ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត Reuters ពីរ​នាក់ ដែល​ជាប់​ឃុំ​នៅ​មីយ៉ាន់ម៉ា ត្រូវ​បាន​ដោះលែង


លោក Wa Lone និង​លោក Kyaw Soe Oo សប្បាយ​រីករាយ​ជាមួយ​នឹង​កូន​របស់​ពួកគេ បន្ទាប់​ពី​បាន​ទទួល​ការ​លើក​លែង​ទោស នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។
លោក Wa Lone និង​លោក Kyaw Soe Oo សប្បាយ​រីករាយ​ជាមួយ​នឹង​កូន​របស់​ពួកគេ បន្ទាប់​ពី​បាន​ទទួល​ការ​លើក​លែង​ទោស នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។

អ្នក​កាសែត Reuters ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រំលោភ​លើ​ច្បាប់​រក្សា​ការ​សម្ងាត់​ផ្លូវការ​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​ច្បាប់​បង្កើត​ឡើង​តាំង​ពី​សម័យ​អាណានិគម​មក ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ។

អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​គឺ​លោក Wa Lone និង​លោក Kyaw Soe Oo។ អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ចំណោម​អ្នក​ទោស​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក Wyn Myint លើក​លែង​ទោស នៅ​ក្នុង​ការ​លើកលែង​ទោស​ប្រចាំ​ឆ្នាំ​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​នៅ​ចំ​ពេល​ចូលឆ្នាំ​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មេសា។

ដោយ​មាន​ការ​អបអរ​ស្វាគមន៍​ពី​ក្រុម​អ្នក​កាសែត​ជា​ច្រើន​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ដើរ​ចេញ​ពី​ពន្ធនាគារ Insein នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន លោក Wa Lone បាន​សន្យា​ថា​នឹង​បន្ត​កិច្ចការ​របស់​លោក​ទៅ​មុខ​ទៀត។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​កាត់ទោស​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន និង​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ។ មុន​ពេល​ចាប់​ខ្លួន ពួកគេ​កំពុង​យក​ព័ត៌មាន​អំពី​យុទ្ធនាការ​យោធា​មីយ៉ាន់ម៉ា​ដ៏​ឃោរឃៅ​នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ពាយ័ព្យ​ប្រទេស។ យុទ្ធនាការ​នេះ​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍ Rohingya កាន់​សាសនា​ឥស្លាម​ជិត ៧ សែន​នាក់ គេច​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​នឹង​ប៉ូលិស​ពីរ​នាក់​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​ទទួល​បាន​ឯកសារ​មួយ​ចំនួន​ពី​ប៉ូលិស​ទាំង​ពីរ​នាក់​នោះ។ នៅ​ពេល​នោះ អ្នក​ទាំង​ពីរ​ស៊ើប​អង្កេត​ព័ត៌មាន​អំពី​ការ​សម្លាប់​រង្គាល​របស់​ប៉ូលិស និង​ទាហាន​លើ​ជាតិ​សាសន៍ Rohingya ១០ នាក់ នៅ​ក្នុង​ភូមិ Inn Din។

ការ​ដោះលែង​អ្នក​ទាំង​ពីរ​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល ២ សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​តុលាការ​កំពូល​របស់​ប្រទេស​មីយ៉ាន់ម៉ា​ជំទាស់​ទៅ​នឹង​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​របស់​ពួកគេ៕

XS
SM
MD
LG