របាយការណ៍មួយដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ានស្តីពីភាពប្រុងប្រៀបខ្លួនរបស់ប្រទេសមីយ៉ាន់ម៉ាដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ា ដែលបានរត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែសជិតខាង បានពណ៌នាថា មានភាពវិជ្ជមានភាគច្រើននៃការខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ា។
ក៏ប៉ុន្តែ ក្រុមអង្គការសិទ្ធិមនុស្សនិយាយថា របាយការណ៍នោះបានលាក់ការពិតអំពីភាពគ្រោះថ្នាក់នៅឡើយនៅក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលនៅទីនោះ អង្គការសហប្រជាជាតិបានចោទប្រកាន់កងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ាពីការធ្វើយុទ្ធនាការហិង្សាបោសសម្អាតជនជាតិភាគតិចនៅចុងឆ្នាំ ២០១៧ដែលបានធ្វើឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន៧សែននាក់ឆ្លងកាត់ព្រំដែន។
ពួកអ្នកគាំទ្រសិទ្ធិមនុស្សកំពុងជំរុញសមាគមអាស៊ានឲ្យគិតឡើងវិញពីវិធីដោះស្រាយរបស់ខ្លួន ហើយផ្តោតលើមូលហេតុនៃឬសគល់នៃវិបត្តិនោះនៅឯជំនួបកំពូលរបស់មេដឹកនាំខ្លួននៅក្នុងទីក្រុងបាងកក នៅចុងសប្តាហ៍នេះ។
នៅឯសន្និសីទកំពូលមេដឹកនាំខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន អាស៊ានបានអំពាវនាវឲ្យមានអង្គភាពរៀបចំចាត់ចែងគ្រោះមហន្តរាយរបស់ខ្លួន គឺមជ្ឈមណ្ឌល AHA ដើម្បីវាយតម្លៃភាពប្រុងប្រៀបរៀបចំខ្លួនជាស្រេចរបស់មីយ៉ាន់ម៉ាដើម្បីតាំងទីលំនៅជនភៀសខ្លួនសាជាថ្មី ហើយនិងថា តើមជ្ឈមណ្ឌលនោះ អាចជួយយ៉ាងដូចម្តេច។
ប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនដោយស្ម័គ្រចិត្តក្នុងរយៈពេល២ខែ។ក៏ប៉ុន្តែមិនមានជនភៀសខ្លួនណាទទួលយកសំណើនោះទេ ដោយទទូចថា មីយ៉ាន់ម៉ា ត្រូវតែធ្វើឲ្យប្រាកដជាមុនអំពីសុវត្ថិភាពរបស់ខ្លួន និងសិទ្ធិកាន់កាប់ដីធ្លី សេរីភាពនៃការដើរហើររបស់ពលរដ្ឋ៕