នៅពេលដែលនាង Halima Khatun ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានភៀសខ្លួនទៅប្រទេសបង់ក្លាដែសគេចចេញពីការបង្ក្រាបរបស់យោធានៅក្នុងភូមិកំណើតរបស់នាងក្នុងប្រទេសមីម៉ាន់ម៉ាកាលពីឆ្នាំមុន នាងបានសង់ទីជម្រកធ្វើពីតង់ប្លាស្ទិកនៅលើទីចំណោតមួយ ដែលជាកន្លែងតែមួយគត់ដែលនាងអាចរកបាន។
ប៉ុន្តែ៨ខែក្រោយមកទីចំណោតនោះបានស្រុតធ្លាក់ចុះ ខណៈដែលរដូវរស្សារាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែសកំពុងចាប់ផ្តើម ហើយនាង Khatun ភ័យខ្លាចថាទីជម្រករបស់នាងនឹងស្រុតធ្លាក់ចូលក្នុងទឹកក្នុងពេលឆាប់ៗនេះ។
នាងបានប្រាប់ VOA ថា «យើងមិនបានមើលទេថាតើទីតាំងនេះរាបស្មើឬចោតនោះ ដោយសារតែពេលនោះយើងត្រូវការទីជ្រកយ៉ាងខ្លាំង។ ឥឡូវនេះភ្លៀងចាប់ផ្តើមធ្លាក់ ហើយយើងកំពុងរៀបបាវខ្សាច់ទប់ទឹក ប៉ុន្តែទំនប់នេះកំពុងធ្លាក់ចូលក្នុងទឹក។ ទីទួលកំពុងតែស្រុតធ្លាក់ចូលក្នុងទឹក»។
ជនជាតិរ៉ូហ៊ីងយ៉ាបានភៀសខ្លួនទាំងអស់គ្នាគេចចេញពីការបង្ក្រាបរបស់ពួកយោធាកាលពីឆ្នាំមុន។ ជនភៀសខ្លួនជិត៧សែននាក់ភៀសខ្លួនគេចចេញពីអំពើហិង្សាដែលអង្គការសហប្រជាជាតិបានចាត់ទុកថាជាការបោះសម្អាតជាតិសាសន៍ ដែលការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាបដិសេធ។
ឥឡូនេះរដូវកាលខ្យល់ព្យុះកំពុងបង្កឧបសគ្គដល់ជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅយ៉ាងកកកុញក្នុងជំរំជនភៀសខ្លួននៅលើភ្នំជិតព្រំដែនមីយ៉ាន់ម៉ា។
ខែឧសភា និងខែមិថុនាគឺជារដូវដែលនាំខ្យល់ព្យុះស៊ីក្លូន និងខ្យល់មូសុងទៅភាគត្បូងក្នុងប្រទេសបង់ក្លាដែស។ ក្រុមជំនួយមនុស្សធម៌បានព្រមានពីអាកាសធាតុអាក្រក់ដែលនឹងបង្កឲ្យមានគ្រោះរអិលបាក់ដី និងការរីករាលដាលនៃជំងឺនៅក្នុងជំរំជនភៀសខ្លួននេះ៕