុស្សធម៌ និងការសង្រ្គោះឲ្យទាន់ពេលវេលា។ ប៉ុន្តែការផ្សាយព័ត៌មានក្នុងអំឡុងគ្រោះមហន្តរាយ ដូចជាគ្រោះរញ្ជូយដីនៅហៃទី ព្យុះទីហ្វុងនៅប្រទេសភីលីពីន ហើយថ្មីៗនេះ ការរាតត្បាតនៃជំងឺអ៊ីប៊ូឡានៅអាហ្រ្វិកខាងលិច ជាឧទាហរណ៍ មានលក្ខណៈខុសគ្នាពីការផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍សង្គម នយោបាយ ឬវប្បធម៌។
អ្នកជំនាញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឲ្យដឹងថា ការផ្សាយព័ត៌មានក្នុងពេលមានគ្រោះមហន្តរាយ មានលក្ខណៈពិសេស និងមានកត្តាប្រឈមមួយចំនួន ដូចជា ការប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត បញ្ហាសន្តិសុខ ការបង្កើតទំនាក់ទំនងជាមួយនឹងភ្នាក់ងារជួយសង្គ្រោះ និងភ្នាក់ងារមនុស្សធម៌ក្នុងតំបន់ ការពិបាកក្នុងការបង្កើតការជឿទុកចិត្តពីសហគមន៍ក្នុងតំបន់ តម្រូវការសម្ភារៈបចេ្ចកវិទ្យាជំនួយ និងមធ្យោបាយធ្វើដំណើរពិសេស។
លោក Gianluca Bruni ប្រធានសាខាកិច្ចសហប្រតិបត្តិការគ្រោះអាសន្នតាមប្រព័ន្ធបចេ្ចកវិទ្យាសារព័ត៌មានរបស់គម្រោងអាហារូបត្ថម្ភពិភពលោកនៃអង្គការសហប្រជាជាតិ និយាយអំពីកត្តាប្រឈមសម្រាប់អ្នកសារព័ត៌មានក្នុងការផ្សាយព័ត៌មានក្នុងអំឡុងគ្រោះអាសន្ន។ លោកថ្លែងថា៖
«ដំបូង កត្តាសុវត្ថិភាព និងសន្តិសុខគឺជាកត្តាប្រឈមរួមរបស់អ្នកសារព័ត៌មាន។ យើងមានតួនាទីផ្សព្វផ្សាយព័ត៌មាន និងនាំយកជំនួយដល់ជនរងគ្រោះ។ ដូច្នេះ យើងត្រូវតែរក្សាសុវត្ថិភាពខ្លួនយើង។ ទីពីរ គឺការព្យាយាមប្រមូលព័ត៌មាន និងស្វែងយល់ឲ្យច្បាស់អំពីព័ត៌មានទាំងនោះ។ ដូច្នេះ ការយល់ដឹងពីស្ថានភាពក្នុងតំបន់ឲ្យច្បាស់គឺពិបាក»។
ការផ្សាយព័ត៌មានក្នុងពេលមានគ្រោះមហន្តរាយត្រូវការព័ត៌មាន និងតួលេខជាក់លាក់ និងត្រឹមត្រូវ។ ដូច្នេះ ទំនាក់ទំនងរវាងភ្នាក់ងារជួយសង្រ្គោះ និងភ្នាក់ងារមនុស្សធម៌ក្នុងតំបន់រងគ្រោះជាមួយនឹងអ្នកសារព័ត៌មានគឺជាគន្លឹះក្នុងការទាញយកព័ត៌មានទាំងនេះ។
លោក Frank Smyth ប្រធានអង្គការសន្តិសុខអ្នកសារព័ត៌មានពិភពលោក ជំរុញឲ្យភ្នាក់ងារជួយសង្គ្រោះ និងភ្នាក់ងារមនុស្សធម៌សហការជាមួយនឹងអ្នកសារព័ត៌មានក្នុងការកំណត់ខ្លឹមសារព័ត៌មាន និងស្វែងរកអ្នកផ្តល់ព័ត៌មានគន្លឹះ។
លោកថា៖ «ការកំណត់ខ្លឹមសារព័ត៌មានគឺយកខ្លឹមសារណា ដែលមានភាពតានតឹង បង្កើនការប្រុងប្រយ័ត្ន ឬក្តីសង្ឃឹមជាដើម ដើម្បីផ្តល់សាច់រឿងចាប់អារម្មណ៍របស់អ្នកស្តាប់។ ហើយយើងត្រូវជួយអ្នកសារព័ត៌មានស្វែងរកបុគ្គល ដែលផ្តល់សាច់រឿងផ្ទាល់ខ្លួន»។
អ្នកជំនាញបានផ្តល់ការណែនាំ និងវិធីសាស្ត្រគន្លឹះមួយចំនួនដល់អ្នកផ្សាយព័ត៌មានក្នុងអំឡុងពេលមានគ្រោះមហន្តរាយ ដូចជា ការបង្កើតការជឿទុកចិត្តជាមួយនឹងសហគមន៍ក្នុងតំបន់រងគ្រោះ និងការប្រើប្រាស់បចេ្ចកវិទ្យាទំនើបជាដើម។ ក្នុងនោះ បច្ចេកវិទ្យា និងប្រព័ន្ធសង្គមដើរតួនាទីសំខាន់។
លោក John Huddle ប្រធានក្រុមហ៊ុនផ្សព្វផ្សាយ និងសារព័ត៌មានឈ្មោះ Thuraya ធ្វើការណែនាំអំពីឧបករណ៍ផ្កាយរណបសម្រាប់ទូរស័ព្ទដៃទំនើប ឈ្មោះ Satesleeve សម្រាប់អ្នកសារព័ត៌មាននៅតំបន់មានជម្លោះ និងគ្រោះមហន្តរាយ។ ឧបករណ៍នេះអាចជួយឲ្យអ្នកសារព័ត៌មានភ្ជាប់ទំនាក់ទំនងជាមួយនឹងស្ថាប័នរបស់ខ្លួន ទោះបីជាតំបន់នោះគ្មានប្រព័ន្ធអ៊ីនធឺណែត ឬប្រព័ន្ធផ្កាយរណបក៏ដោយ។
លោកថ្លែងថា៖ «ឧបករណ៍នេះជួយអ្នកសារព័ត៌មានរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ពីទីកន្លែងកើតហេតុផ្ទាល់ ហើយថែមទាំងជួយសម្រួលកិច្ចការរបស់អង្គការជួយសង្រ្គោះ និងមនុស្សធម៌ផងដែរ។ ហើយឧបករណ៍នេះមាន app មួយ។ ហើយ បើអ្នកចុចប៊ូតុងនៅលើ app នោះ វានឹងកំណត់ទីកន្លែងរបស់អ្នក ហើយមជ្ឈមណ្ឌលឆ្លើយតបអាសន្នរបស់យើងនឹងទទួលបានព័ត៌មាននោះ ហើយស្ថាប័នព័ត៌មានរបស់អ្នកក៏ទទួលបានព័ត៌មាននោះដែរ»។
ឧបករណ៍នេះជួយការពារសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ដែលចុះទៅយកព័ត៌មាននៅតំបន់មានជម្លោះ ទប់ស្កាត់មិនឲ្យមានការតាមដាន និងបាត់ដានទីកន្លែង ដែលអ្នកសារព័ត៌មានបានទៅដល់ និងរាយការណ៍ភ្លាមទៅកាន់ស្ថាប័នពាក់ព័ន្ធ នៅពេលដែលមានការចាប់ខ្លួនអ្នកសារព័ត៌មានទាំងបង្ខំ។
លើសពីនេះ ការផ្សាយព័ត៌មានក្នុងអំឡុងគ្រោះមហន្តរាយទាមទារការសហការយ៉ាងជិតស្និទ្ធជាមួយនឹងសហគមន៍ក្នុងតំបន់ ដូចជាអង្គការសង្គមស៊ីវិល មេដឹកនាំសហគមន៍ មេដឹកនាំសាសនា និងអាជ្ញាធរក្នុងតំបន់ ដែលចូលរួមយ៉ាងសកម្មក្នុងអំឡុងពេលមានគ្រោះមហន្តរាយ។
អ្នកសារព័ត៌មានត្រូវតែប្រកាន់ខ្ជាប់នូវការសហការ កិច្ចសហប្រតិបត្តិការ ផ្តល់ព័ត៌មានដែលមានប្រយោជន៍ និងចូលរួមលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដល់សហគមន៍រងគ្រោះមហន្តរាយ ហើយផ្សព្វផ្សាយព័ត៌មាននោះឲ្យបានទូលំទូលាយ ទាំងតាមរយៈវិទ្យុ ទូរទស្សន៍ ប្រព័ន្ធសង្គម កាសែត និងតាមគេហទំព័រ៕