នៅព្រឹកថ្ងៃអង្គារនេះ ក្រុងកាប៊ុលរងការបាញ់រ៉ុក្កែតនៅពេលដែលលោកប្រធានាធិបតី Ashraf Ghani កំពុងថ្លែងសុន្ទរកថាផ្សាយដោយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍នៅក្នុងពិធីពិសេសមួយដើម្បីប្រារព្ធបុណ្យ Eid-al-Adha នៃសាសនាឥស្លាម នៅក្នុងវិមានប្រធានាធិបតី។ យ៉ាងហោចណាស់មានរ៉ុក្កែតមួយគ្រាប់បានធ្លាក់នៅជិតវិមានប្រធានាធិបតីក្នុងតំបន់បៃតងនៃក្រុងកាប៊ុល។
ពួកប៉ូលិសក្រុងកាប៊ុលបាននិយាយថាពួកអ្នកដាក់គ្រាប់បែកអត្តឃាតប្រាំនាក់បានលាក់ខ្លួននៅខាងក្រោយព្រះវិហារ Eidgah នៃក្រុងកាប៊ុលហើយបានបាញ់រ៉ុក្កែតច្រើនគ្រាប់ពីទីនោះទៅកាន់ផ្នែកនានានៃក្រុងនេះ។ ប្រភពសន្តិសុខមួយបានបញ្ជាក់ថាមានរ៉ុក្កែតយ៉ាងតិចណាស់១០គ្រាប់បានត្រូវបាញ់ ក៏ប៉ុន្តែបណ្តាញផ្សាយព័ត៌មានក្នុងមូលដ្ឋានរាយការណ៍ថាមានការបាញ់រ៉ុក្កែតច្រើនជាងនេះ។
ជនបួននាក់ក្នុងបណ្តាពួកអ្នកដាក់គ្រាប់បែកអត្តឃាតទាំងនេះបានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខក្នុងមូលដ្ឋាន។ មានប៉ូលិសយ៉ាងតិចណាស់ម្នាក់បានត្រូវរបួស។ ទូរទស្សន៍ ToloNews នៃប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍ថាឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្វើការវាយប្រហារទៅលើកន្លែងលាក់ខ្លួនរបស់ពួកអ្នកវាយប្រហារដោយរ៉ុក្កែតនៅជិតព្រះវិហារ Eidgah។
លោកប្រធានាធិបតី Ghani ដែលបានថ្លែងសុន្ទរកថាលោកតទៅទៀតបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានមិនតក់ស្លុតនឹងការវាយប្រហារបែបនេះទេ។ លោកក៏បានមានប្រសាសន៍ដែរថារដ្ឋាភិបាលបានប្រុងប្រៀបសម្រាប់ឧប្បត្តិហេតុមួយបែបនេះនៅក្នុងពិធីបុណ្យ Eid។
លោក Hashmatullah Stanikzai អ្នកនាំពាក្យពួកប៉ូលិសក្រុងកាប៊ុលបាននិយាយថា ពួកប៉ូលិសរឹបអូសយកបានឡានមួយគ្រឿងរបស់ពួកអ្នកវាយប្រហារ ក៏ប៉ុន្តែកិច្ចប្រតិបត្តិការបោសសម្អាតនៅមានធ្វើតទៅទៀតនៅក្នុងតំបន់នោះ៕