ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​បង់ក្លាដេស​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់


(រូប​ឯកសារ​) ជនភៀស​ខ្លួនរ៉ូហ៊ីងយ៉ា​ មកត្រង​ទឹកយកទៅប្រើប្រាស់​នៅជំរំ​ជនភៀស​ខ្លួន​ Shalbagan ក្នុង​តំបន់​ Teknaf ប្រទេស​បង់ក្លាដេស​ ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ​២០១៩។
(រូប​ឯកសារ​) ជនភៀស​ខ្លួនរ៉ូហ៊ីងយ៉ា​ មកត្រង​ទឹកយកទៅប្រើប្រាស់​នៅជំរំ​ជនភៀស​ខ្លួន​ Shalbagan ក្នុង​តំបន់​ Teknaf ប្រទេស​បង់ក្លាដេស​ ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ​២០១៩។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ UNHCR បាន​រាយការណ៍​ថា ការបែង​ចែក​ទឹកប្រើ​ប្រាស់​សម្រាប់​ជនភៀស​ខ្លួន​រូហ៊ីងយ៉ា ​រាប់​ម៉ឺន​នាក់ក្នុង​ប្រទេស​បង់ក្លាដេស​ ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​ ដោយ​សារ​ការខ្វះខាត​ទឹក​ដ៏​ធ្ងន់ធ្ងរ។ ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ក៏បាន​រាយការណ៍ថា​ នៅ​ពេលឆាប់នេះ​នឹង​មាន​ឡាន​ដឹក​ទឹក​ចូលទៅ​តំបន់ជន​ភៀស​ខ្លួន​នោះ។

សីតុណ្ហភាព​រដូវក្តៅ​នៅតំបន់​ Teknaf ប៉ែក​ខាងត្បូង​ប្រទេស​បង់ក្លាដេស​ អាច​នឹង​ឡើងដល់​៤០​អង្សាសេ។ ក្នុង​ស្ថានភាព​បែបនេះ​ វា​មិនមែន​ជា​រឿងល្អ​ដែលត្រូវ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ទឹក​ឡើយ។ ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ UNHCR រាយការណ៍​ថា ភ្លៀង​ធ្លាក់​មិន​ទៀងទាត់​ចាប់តាំង​ពី​ខែវិច្ឆិកាបាន​បណ្តាល​ឲ្យ​ការ​ផ្គត់ផ្គង់​ទឹក​ក្នុង​តំបន់​នោះ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត។

លោក​ Andrej Mahecic អ្នក​នាំពាក្យ​អង្គការ​ UNHCR បាននិយាយ​ថា អង្គភាព​ផ្តល់​ជំនួយ​នឹង​ដឹក​ទឹក​ទៅ​តំបន់​ដែល​មាន​ជនភៀសខ្លួនប្រមាណ​ជាង ១៤០.០០០ នាក់​រស់​នៅ ​ក្នុង​រយៈពេល​២សប្តាហ៍​ខាង​មុខ​សម្រាប់​ឲ្យ​ពួកគេប្រើប្រាស់។ លោក​បាន​ប៉ាន់​ប្រមាណ​ថា​ ប្រតិបត្តិការ​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​៦ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​មួយ​ខែ។

ដោយសារ​តែ​ការ​ខ្វះខាត​ទឹក​បែប​នេះ​ លោក​បាន​បញ្ជាក់​ប្រាប់ ​VOA ថា​ អង្គការ​ UNHCR នឹង​ផ្តើម​ដាក់​កម្រិត​ការ​ផ្គត់ផ្គង់​ទឹក​ប្រចាំ​ថ្ងៃ​ដល់​ជនភៀស​ខ្លួន​ដើម្បី​អាច​រក្សា​ទឹក​ប្រើប្រាស់​បាន​យូរបន្ត​ទៀត។

លោក​ Andrej Mahecic ថ្លែង​ថា៖

«យើង​ដាក់​កម្រិត​ត្រឹម​ប្រហែល​២០​លីត្រ​ក្នុងមួយ​ថ្ងៃ។ នេះ​ជា​ស្តង់ដា​អប្បបរមា​ក្នុង​ស្ថានភាព​បន្ទាប់​បែប​នេះ​ ហើយ​ដោយសារតែ​ទឹកខ្វះខាត​ ឥឡូវនេះ​យើងត្រូវ​កម្រិតឲ្យ​ទាប​ជាង​ហ្នឹង​ទៀត​ គឺ​រហូត​ដល់​១៥​លីត្រ​សម្រាប់​ម្នាក់​ក្នុងមួយ​ថ្ងៃ។ ការធ្វើ​បែបនេះ​ នឹង​អាច​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ទាំង​អស់​ក្នុង​មួយ​ថ្ងៃ​ដល់​ជនភៀសខ្លួន​ ដែល​មាន​ដូចជា​ លាង​សម្អាត​ ដាំស្ល​ អនាម័យ​ និង​ប្រើប្រាស់​ផ្សេងៗ​ទៀត»។

លោក​ Mahecic សម្គាល់ថា​ ស្ថានភាព​នៅ​តំបន់​នេះ​ខុសប្លែក​ពី​នៅ​ភាគ​ខាងជើង​ តំបន់ Teknaf។ លោក​បាន​បន្ថែមថា​ ជនភៀស​ខ្លួន​រូហ៊ីងយ៉ា​៩សែន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់ Kutupalong មាន​ទឹកប្រើប្រាស់​គ្រប់គ្រាន់​ដោយសារ​មាន​អណ្តូង​ទឹក​ប្រើប្រាស់។

ភាព​ហួត​ហែង​នៅ​ភាគ​ខាងត្បូង​បង់ក្លាដេស​នឹង​បន្ត​ពីរ​បី​សប្តាហ៍​តទៅ​មុខ​ទៀត។ វា​ទំនង​អាច​នឹងផុត​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​មេ​និង​នៅ​ពេលរដូវ​មូសុង​វស្សា​ដែល​ចាប់​ផ្តើម​នៅចុង​ខែមិថុនា​នេះ។

ដើម្បី​ត្រៀម​លក្ខណៈ លោក​ Mahecic បាន​និយាយថា​ អង្គការ​ UNHCR កំពុងរៀប​ចំ​តម្លើង​សម្ភារ​បរិក្ខា​នានា ដើម្បី​ត្រង​ទឹកភ្លៀង​ទុក។ លោក​បានបន្តថា​ ជនភៀសខ្លួន​រាប់​រយ​នាក់​បានចូល​រួមកិច្ចការ​សាងសង់​អាង​ស្តុក​ទឹក​ថ្មី​មួយ ដើម្បី​ត្រង​ទឹកភ្លៀង​មូសុង​ ទុក​ប្រើ​ប្រាស់​ឲ្យ​បាន​ពេញ​មួយ​ឆ្នាំ។

លោក​បាន​បន្ថែម​ថា​ គម្រោង​នេះ​ អនុវត្ត​ដោយ​អង្គការម្ហូប​អាហារ​ពិភពលោក​និង​ទីភ្នាក់ងារ​មនុស្ស​ធម៌ ADRA​ និង​គាំទ្រដោយ​អង្គការ UNHCR​ ដើម្បី​ធ្វើ​ជួយ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើង៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG