អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និយាយនៅក្នុងសេចក្តីរាយការណ៍ថ្មីមួយថាប្រទេសថៃមានគ្រោះថ្នាក់ជាងមុនសម្រាប់ក្រុមអ្នកប្រឆាំងបរទេសស្វះស្វែងរកកន្លែងជ្រកកោននៅក្នុងប្រទេសនេះក្នុងទសវត្សរ៍មុននេះ ហើយក៏មានការបង្ក្រាបជាងមុនលើពួកប្រឆាំងខ្លួនផ្ទាល់នៅប្រទេសក្រៅផងដែរ។
អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះបានកំណត់ការចាប់ផ្តើមការបង្ក្រាបនេះតាំងពីរដ្ឋប្រហារក្នុងឆ្នាំ២០១៤នៅប្រទេសថៃដែលបានប្តូររដ្ឋាភិបាលជាប់ឆ្នោតតាមប្រជាធិបតេយ្យសម្រាប់របបយោធាផ្តាច់ការ។ ការបោះឆ្នោតក្នុងឆ្នាំ២០១៩បានធ្វើឱ្យលោក Prayut Chan-ocha អតីតឧត្តមសេនីយ៍នៅក្រោយរដ្ឋប្រហារនោះ កាន់អំណាចជាប្រមុខរដ្ឋាភិបាលគាំទ្រដោយយោធាសម្រាប់រយៈពេលបួនឆ្នាំទៀត។
ទោះជាគណបក្សរបស់លោក Prayut ចាញ់នៅក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំទៅក៏ដោយ ក៏បក្សនេះជាផ្នែកមួយនៃក្រុមចម្រុះគ្រប់គ្រងប្រទេសដោយសមាជិកជាន់ខ្ពស់ស្ថិតក្នុងគណៈរដ្ឋមន្ត្រី។
អ្នកស្រី Elaine Pearson ជានាយិកាអង្គការ Human Rights Watch ប្រចាំទ្វីបអាស៊ី។ អ្នកស្រីបាននិយាយប្រាប់វីអូអេនៅមុនការចេញផ្សាយសេចក្តីរាយការណ៍នេះនៅក្រុងបាងកកកាលពីថ្ងៃទី១៦ឧសភាថា«ជាយូរយាមកហើយ ប្រទេសថៃជាទីជ្រកកោនសម្រាប់មនុស្សរត់គេចខ្លួនចេញពីការធ្វើទុក្ខបុកម្នេញនៅប្រទេសជិតខាង»។
អ្នកស្រីបានថ្លែងថា«ប៉ុន្តែតាំងពីឆ្នាំ២០១៤មកយើងបានកត់សម្គាល់ថាមានកំណើននៃការចាត់ចែងជាមួយប្រទេសឯទៀតៗនិងការកើនឡើងនៃការយាយី ការតាមឃ្លាំមើលនិងការបំភិតបំភ័យពួកជននិរទេសខ្លួននៅថៃ ជាញឹកញយជាក្រុមអ្នកស្វែងរកទីជ្រកកោនឬជាជនភៀសខ្លួនរង់ចាំការតាំងលំនៅឋានជាថ្មីនៅក្នុងប្រទេសទីបី»។
អ្នកនាំពាក្យរដ្ឋាភិបាលថៃមិនបានឆ្លើយតបនឹងការសុំរបស់វីអូអេឱ្យធ្វើអត្ថាធិប្បាយទេ។ អតីតអ្នកនាំពាក្យពីរនាក់របស់រដ្ឋាភិបាលមុនរបស់លោក Prayut មិនបានឆ្លើយតបនឹងវីអូអេទេ។
របាយការណ៍នេះមានចំណងជើងថា «We Thought We Were Safe: Repression and Forced Return of Refugees in Thailand » ឬដែលមានន័យថា «យើងស្មានតែយើងមានសុវត្ថិភាព៖ ការបង្ក្រាបនិងការបង្ខំជនភៀសខ្លួននៅប្រទេសថៃឱ្យទៅប្រទេសពួកគេវិញ»។ សេចក្តីរាយការណ៍នេះចែងអំពីករណីចំនួន២៥តាំងពីរដ្ឋប្រហារមក ដែលមានចាប់តាំងពីការវាយប្រហារដោយពួកជនអន្ធពាលពាក់ម៉ាស់រហូតដល់ការចាប់ពង្រត់ ការបញ្ជូនទៅប្រទេសដើមវិញនិងការសម្លាប់ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសថៃនិងប្រទេសជិតខាង ភាគច្រើនប្រទេសឡាវនិងកម្ពុជា។
អ្នកស្រី Pearson បានថ្លែងថា«ពាក់ព័ន្ធនឹងកម្រិតនៃការចូលរួមរបស់រដ្ឋ មានការខុសគ្នាពិតប្រាកដ។ ប៉ុន្តែយើងខ្វល់ខ្វាយថាក្នុងករណីមួយចំនួនមានសហការជាក់លាក់រវាងអាជ្ញាធរថៃនិងពួកមន្ត្រីមកពីប្រទេសឯទៀតៗដើម្បីចាប់ខ្លួននិងបញ្ជូនក្រុមជនអាចមានគ្រោះថ្នាក់នៅថៃឱ្យទៅប្រទេសពួកគេវិញ»។
ករណីមួយក្នុងបណ្តាករណីដំបូងៗមានឡើងនៅក្រោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤ក៏ជាករណីធំបំផុតដែរ។
កាលពីឆ្នាំ២០១៥ ថៃបានបញ្ជូនជនជាតិភាគតិច Uyghur ១០៩នាក់ទៅប្រទេសចិនវិញ។ សហរដ្ឋអាមេរិកនិងប្រទេសឯទៀតៗបានចោទប្រកាន់អាជ្ញាធរចិនថាបានប្រល័យពូជសាសន៍ប្រឆាំងនឹងក្រុមជនអំបូរភាគតិចអ៊ិស្លាមនៅក្នុងប្រទេសខ្លួន។ ចិនបានបដិសេធការចោទប្រកាន់ទាំងនេះហើយ។
ក្រុមជនអំបូរ Uyghur ទាំងនេះត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៤ដោយសារបានចូលក្នុងប្រទេសថៃដោយខុសច្បាប់ដោយសង្ឃឹមថាជាវីធីមួយដើម្បីទៅប្រទេសតួកគីដែលពួក Uyghurs អះអាងថាមានឫសគល់នៅទីនោះ។
អាជ្ញាធរថៃនៅពេលនោះបានការពារចំណាត់ការនេះថាជា«ការធ្វើតាមពិធីការ»។
ករណីឯទៀតៗមានអាថ៌កំបាំងជាងនេះ ប៉ុន្តែមានអ្វីដែលពួកអ្នកការពារសិទ្ធិមនុស្សជឿថាជាសញ្ញាសម្គាល់នៃការចូលរួមរបស់រដ្ឋបរទេស។
ក្នុងឆ្នាំ២០២៣ លោក Duong Van Thai សកម្មជននិងអ្នកកាសែតវៀតណាមដែលជ្រកកោននៅថៃនៅពេលរៀបចំផែនការទៅតាំងលំនៅជាថ្មីនៅប្រទេសក្រៅ ត្រូវបានចាប់ពង្រត់នៅខាងមុនផ្ទះលោកជួលនៅប៉ែកខាងជើងក្រុងបាងកក។ អង្គការ Human Rights Watch ថាការចាប់ពង្រត់នេះមានថតតាមវីដេអូ។ ប៉ុន្មានថ្ងៃបន្ទាប់មក អាជ្ញាធរវៀតណាមបាននិយាយថាលោក Duong ត្រូវបានចាប់ខ្លួនដោយចូលក្នុងប្រទេសថៃដោយខុសច្បាប់ ដែលជាការអះអាងមួយមិត្តភ័ក្តិលោកបានបដិសេធថាមិនសមហេតុផល។ តាំងពីពេលនោះមកលោកត្រូវបានកាត់ក្តីពីព្រោះបាន«ធ្វើការឃោសនាប្រឆាំងនឹងរដ្ឋ»។
អង្គការ Human Rights Watch និងអង្គការឯទៀតៗនិយាយថាករណីបែបនេះ ដែលមានឬគ្មានការទទួលសារភាពរបស់រដ្ឋ ហាក់ដូចជាផ្នែកមួយនៃ«ការចាប់ក្រុមប្រឆាំងដូរគ្នា»មានយូរមកហើយរវាងពួកប្រទេសក្នុងតំបន់ទន្លេមេគង្គដែលជាការចាត់ចែងឱ្យមានការព្រមព្រៀងគ្នាមួយក្នុងការប្តូរក្រុមអ្នកប្រឆាំងខាងនយោបាយនៃប្រទេសនីមួយៗដោយមិនគិតអំពីការធ្វើទុក្ខបុកម្នេញនៅពេលពួកគេត្រូវបញ្ជូនទៅកាន់ប្រទេសពួកគេវិញទេ។
ក្រុមការពារសិទ្ធិមនុស្សទាំងនេះនិយាយថាការព្រមព្រៀងភាគច្រើនមិនត្រូវបានផ្សាយជាសាធារណៈទេ។ ប៉ុន្តែកាលពីឆ្នាំ២០១៨ ប្រទេសថៃនិងកម្ពុជាបានប្រកាសអំពីសន្ធិសញ្ញាទ្វេភាគីមួយសម្រាប់តាមឃ្លាំមើលនិងបញ្ជូន«ពួកអ្នករត់គេចខ្លួន»ឱ្យទៅប្រទេសរៀងៗខ្លួនវិញ។
អ្នកស្រី Pearson បានពោលថាទោះជាមានការចែងថាកិច្ចព្រមព្រៀងនេះជួយយកឧក្រិដ្ឋជនត្រូវតាមរកទៅឱ្យតុលាការកាត់ទោសក៏ដោយ ក៏«ការពិតជាក់ស្តែងគឺថាការណ៍នេះបើកដៃឱ្យមានការតាមដានក្រុមអ្នកប្រឆាំងខាងនយោបាយ»។
អង្គការ Human Rights Watch បានថ្លែងថាមានអ្នកប្រឆាំងបរទេសតិចណាស់១២នាក់ជ្រកកោននៅថៃ រូមមានទាំងជនជាតិខ្មែរមួយចំនួនដែរ ត្រូវបានរាយការណ៍ថាត្រូវតាមឃ្លាំមើលដោយពួកបុរសមិនស្គាល់អត្តសញ្ញាណចាប់តាំងពីឆ្នាំ២០១៤មក ហើយមានការបញ្ជាក់ថាពិតអំពីការវាយប្រហារយ៉ាងហោចណាស់ចំនួនបួនលើក។
ពួកអ្នកប្រឆាំងថៃស្វះស្វែងរកកន្លែងជ្រកកោននៅប្រទេសក្រៅពីរដ្ឋាភិបាលខ្លួនផ្ទាល់ក៏គ្មានសុវត្ថិភាពដែរ។
អ្នកប្រឆាំងថៃ៩នាក់បានបាត់ខ្លួនឬស្លាប់ក្នុងកាលៈទេសៈមានការសង្ស័យកាលពីទសវត្សរ៍មុនក្នុងប្រទេសឡាវតែមួយ។ ជនទាំងនេះមានរួមសកម្មជនពីរនាក់ដែលសាកសពត្រូវបានរកឃើញកាលពីខែមករា ឆ្នាំ២០១៩នៅតាមច្រាំងទន្លេមេគង្គដែលបែកចែកប្រទេសទាំងពីរនេះ។ ដៃពួកគេត្រូវចងទៅក្រោយ ពោះពួកគេត្រូវបានវះហើយញាត់បំណែកសំណង់ស៊ីម៉ង់នៅក្នុងការប៉ុនប៉ងធ្វើឱ្យសពជនពីរនេះលិចក្នុងទឹក។
ករណីទាំងអស់រៀបរាប់នៅក្នុងសេចក្តីរាយការណ៍នេះបានកើតឡើងមុនរដ្ឋាភិបាលថ្មីនៃប្រទេសថៃចូលកាន់តំណែង។
អ្នកស្រី Pearson ថា វាហាក់ដូចជាលឿនពេកក្នុងការនិយាយថាតើប្រទេសថៃនឹងកែប្រែវិធានការនេះឬយ៉ាងណាទេ ប៉ុន្តែអ្នកស្រីបាននិយាយបន្ថែមថាមានការលើកទឹកចិត្តថ្មីៗដើម្បីប្រឹងប្រែងធ្វើការកែប្រែ។
អ្នកស្រី Pearson បានមានប្រសាសន៍ថា«ជាពិសេសនៅពេលមួយដែលប្រទេសថៃទាក់ទាញវិនិយោគពីរដ្ឋាភិបាលលោកខាងលិច ប៉ុន្តែក៍ប្រឹងប្រែងឱ្យមានអាសនៈមួយក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.នាក្រុងហ្សឺណែវដែរ។ ដូច្នេះថៃត្រូវការបង្ហាញថាខ្លួនកំពុងដោះស្រាយការរំលោភលើសិទ្ធិមនុស្សដែលកើតមានលើទឹកដីខ្លួន»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ