ជម្លោះដីធ្លីដែលកើតឡើងដោយសារគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងខេត្តកណ្តាល រងការរិះគន់ពីសង្គមស៊ីវិលថាក្រុមហ៊ុនទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃទាបជាងទីផ្សារឆ្ងាយ ហើយប្រជាពលរដ្ឋត្រូវបានបង្ខំឲ្យទទួលយកដោយមិនមានជម្រើស។ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋដើម្បីបញ្ចៀសការតវ៉ាទំនាស់ដីធ្លី។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថាពាក់ព័ន្ធនឹងវិវាទដីធ្លី អាជ្ញាធរត្រូវតែដោះស្រាយ ដោយផ្អែកតាមច្បាប់ភូមិបាល និងច្បាប់អស្សាមិករណ៍ ដោយមានការព្រមព្រៀងគ្នារវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអាចដោះស្រាយជម្លោះ ប្រកបដោយតម្លាភាព ដើម្បីឲ្យប្រជាពលរដ្ឋអាចមានសេដ្ឋកិច្ឋសមរម្យ ហើយកុំឲ្យរងគ្រោះដោយសារការអភិវឌ្ឍ។
លោកប្រាប់វីអូអេថា៖ «រដ្ឋធម្មនុញ្ញរបស់យើង ក្នុងច្បាប់ភូមិបាលក៏ដូចជាច្បាប់អស្សាមិករណ៍ តាមពិតទៅ ទោះបីជាដីមានប្លង់ក៏ដោយគឺរដ្ឋមានសិទ្ធិក្នុងការដកហូត ដើម្បីធ្វើការអភិវឌ្ឍ ឬដើម្បីផលប្រយោជន៍ជាសាធារណៈ ក៏ប៉ុន្តែនៅក្នុងហ្នឹង គេកំណត់ច្បាស់លាស់ គឺត្រូវតែមានការប្រឹក្សាយោបល់និងផ្តល់សំណងសមរម្យ និងយុត្តិធម៌ជាមុន»។
ក្នុងករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ ក្នុងគម្រោងសាងសង់ព្រលានយន្តហោះតម្លៃប្រមាណ១.៥០០លានដុល្លារអាមេរិក មន្រ្តីសិទ្ធិមនុស្សរូបនោះបានរិះគន់ថាតម្លៃដីក្នុងមួយម៉ែត្រការ៉េ៨ដុល្លារដែលផ្តល់ឲ្យប្រជាពលរដ្ឋ ទាបជាងទីផ្សារឆ្ងាយ។
លោកថ្លែងថា៖ «ឃើញទេ!...ដូចដែលខ្ញុំបានលើកឡើងមិញថាសមរម្យទេ? ក្នុងខណៈដីនៅជុំវិញនោះ៨០ទៅ១០០ដុល្លារ ហើយ[បែរជា]គាត់បាន៨ដុល្លារបែបហ្នឹងសមរម្យទេ? យុត្តិធម៌ទេ? សម្រាប់ពួកគាត់រស់នៅជុំវិញហ្នឹង។ គេក្លាយជាអ្នកមានអស់ហើយ គេលក់ដីបានរាប់ម៉ឺនដុល្លារ រាប់លានដុល្លារអស់ហើយប៉ុន្តែពួកគាត់នៅតំបន់នោះវិញ ពួកគាត់ត្រូវបានប្រយោជន៍ធំជាងគេពីការអភិវឌ្ឍហ្នឹង ប៉ុន្តែផ្ទុយទៅវិញពួកគាត់ត្រូវរងទឹកភ្នែក ហើយត្រូវគេរឹបអូសយកដី»។
លោក វណ្ណ សុផាត ជំរុញឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវតែអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល និងគោលការណ៍ច្បាប់ ដោយកុំលម្អៀងទៅខាងក្រុមហ៊ុន ហើយកុំឲ្យមានការបំបាក់ស្មារតី និងការគំរាមកំហែងប្រជាពលរដ្ឋឲ្យពួកគេទទួលយកសំណងនេះ។
លោកបន្តថា៖ «បើសិនជាមានប្លង់រឹងហើយនៅតែគេបណ្តេញយកដីរបស់គាត់បានទៀត។ វាជាការគំរាមកំហែងមួយសម្រាប់ប្រជាពលរដ្ឋដទៃទៀតនៅទូទាំងប្រទេសដែលគាត់មានបណ្ណរឹងដែលថាថ្ងៃណាមួយ ការអភិវឌ្ឍហ្នឹងចូលទៅដល់កន្លែងគាត់ គាត់មិនបែរជាត្រេកអរថាបានកំណប់ទៅវិញ តែបែរទៅជាមានការព្រួយបារម្ភថាគាត់ហ្នឹងត្រូវគេបណ្តេញចេញទាំងបង្ខំក្នុងការយកដី យកផ្ទះ»។
ជម្លោះដីធ្លីនៅកម្ពុជាបានកើតឡើងជាបន្តបន្ទាប់ ទាក់ទងនឹងការផ្តល់ដីសម្បទានដល់ក្រុមហ៊ុនវិនិយោគ ប៉ុន្តែរដ្ឋាភិបាលបានបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច កាលពីឆ្នាំ២០១២។ ចំណែកជម្លោះដីធ្លីជាមួយក្រុមហ៊ុនធំៗដែលយកដីទៅអភិវឌ្ឍជាទីក្រុងរណប ឬព្រលានយន្តហោះ ដូចនៅក្នុងខេត្តកណ្តាល ក៏ត្រូវបានមើលឃើញថាផ្តល់សំណងមិនសមរម្យដែរ។
ការផ្តល់សំណងក្នុងជម្លោះដីធ្លីនៅប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់អភិវឌ្ឍន៍ ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថាតែងតែមានភាពចម្រូងសម្រាស ភាពមិនប្រក្រតីនិងមានភាពអយុត្តិធម៌សម្រាប់ពលរដ្ឋ។
ហើយក្នុងករណីជាច្រើន ដែលប្រជាពលរដ្ឋត្រូវបានបណ្តេញចេញដោយបង្ខំ មានការតវ៉ា ប្តឹងផ្តល់ទៅតុលាការ និងមានការចោទប្រកាន់ដាក់ពន្ធនាគារ។ តួយ៉ាងនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង ប្រជាពលរដ្ឋ៩នាក់ដែលតវ៉ាទាមទារសំណងដីធ្លីសមរម្យ ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ។
លោក ភាព សុភា ប្រធានកម្មវិធីដីធ្លីនិងព្រៃឈើនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានថ្លែងថាការអភិវឌ្ឍន៍ត្រូវតែមានការចូលរួមពិគ្រោះយោបល់ពីប្រជាពលរដ្ឋរងគ្រោះ អាជ្ញាធរមូលដ្ឋានអង្គការសង្គមស៊ីវិល ដើម្បីដោះស្រាយផលប៉ះពាល់ឲ្យបានចប់សព្វគ្រប់ជាមុនសិន ទើបអាចអនុវត្តគម្រោងទៅបាន។ លោកជំរុញឲ្យអាជ្ញាធរនិងក្រសួងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាវិវាទដីធ្លី ដោយសន្តិវិធី ប្រកបដោយតម្លាភាព និងមានការឯកភាពគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។
លោកប្រាប់វីអូអេថា៖ «សម្រាប់ NGO Forum ក៏ដូចជាអង្គការសមាជិក និងដៃគូដែលបានពិភាក្សាទៅលើបញ្ហានេះ ជារួមយើងចង់ឃើញការដោះស្រាយបញ្ហានេះអាច ធ្វើឡើងដោយសន្តិវិធីដោយឈរលើគោលការណ៍ឈ្នះៗ បានន័យថាអាជ្ញាធរក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលនិងធ្វើការសម្របសម្រួល ដើម្បីឲ្យភាគីប្រជាពលរដ្ឋរងគ្រោះក៏ដូចជាឯកជនអាចមានឱកាសដើម្បីជួបជជែកពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយមួយដែលអាចទទួលយកបាននិងដោះស្រាយអំពីសំណងឲ្យមានភាពសមរម្យ និងយុត្តិធម៌ផងដែរ»។
លោក ណៃ ភន រស់នៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ដែលមានដីជម្លោះជាមួយក្រុមហ៊ុនOCICប្រមាណ១ហិកតា បានប្រាប់វីអូអេថាលោកមិនទទួលយកតម្លៃដី៨ដុល្លារដែលក្រុមហ៊ុននិងអាជ្ញាធរកំណត់ឲ្យនេះទេ ដោយសារតម្លៃនេះទាបជាងទីផ្សារខ្លាំងពេកខណៈដីនៅតំបន់ជិតនោះមានតម្លៃប្រមាណ១០០ដុល្លារ។
លោកថ្លែងថា៖ «ឲ្យវាប្រហាក់ប្រហែលនឹងទីផ្សារទៅ។ បើនិយាយទៅឆ្ងាយចេញពីកន្លែងការទិញលក់ហ្នឹងតែ១ម៉ែត្រ គឺគេទទួលបាន៧០ទៅ៨០ [ឬ]១០០[ដុល្លារ] ១០០[ដុល្លារ]ជាងជាប់ផ្លូវ។ ហើយយើង៨ដុល្លារបីឆ្នាំហើយដែលគេចេញឲ្យហ្នឹង»។
វីអូអេមិនទាន់សុំការអត្ថាធិប្បាយពីលោក ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC បាននៅឡើយទេ។
តំណាងក្រុមហ៊ុនលោក ជូ កុកសាយបានប្រាប់វីអូអេកាលពីថ្ងៃពុធថាក្រុមហ៊ុននៅតែផ្តល់ជម្រើស២ទៅប្រជាពលរដ្ឋ ដែលរួមមានការផ្តល់សំណងចំនួន៨ដុល្លារក្នុងមួយម៉ែត្រការ៉េ និងដោះដូរដីចំពោះដីប្រជាពលរដ្ឋមានការប៉ះពាល់ផ្លូវយន្តហោះរត់។ លោកបញ្ជាក់ថាក្រុមហ៊ុនមិនបានបង្ខំប្រជាពលរដ្ឋណាម្នាក់ក្នុងការលក់ដីឲ្យក្រុមហ៊ុននោះទេ ហើយការចរចាតម្លៃដីយ៉ាងណាលោកមិនអាចបញ្ជាក់បានទេ ដោយលោកថាធ្វើតាមគោលការណ៍របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បាននៅឡើយទេ។
នៅក្នុងជម្លោះដីធ្លីដែលពលរដ្ឋមិនព្រមទទួលសំណងនេះដែរលោកភោគ និល អាយុ៥១ឆ្នាំដែលមានដីប្រមាណ៧ពាន់ម៉ែត្រការ៉េ ឬ៧០អា ដែលប៉ះពាល់ជាមួយគម្រោងជីកប្រឡាយទឹកសាធារណៈរដ្ឋក្នុងខេត្តស្វាយរៀង បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាប្រជាពលរដ្ឋប្រមាណ២៤០គ្រួសារក្នុងឃុំឈើទាល និងឃុំក្រោលគោ បានស្នើសុំសំណងដីស្របច្បាប់របស់ខ្លួន តែក្នុងតម្លៃ៨ពាន់រៀលក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែអាជ្ញាធរផ្តល់ឲ្យតែ២៤០០រៀលក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។
លោកថ្លែងថា៖ «រដ្ឋគិតឲ្យតែ៦កាក់ [ស្មើ២៤០០រៀល]ក្នុងមួយម៉ែត្រការ៉េ ពលរដ្ឋសុំតែ២[ដុល្លារ]ទេក្នុងមួយម៉ែត្រការ៉េ។ ហើយប៉ុន្តែ[រដ្ឋ]អត់ព្រមទេ សម្រួលលើកណាក៏ដោយឲ្យ១ហិកតាតែ[តម្លៃ៦ពាន់[ដុល្លារ]ទេ។
លោកថ្លែងបន្តថា៖ «អ៊ំមិនដឹងសង្ឃឹមពីណាទេ ដោយសារថាយើងទីទាល់ អត់មានបងធំ បងតូច ឬមន្ត្រីណា ដែលជាទំនុកយើងអាចពឹងពាក់បាននោះទេ [គឺ]ទទេ»។
លោកផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាការសិក្សាគម្រោងអភិវឌ្ឍន៍គឺមានពីរក្រុម គឺក្រុមអ្នកសិក្សាគម្រោង និងមួយក្រុមទៀតអ្នកដោះស្រាយគម្រោងដែលអ្នកដោះស្រាយគម្រោងភាគច្រើន គឺជាអាជ្ញាធរមូលដ្ឋាន។ លោកបន្តថារដ្ឋមិនអាចផ្តល់សំណងតាមការទាមទាររបស់ប្រជាពលរដ្ឋ ទៅតាមតម្លៃទីផ្សារបច្ចុប្បន្នបានទេ ហើយអាជ្ញាធរក៏មិនអាចរឹបអូសដីរបស់ប្រជាពលរដ្ឋបានដូចគ្នាដែរដូច្នេះត្រូវតែមានការដោះស្រាយសម្របសម្រួល និងធ្វើតាមរយៈផ្លូវច្បាប់តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ជារៀងរាល់ឆ្នាំ ជារៀងរាល់ដង គឺអញ្ចឹងប្រជាពលរដ្ឋ គាត់ទាមទារទៅតាមរយៈទីផ្សារ ហើយតម្លៃទីផ្សារអត់មានចែងនៅក្នុងក្រដាសស្នាមទេគឺចែងនឹងមាត់របស់អ្នកគួកជេដី អ្នកទិញដូរ អ្នកជួញដូរដីដូច្នេះរដ្ឋមិនអាចធ្វើអញ្ចឹងទៅបានទេ។ អញ្ចឹងបានការថ្លឹងថ្លែងរបស់«ច្បាប់អស្សាមិករណ៍» គឺតម្រូវថាតើផលប្រយោជន៍សាធារណៈជាធំដែរឬទេ។ បើជាផលប្រយោជន៍ជាធំបែបនេះជាការសម្រេចចិត្តរបស់អាជ្ញាធរប៉ុន្តែមិនមែនអនុញ្ញាតឲ្យអាជ្ញាធរទៅរឹបអូសយកនោះទេ ក៏ប៉ុន្តែត្រូវតែរក្សាការដោះស្រាយជជែកគ្នា ទៅតាមតម្លៃមួយដែលសមស្របក្នុងកិច្ចការពារសាធារណៈ»។
លោកថ្លែងបន្តថា៖ «បើភាគីទាំងពីរមិនត្រូវគ្នាក្នុងការសម្រេចតម្លៃនៃការសងនៃការដោះដូរហ្នឹង[មានតែ]ទៅតុលាការ[ដែល]តុលាការជាអ្នកសម្រេច។ តាមរយៈនេះសូមអំពាវនាវប្រជាពលរដ្ឋក្នុងការប្រើប្រាស់អ្វីដែលជានីតិរដ្ឋរបស់យើង ដែលលោកមិនពេញចិត្តគួរតែនាំគ្នាទៅតុលាការ[ដោយ]រកមេធាវីទៅតុលាការ ពីព្រោះច្បាប់បានបើកឲ្យប្រជាពលរដ្ឋមានសិទ្ធិប្តឹងបរិហារ នៅពេលដែលគេយល់ឃើញថាអ្វីទៅផលប្រយោជន៍របស់បុគ្គល»។
មាត្រា១៩នៃច្បាប់ស្តីពីអស្សាមិករណ៍ចែងថាការដកហូតកម្មសិទ្ធិលើអចលនវត្ថុអាចធ្វើទៅបានលុះត្រាតែគណៈកម្មាធិការអស្សាមិករណ៍បានផ្តល់សំណងសមរម្យ និងយុត្តិធម៌តាមគោលការណ៍ និងនីតិវិធីនៃការទូ
ទាត់សំណង។ ប៉ុន្តែច្បាប់នេះចែងថាម្ចាស់អចលនទ្រព្យមិនអាចធ្វើពាក្យបណ្តឹងតវ៉ានៅក្នុងជម្លោះដីធ្លី លើគម្រោងធំៗរបស់រដ្ឋ ដូចជាអភិវឌ្ឍផ្លូវជាតិធំៗ ស្ពាន ផ្លូវរទេះភ្លើង ការតភ្ជាប់ ការចែកចាយបណ្តាញទឹកភ្លើង ប្រព័ន្ធលូ ធារាសាស្រ្តជាដើម៕