សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រក​យុត្តិធម៌​រឿង​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​ ខណៈ​លោក ឌួង ឆាយ បួស​ជា​​សង្ឃ

​លោក ឌួង ឆាយ ក្នុងអំឡុងពេលធ្វើសកម្មភាពសប្បុរសធម៌។

ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​មាន​ចំណាត់​ការផ្លូវ​ច្បាប់​លើ​លោក ឌួង ឆាយ ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ហិង្សា​លើ​អតីត​ភរិយា​របស់​លោក ដើម្បី​បញ្ចៀសវប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​មីនា អតីត​ភរិយា​របស់​លោក ឌួង ឆាយ លោក​ស្រី​ ដេត​ ម៉ាលី​ណា បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោកស្រី ដែល​បាន​បង្ហាញ​ពី​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយ​លោក​ ឌួង ឆាយ បាន​វាយ​លោក​ស្រី​ជា​ច្រើន​ដង។

នៅ​ក្នុងវីដេអូ​មួយ​ដែល​មាន​រយៈ​ពេល​ជាង​១ម៉ោង​គេ​ឃើញ​លោក ឌួង ឆាយ ប្រតាយ​ប្រតាប់​ជាមួយភរិយា ដោយមាន​កូន​តូច​នៅ​ក្បែរ មុន​ពេល​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​ជួយ​បំបែក​ចេញ។ លោកស្រី ដេត ម៉ាលីណា ក៏​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ជូន​លោកស្រី​ផង​ដែរ។

បន្ទាប់​ពី​ការ​បង្ហោះ​វីដេអូ​នោះ​លោក ឌួង ឆាយ ដែល​គេ​ស្គាល់​ច្រើន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ត្រូវ​បាន​ថ្កោល​ទោស ហើយ​លោក​និង​ភរិយា​បាន​ចេញ​មុខ​បក​ស្រាយ​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​យ៉ាង​ណា ជា​ចំណាត់​ការ​ដំបូង លោក ឌួង ឆាយ ត្រូវ​បាន​ព្រះ​មហាក្សត្រ​បញ្ចប់​ងារ​ជា​ឧកញ៉ា។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ចាត់​ទុក​ថា​ការ​ដក​គោរម​ងារឧកញ្ញ៉ា ជា​ចំណាត់​ការ​ផ្លូវ​ច្បាប់​មួយ​ទៅ​លើ​ជន​ប្រព្រឹត្ត​អំពើ​ហិង្សា អាស្រ័យ​ដោយ​គោរមងារ​នេះ​ផ្តោត​សំខាន់​លើ​បុគ្គល​ដែល​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ផង​ដែរ​ថា​រាល់​ពេល​មាន​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ពី​អំពើ​ហិង្សា​ នៅ​ក្នុង​រូបភាព​ណាមួយ​និង​មាន​ប្រតិកម្ម​ច្រើន គេ​តែង​ឃើញ​អាជ្ញាធរ​ចាត់​វិធាន​ការ​ភ្លាមៗ។ យ៉ាង​ណាក្តី លោក អំ សំអាត ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​ជុំវិញ​បញ្ហា​ខាង​លើ​នោះ​ទេ។

លោក​ប្រាប់ ​VOA​ ថា៖ «អញ្ចឹង​បើ​សិន​ជា​យើង​យក​បញ្ហា​នៃ​ប្រវត្តិ​នៃ​ការ​ធ្លាប់​ជួយ​ទៅ​ដល់​រដ្ឋាភិបាល​ឬ​ក៏​ធ្លាប់​ជួយ​ផ្សេងៗ​ទៀត​ ហើយ​មិន​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​ជា​អំពើ​បទល្មើស​ព្រហ្មទណ្ឌ អាហ្នឹង​គឺ​វា​អាច​នឹង​មាន​និទណ្ឌ​ភាព។ ប៉ុន្តែ​ករណី​នេះ ខ្ញុំ​នៅ​តែ​ជឿ​ជាក់​ថា ​យើង​រង់ចាំ​មើល​បន្ត​ទៀត​ទៅលើ​ចំណាត់​ការ​នោះ​បាទ»។

លោក អំ សំអាត បន្ថែម​ថា ​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​មាន​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា មិន​ថា​បុគ្គល​មាន​ឋានន្តរ​សិក្ត គោរមងារ​ឬ​អំណាច​ប៉ុណ្ណា​នៅ​ក្នុង​សង្គម។

​លោក ឌួង ឆាយ ត្រូវបានព្រះសង្ឃកោរសក់ ពេលសម្រេចចិត្តបួសជាព្រះសង្ឃ ក្រោយរឿងអាស្រូវប្រព្រឹត្តអំពើហិង្សាលើភរិយា។

ក្រោយ​មាន​ការ​ថ្កោល​ទោស​ខ្លាំងៗ លោក ឌួង ឆាយ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជាមួយ​រូប​ថត​បួស​ជាព្រះ​សង្ឃ។

លោកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ជំរុញ​ឲ្យ​ក្រសួង​កិច្ច​ការ​នារី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ ក្រៅ​ពី​ការ​បញ្ចេញ​សេចក្តីថ្លែងការណ៍ ដោយ​មិន​ចាំបាច់​សាមី​ខ្លួន​ដែល​ជា​ភរិយា​របស់​លោក ឌួង ឆាយ ដាក់​ពាក្យ​បណ្តឹង​នោះ​ទេ។

លោកស្រី​ប្រាប់​ VOA​ ថា៖ «នឹង​អាច​ទៅ​រួច​បើ​សិន​ជា​អាជ្ញាធរ​លោក​មិន​មាន​ចំណាត់ការ​អី​បន្ត។ យើង​ឃើញ​ថា​នៅ​ចុង​ក្រោយ​នេះ ទោះ​បី​ជា​លោក​ឧកញ៉ា​ហ្នឹង​លោក​បាន​ទៅ​បួស។ បួស​ហ្នឹង​យើង​មិន​ដឹង​ថា​តើ​ទិដ្ឋភាព​នៃ​ការ​បួស​ហ្នឹង​គាត់​បួស​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ឬ​ក៏​យ៉ាង​ណា​ទេ។ ប៉ុន្តែ​ការ​បួស​នេះ​ទៀត​សោត ក៏​មិន​អាច​ឲ្យ​បុគ្គល​ដែល​មាន​ចំណោទ​ហ្នឹង​អាច​រួច​ខ្លួន​ពី​នីតិវិធី​ច្បាប់​ដែរ។ អញ្ចឹង​កន្លែង​នេះដែល​អាជ្ញាធរ​ត្រូវ​បំពេញ​តាម​នីតិវិធី​បន្ត​ទៀត»។

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មីនា ក្រសួង​កិច្ចការ​នារី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​បាន​កើត​ឡើង​មក​លើ​លោកស្រី ដេត ម៉ាលីណា អតីត​ភរិយា​របស់​លោក​ ឌួង ឆាយ ដោយ​លើក​ឡើង​ថា ​ជន​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ទម្រង់​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

កញ្ញា ប៊ុន រចនា នាយិកា​អង្គការ​ក្លាហាន​ដែល​ធ្វើ​ការ​លើ​ស្រ្តី បាន​និយាយ​ថា ​យុត្តិធម៌​ត្រូវ​តែផ្តល់ដល់​ជន​រងគ្រោះ។

កញ្ញា​ប្រាប់​ VOA​ ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ហ្នឹង​គឺ​វា​ត្រឹមតែ​វិធាន​ការ​រដ្ឋបាល[ការ​ដក​គោរមងារ] ហើយ​ការណ៍​ដែល​ត្រឹម​តែ​ប្រើ​ប្រាស់​វិធានការ​រដ្ឋបាល យក​មក​ដោះស្រាយ​នូវ​រឿង​ករណី​ព្រហ្ម​ទណ្ឌ​វា​អត់​ផ្តល់​យុត្តិធម៌​ពេញលេញ​ដល់​ជន​រង​គ្រោះ​ ហើយ​វា​បង្ហាញ​អំពី​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ទៀត​គឺ​វប្បធម៌​និទណ្ឌភាព​នៅ​ក្នុង​ស្រុក​យើង»។

កញ្ញា ​ប៊ុន រចនា បន្ត​ថា​កញ្ញាចង់​ឃើញ​មាន​ចំណាត់​ការ​ពី​សំណាក់​អាជ្ញាធរ​និង​តុលាការ​លើ​រាល់​ករណី​អំពើ​ហិង្សា​ទាក់​ទង​នឹង​យែន​ឌ័រ។

មុន​ពេល​ទៅ​បួស​ជា​ព្រះ​សង្ឃ​លោក​ ឌួង ឆាយ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ក្នុង​ឆ្នាំ​ ២០១៥ ដោយសារ​វាយ​កូន​ប្រុសរបស់​ឧកញ៉ា ទ្រី ភាព បាន​ចេញ​មុខ​បក​ស្រាយតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ដោយ​លោក​ថា​ ការ​ប្រើ​ហិង្សា​នោះ​ជា​ជម្លោះ​ចាស់​និង​ថា អតីត​ភរិយា​បាន​រឹតត្បិត​សេរីភាព​របស់​លោក។

ចំណែក​កាល​ពី​ថ្ងៃ​អាទិត្យ លោក ឌួង ឆាយ បាន​សរសេរ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​លោក​បាន​បួស​ជា​ព្រះ​សង្ឃ ដើម្បី​សង​គុណ​ដល់​អ្នក​មាន​គុណ និង​លាង​បាប​កម្ម​ទាំង​ឡាយ។

VOA ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក ឌួង​ ឆាយ​ និង​លោកស្រី ដេត ម៉ាលីណា តាម​ប្រព័ន្ធ​ទូរស័​ព្ទ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញា​រង​និង​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​លើក​ឡើង​ថា​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​លោក​ស្រី ដេត ម៉ាលីណា កាល​ពី​ថ្ងៃ​ទី ​១៥ ខែ​មីនា។ នេះ​បើ​តាម​សារ​ព័ត៌​មាន​ខេមបូចា​ដែល​បាន​សម្ភាស​អ្នក​នាំ​ពាក្យ​រូប​នេះ។

ព្រះ​តេជ​គុណ ឃឹម សន ព្រះ​មេ​គណ​រាជធានី​ភ្នំពេញមាន​សង្ឃ​ដីកា​ថា​ ជា​ទូទៅ ដរាប​ណា​បុគ្គល​រូប​នោះ​ត្រូវ​បាន​រក​ឃើញ​ថា មិន​ជាប់​ជំពាក់​នឹង​ទោស​ទណ្ឌ​ណា​មួយ ទើប​បុគ្គល​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បួស​ជា​ព្រះ​សង្ឃ។

ព្រះ​អង្គ​បន្ត​ថា​ ប្រសិន​បើ​អំឡុង​ពេល​នៅ​ភាព​ជា​ព្រះ​សង្ឃ បុគ្គល​រូប​នោះ​ប្រឈម​នឹង​ការ​កោះ​ហៅ​ពី​សមត្ថកិច្ច​ឬ​តុលា​ការ គឺ​បុគ្គល​នោះ​ត្រូវប្រឈម​នឹងច្បាប់​របស់​ប្រទេស​ គឺ​ត្រូវផ្សឹក​ដើម្បី​នាំ​ខ្លួន៕