អ.ស.ប.បាននិយាយកាលពីថ្ងៃសុក្រថាពួកជនភៀសខ្លួន Rohingya ៥សែន៨ម៉ឺន៩ពាន់នាក់បានរត់គេចខ្លួនចេញពីប្រទេសភូមាទៅកាន់ប្រទេសបង់ក្លាដែសចាប់តាំងពីថ្ងៃទី២៥ខែសីហាមក។
អ្នកនាំពាក្យ Farhan Haq បាននិយាយប្រាប់ពួកអ្នកកាសែតថាចំនួនពាក់កណ្តាលនៃក្រុមជនភៀសខ្លួនទាំងនេះកំពុងឋិតនៅក្នុងកន្លែងធំមួយដែលមានឈ្មោះថា Kutupalong Expansion ដែលនៅទីនោះពួកដៃគូខាងការផ្តល់ជំនួយកំពុងធ្វើការដើម្បីកែលម្អសេវាកម្មជាមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធនិងការទៅដល់តាមផ្លូវ។
លោក Eric Paul Schwartz ប្រធាននៃក្រុមផ្តល់ជំនួយ Refugees International បានទៅទស្សនាប្រទេសបង់ក្លាដែសកាលពីខែមុន។ លោកបាននិយាយថានៅដើមកញ្ញា វាជាការច្បាស់លាស់ហើយ តាមរយៈការសុន្ទនាជាមួយពួកជនភៀសខ្លួនទាំងនេះ ថាស្ថានការណ៍បានក្លាយទៅជាការសម្អាតខាងពូជសាសន៍ហើយថាមានការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រទេសភូមា។
លោក Schwartz បាននិយាយប្រាប់ក្រុមអ្នកស្តាប់នៅឯក្រុមប្រឹក្សាទំនាក់ទំនងបរទេសនៅក្នុងបូរី New York ថា «អ្វីដែលនាំឱ្យព្រឺក្បាលគឺភាពមិនផ្លាស់ប្តូរនៃការសន្ទនាដែលយើងធ្វើជាមួយមនុស្សទាំងនេះអំពីអ្វីដែលបានកើតមានឡើងនៅក្នុងប្រទេសភូមា។» លោកបានថ្លែងថាក្រុមយោធារបស់រដ្ឋាភិបាលភូមាបានគប់ដបសាំងដុតភ្លើងក្នុងភូមិ ជាញឹកញយដោយមិនបានប្រាប់ឱ្យដឹងជាមុនឬដោយគ្មានការព្រមាន ហើយនៅពេលពួកជនស៊ីវិលរត់ចេញពីភូមិពួកទាហានភូមាក៏បានបាញ់ទៅលើពួកគេជាប្រព័ន្ធ។