អង្គការឃ្លាំសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchថាខ្លួនបានរកឃើញថា ភូមិរបស់ជនជាតិរ៉ូហ៊ីងយ៉ាស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានទទួលរងការបំផ្លិចបំផ្លាញថ្មីថែមទៀតកាលពីខែតុលា និងខែវិច្ឆិកាកន្លងទៅនេះ។ ទីភ្នាក់ងាររបស់អង្គការនេះបានរកឃើញភូមិចំនួន៤០ថ្មីទៀតដែលរងការបំផ្លិចបំផ្លាញ ដែលការណ៍នេះបានធ្វើឲ្យគេប៉ាន់ស្មានថា មានការកើនឡើងពីចំនួនភូមិរបស់ជនជាតិរ៉ូហ៊ីងយ៉ាសរុបចំនួនប្រហែល ៣៥៤ភូមិបានរងការបំផ្លិចបំផ្លាញដោយផ្នែក ឬទាំងស្រុងចាប់តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។ ចាប់តាំងពីពេលនោះមក ជនជាតិរ៉ូហ៊ីងយ៉ាជាងកន្លះលាននាក់បានរត់ភៀសខ្លួន គេចចេញពីអំពើហិង្សា ទៅកាន់ប្រទេសបង់ក្លាដែស ដែលជាប្រទេសជិតខាង។ ទីភ្នាក់ងាររបស់អង្គការនេះក៏បានអះអាងកាលពីថ្ងៃចន្ទថា ភូមិដ្ឋានជាច្រើនត្រូវបានដុតបំផ្លាញនៅស្របពេលដែលប្រទេសមីយ៉ាន់ម៉ា ដែលគេស្គាល់ថាប្រទេសភូមានោះ បានចុះហត្ថលេខាជាមួយនឹងប្រទេសបង់ក្លាដែស យល់ព្រមទទួលយកជនភៀសខ្លួនក្នុងរយៈពេល២ខែនេះ៕