ប្រទេសមីយ៉ាន់ម៉ានិងបង់ក្លាដែសចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជូនជនអំបូររ៉ូហ៊ីងយ៉ារាប់សែននាក់ដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ពីអំពើហិង្សានៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ឲ្យត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ នេះបើយោងតាមក្រុមមន្ត្រីនៃប្រទេសទាំងពីរ។
លោក Myint Kyaing រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារ អន្តោប្រវេសន៍ និងប្រជាជន នៃប្រទេសមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា អនុសារណៈយោគយល់គ្នាមួយត្រូវបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានអ្វីលម្អិតនោះទេ។
មនុស្សជាង៦សែននាក់បានរត់ភៀសខ្លួនតាមព្រំដែនទៅកាន់ជំរំនានាក្នុងប្រទេសបង់ក្លាដែស ហើយការធ្វើមាតុភូមិនិវត្តន៍នឹងចាប់ផ្តើមឡើងក្នុងរយៈពេល២ខែនេះ។
សេចក្តីរាយការណ៍នានានិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្រោយពីមានកិច្ចប្រជុំនៅក្នុងរដ្ឋធានី ណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងលោកស្រី អង់សាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងលោក Abul Hassan Mahmood Ali រដ្ឋមន្ត្រីការបរទេសនៃប្រទេសបង់ក្លាដែស។ ទីភ្នាក់ងារសារព័ត៌មានបារាំងបានស្រង់សម្តីរបស់លោក Ali ដោយនិយាយថា «នេះគឺជាជំហានបឋម។ ពួកគេនឹងទទួលយកជនអំបូររ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ។ ឥឡូវនេះយើងចាប់ផ្តើមធ្វើការងារ»។
ដំណើរវិវត្តន៍នេះត្រូវបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា អំពើហិង្សានៅក្នុងរដ្ឋ Rakhine ដែលសំដៅវាយប្រហារទៅលើជនអំបូររ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ថាជាការបោសសម្អាតជាតិសាសន៍៕