ការបរាជ័យក្នុងការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនៅក្នុងខែនេះបានទាក់ទាញចំណាប់អារម្មណ៍ទៅលើអំពើហិង្សា និងការគំរាមកំហែងដែលត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តឡើងដោយកងកម្លាំងសន្តិសុខប្រឆាំងនឹងសមាជិកក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដេស។
ប្រទេសបង់ក្លាដេសបានបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ តាមរយៈការទទួលយកជនជាតិរ៉ូហ៊ីងយ៉ាជាង ៧សែននាក់ ដែលបានភៀសខ្លួនចេញពីការបង្ក្រាបរបស់ទាហានមីយ៉ាន់ម៉ាកាលពីឆ្នាំមុន ជាទង្វើដែលអង្គការសហប្រជាជាតិចាត់ទុកថាជា អំពើប្រល័យពូជសាសន៍ ប៉ុន្តែត្រូវបានប្រទេសមីយ៉ាម៉ាបដិសេធយ៉ាងខ្លាំងក្លាចំពោះការចោទប្រកាន់នេះ។
ក៏ប៉ុន្តែឥឡូវនេះប្រទេសបង់ក្លាដេសហាក់ដូចជា ចង់បង្ហាញឲ្យដឹងថា ប្រទេសបង់ក្លាដេសនឹងមិនទទួលឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងនេះស្នាក់នៅក្នុងប្រទេសបានជារៀងរហូតនោះទេ។ គម្រោងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឲ្យត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញកាលពីសប្តាហ៍មុនបានបង្កភាពភ័យខ្លាច និងចលាចលយ៉ាងខ្លាំង ខណៈជនជាតិរ៉ូហ៊ីងយ៉ាមួយចំនួនបានពួនសម្ងំលាក់ខ្លួន និងខ្លះទៀតព្យាយាមធ្វើអត្តឃាតខ្លួនឯងដោយសារមិនចង់ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។
នៅស្របពេលដែលមានការចោទប្រកាន់នានាពាក់ព័ន្ធនឹងការវាយដំ ការលួចប្លន់ និងការបំភិតបំភ័យដោយទាហានបង់ក្លាដេស ប៉ូលីសនិងក្រុមមន្រ្តីជំរំបានគូសបញ្ជាក់អំពីបញ្ហាប្រឈមនានាដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជួបប្រទះនៅក្នុងប្រទេសបង់ក្លាដេស ដោយក្រុមមន្រ្តីមិនទទួលស្គាល់ជនជាតិរ៉ូហ៊ីងយ៉ាទាំងនោះថាជា ជនភៀសខ្លួន ហើយពួកគេត្រូវប្រឈមនឹងការរឹតត្បិតសេរីភាពដើរហើរនៅក្នុងប្រទេសបង់ក្លាដែស។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ២០០០នាក់បានត្រូវរៀបចំបញ្ជូនទៅប្រទេសមីយ៉ាន់ម៉ាវិញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែឥឡូវនេះប្រទេសបង់ក្លាដេសបានពន្យាពេលរហូតដល់ឆ្នាំក្រោយ ដោយសារតែគ្មានជនជាតិរ៉ូហ៊ីងយ៉ាណាម្នាក់ស័្មគ្រចិត្តត្រឡប់ទៅមីយ៉ាន់ម៉ាវិញនោះទេ៕