កាលពីថ្ងៃអង្គារ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសអំពីដំណាក់កាលថ្មីមួយនៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងពួកឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែនដោយបាននិយាយសម្រាលដល់ការវាយលុកយោធាជិតមួយខែរបស់ខ្លួនដែលបានធ្វើឱ្យពួកសមាជិកកងជីវពលនិងជនស៊ីវិលបាត់បង់ជីវិតនៅទូទាំងប្រទេសយេម៉ែន។
លោកឧត្តមសេនីយ៍ត្រី Ahmed al-Assiri បាននិយាយប្រាប់សន្និសីទកាសែតមួយនៅក្នុងក្រុងរីយ៉ាដ (Riyadh) ថាកិច្ចប្រតិបត្តិការឈ្មោះថា ព្យុះប្រល័យ (Decisive Storm) នឹងប្រែក្លាយទៅជាកិច្ចប្រតិបត្តិការឈ្មោះ ស្តារក្តីសង្ឃឹម (Restoring Hope) វិញហើយផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរខាងនយោបាយនៅក្នុងប្រទេសមានវិបត្តិនេះ។ លោកបាននិយាយបន្ថែមថា ដំណាក់កាលថ្មីនេះមិនធ្វើឱ្យមានគ្រោះថ្នាក់ដល់ពួកជនស៊ីវិលទេ។
ក៏ប៉ុន្តែ ការដាក់ឈ្មោះថ្មីឱ្យកិច្ចប្រតិបត្តិការយោធានេះបាននាំឱ្យមានសំណួរអំពី អនាគតនៃការវាយប្រហារតាមអាកាសនោះ។ ការទម្លាក់គ្រាប់បែកដោយកងយន្តហោះចម្បាំងរបស់ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២០នាក់ស្លាប់នៅក្នុងខេត្ត Ibb កាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យយោធាម្នាក់នៃកងយោធាអារ៉ាប៊ីសាអូឌីត បាននិយាយថា កងកម្លាំងយោធាពហុភាគីនឹង«បន្តរារាំងពួកជីវពល Houthi មិនឱ្យធ្វើចលនា»នៅទូទាំងប្រទេស៕