គ្រាប់​បែក​នៅ​តាម​ផ្លូវ​បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់​១២​នាក់​នៅ​អាហ្វហ្គានីស្ថាន

ផែនទី​របស់​ប្រទេស​អាហ្វហ្គានីស្ថាន។

ទីភ្នាក់ងារ​ព័ត៌មាន​ AP ​បាន​រាយការណ៍​ពី​ក្រុង ​Kandahar​ ប្រទេសអាហ្វហ្គានីស្ថាន​បាន​ឲ្យ​ដឹង​ថា គ្រួសារ​អាហ្វហ្គានីស្ថាន​មួយ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ បន្ទាប់​ពី​បាន​រត់​គេច​ខ្លួន​ពី​លទ្ធភាព​ប្រតិបត្តិការ​យោធា​មួយ។ ពួកគេ​បាន​រង​គ្រោះថ្នាក់​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​តាម​ដង​ផ្លូវ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​តំបន់​ខាង​ត្បូង​ប្រទេស​ដែល​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​១២នាក់​ស្លាប់​និង​មាន​របួស​៨នាក់​ទៀត។​

គ្រាប់បែក​នោះ​បាន​ផ្ទុះ​ត្រូវ​ចំ​ឡាន​របស់​គ្រួសារ​នេះ​នៅ​ក្នុង​ស្រុក Marjah នៃ​ខេត្ត​ Helmand ដែល​ជា​សំបុក​មួយ​របស់​ពួក​តាលីបង់។ លោក Nabil Jan Mullahkhail មេ​ប៉ូលិស​ខេត្ត​បាន​និយាយ​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​នេះ​ ហើយ​ចំនួន​មនុស្សស្លាប់​អាច​កើន​ឡើង​ថែម​ទៀត។​

លោក Mohammad Salih ​ដែល​ជា​ញាតិ​សន្តាន​គ្រួសារ​នេះ​បាន​និយាយ​ថា​គ្រួសារ​នេះ​បាន​រត់គេច​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្រោយ​ពី​បាន​ឮ​ថា​រដ្ឋាភិបាល​អាច​បើក​ធ្វើ​ការ​វាយលុក​មួយ​នៅ​ទីនោះ។​ លោក Salih បាន​ថ្លែង​ថា​ចំនួន​មនុស្ស​ស្លាប់​ទំនង​ជា​មាន​ច្រើន​ជាង​នេះ​ពី​ព្រោះ​លោក​ជឿ​ថា​ ញាតិសន្តាន​លោក​រហូត​ដល់​២១​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ការផ្ទុះ​គ្រាប់បែក​នេះ។​

គ្មាន​នរណា​អះអាង​ទទួល​ខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​ទេ។ ជា​ទម្លាប់ ​ពួក​តាលីបង់​បាន​ដាក់​គ្រាប់បែក​នៅ​តាម​ដងផ្លូវ​ដោយ​យក​កងកម្លាំង​សន្តិសុខ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ ទោះ​ណា​ជា​ជួនកាល​គ្រាប់បែក​បាន​ផ្ទុះ​នៅ​ពេល​យានយន្ត​ស៊ីវិល​បើក​កាត់​ទី​នោះ ដែល​បណ្តាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​ទៅ​វិញ៕