ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមប្រហែលមួយលាននាក់នៃប្រទេសមីយ៉ាន់ម៉ាដែលមិនត្រូវបានគេទទួលស្គាល់នៅក្នុងប្រទេសដែលមានអ្នកកាន់ពុទ្ធសាសនាភាគច្រើននោះ បានរត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែសចាប់តាំងពីទសវត្សរ៍១៩៩០មក។ពួកគេជាងកន្លះលាននាក់បានទៅដល់ទើបតែកាលពីឆ្នាំទៅបន្ទាប់ពីការសងសឹករបស់ពួកយោធាប្រឆាំងនឹងពួកឧទ្ទាមរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋRakhine នៃប្រទេសមីយ៉ាន់ម៉ា។
បង់ក្លាដែសនិងមីយ៉ាន់ម៉ាបានព្រមព្រៀងគ្នាថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញក្នុងរយៈពេល២ឆ្នាំ។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចង់បានការធានាថា ពួកគេនឹងត្រូវបានគេយកចិត្តទុកដាក់ដូចជាជនជាតិផ្សេងៗទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរ។
កាលពីឆ្នាំទៅយោធាមីយ៉ាន់ម៉ាបានវាយឆ្មក់ទៅលើភូមិមួយចំនួនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅតំបន់ភាគខាងលិចរដ្ឋ Rakhine ដើម្បីសងសឹកការវាយប្រហារមួយរបស់ពួកឧទ្ទាមទៅលើពួកអាជ្ញាធរមូលដ្ឋាន។ អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលបានបង្ខំឲ្យមនុស្សជាង៥សែននាក់រត់គេចខ្លួន។ ពួកគេភាគច្រើនរស់នៅក្នុងជំរំនានានៅព្រំដែនចូលក្នុងប្រទេសបង់ក្លាដែសហើយមិនប្រាកដថា តើការវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ នឹងមានសុវត្ថិភាពដែរឬទេ។ លោក Noor Hossain ជាអាចារ្យឥស្លាមបាននិយាយថា៖ «មីយ៉ាន់ម៉ាត្រូវតែសងសំណងដល់អ្នកកាន់សាសនាឥស្លាមដែលពួកគេបានសម្លាប់ សងសំណងចំពោះទ្រព្យសម្បត្តិដែលគេបានលួចនិងដីស្រែនិងគោដែលគេបានបំផ្លាញ។ ពួកគេត្រូវតែប្រគល់ផ្ទះសម្បែងមកឲ្យយើងវិញ។ ប្រសិនបើ ពួកគេបង្ហាញនូវយុត្តិធម៌ដល់យើង យើងអាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់យើងវិញ។ យើងជាអ្នកកាន់សាសនាឥស្លាមបានប្រុងប្រៀបវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយ ក៏ប៉ុន្តែ ពួកគេត្រូវតែផ្តល់សិទ្ធិជាជនជាតិរ៉ូហ៊ីងយ៉ាដល់យើងវិញ»។
មីយ៉ាន់ម៉ាមិនទទួលស្គាល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាពលរដ្ឋរបស់ខ្លួនបានធ្វើឲ្យពួកគេក្លាយជាជនគ្មានរដ្ឋ។ សហគមន៍អន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលចំពោះអំពើហិង្សាប្រឆាំងនឹងជនស៊ីវិលជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា «ជាការបោសសម្អាតជនជាតិភាគតិច»។លោក Yunus Arman សកម្មជនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានថ្លែងថា៖ «ដោយហេតុនេះហើយបានជាមានការលំបាកបំផុតក្នុងការស្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ានៅពេលនេះ។ ខ្ញុំស្នើទៅកាន់រដ្ឋាភិបាលបង់ក្លាដែស អង្គការសហប្រជាជាតិនិងទៅកាន់អង្គការសិទ្ធិមនុស្សផ្សេងៗទៀត សូមមេត្តាយកចិត្តទុកដាក់ដល់ពលរដ្ឋទាំងនោះជាមនុស្សជាតិក្នុងពិភពលោក ពីព្រោះមីយ៉ាន់ម៉ាមិនមែនជាប្រទេសសប្បាយរីករាយសម្រាប់យើងទេ»។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមិនត្រូវគេបង្ខំឲ្យវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញទេ ក៏ប៉ុន្តែទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួននេះបានស្នើធ្វើការសម្របសម្រួលដល់ការវិលត្រឡប់ទៅកាន់ប្រទេសវិញនេះ។ លោក Kevin J. Allen នៃទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា៖ «យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីផ្តល់ការគាំទ្រខាងបច្ចេកទេសរបស់យើង ការិយាល័យដ៏ល្អរបស់យើងប្រចាំនៅរដ្ឋាភិបាលទាំង២ដើម្បីធ្វើឲ្យប្រាកដថា គម្រោងនោះនឹងត្រូវបង្កើតឡើងដើម្បីធ្វើឲ្យការសម្តែងមតិ ការព្រួយកង្វល់របស់ជនភៀសខ្លួនត្រូវបានគេដឹងឮ ពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងលក្ខខណ្ឌនៃការស្ម័គ្រចិត្តដែលមានសុវត្ថិភាពហើយនឹងមានសេចក្តីថ្លៃថ្នូរ»។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិនោះបាននិយាយថា ជនភៀសខ្លួនបានសង្កត់លើលក្ខខណ្ឌ៣សម្រាប់ការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ។ «លក្ខខណ្ឌទី១គឺថា ពួកគេចាំបាច់មើលសេចក្តីសម្រេចអំពីឋានៈភាពខាងផ្លូវច្បាប់របស់ខ្លួនគឺបញ្ហាសញ្ជាតិ។ លក្ខខណ្ឌទី២ គឺត្រូវមានបរិយាកាសសុវត្ថិភាពនិងការធានាដល់ការវិលត្រឡប់។ លក្ខខណ្ឌទី៣ តម្រូវការសម្រាប់ការខំប្រឹងប្រែងស្ថាបនានិងការអភិវឌ្ឍន៍ផ្ទះសម្បែងឡើងវិញដែលពួកគេមានបរិយាកាសមួយដែលអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងខ្លួនវិញ ដែលពួកគេពេញចិត្តនឹងសិទ្ធិដ៏ពេញលេញរបស់ខ្លួន»។
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រាប់ពួកអ្នកយកព័ត៌មានថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានឹងអាចដាក់ពាក្យសុំសញ្ជាតិ «បន្ទាប់ពីពួកគេឆ្លងកាត់ដំណើរការពិនិត្យពិច្ច័យ»។ មន្រ្តីមីយ៉ាន់ម៉ាបាននិយាយថា ភូមិរបស់ជនជាតិភាគតិចរ៉ូហ៊ីង យ៉ាបានទទួលរងការវាយឆ្មក់នៅក្នុងការតាមរកពួកឧទ្ទាមប្រដាប់អាវុធ ហើយបានទទួលស្គាល់ថា ទាហានបានសម្លាប់អ្នកភូមិខ្លះ។ ក៏ប៉ុន្តែ ពួកគេមិនដែលបានអនុញ្ញាតឲ្យមានការស៊ើបអង្កេតឯករាជ្យនៅទីកន្លែងនោះទេ៕
ប្រែសម្រួលដោយជឹង ប៉ូជីន