ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស៖ ថៃ​មិនមែន​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន រួមទាំង​ជន​ភៀស​ខ្លួន​កម្ពុជា


រូបឯកសារ៖ អ្នក​ជាប់​ឃុំ​ឈរ​​ផ្តុំ​គ្នា​ នៅ​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​អន្តោប្រវេសន៍​ នៅទីក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នក​ជាប់​ឃុំ​ឈរ​​ផ្តុំ​គ្នា​ នៅ​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​អន្តោប្រវេសន៍​ នៅទីក្រុង​បាងកក ប្រទេស​ថៃ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​រក​ឃើញ​ថា​ អាជ្ញាធរ​ថៃ​បាន​កំពុង​ជួយ​ដល់​រដ្ឋាភិបាល​ប្រទេស​ជិត​ខាង​របស់​ខ្លួន រួមមាន​កម្ពុជា​ផង​ដែរ ​ដើម្បី​ចាត់​វិធាន​ការ​ខុស​ច្បាប់​ប្រឆាំង​នឹង​ជន​ភៀស​ខ្លួន ​និង​អ្នក​ប្រឆាំង​មក​ពី​បរទេស។​ អង្គការ​បញ្ជាក់​ថា​ ​ការណ៍​នេះ​នាំ​ឱ្យ​ប្រទេស​ថៃ​កាន់​តែ​គ្មាន​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​ប្រទេស​ខ្លួន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក ​បញ្ជាក់​បែប​នេះ​ក្នុង​របាយ​ការណ៍​មួយដែល​មាន​ចំណង​ជើង​ថា ​«យើង​គិត​ថា​ យើង​មាន​សុវត្ថិ​ភាព៖ ​ការ​គាប​សង្កត់ ​និង​ការ​ជម្លៀស​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ»។​

របាយ​ការណ៍​ ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បង្ហាញ​ថា​ អាជ្ញាធរ​ថៃ​បាន​បង្កើន​ការ​គាប​សង្កត់​ទៅ​លើ​ជន​បរទេស​ដែល​កំពុង​ស្វែង​រក​ការ​ការពារ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ ​រដ្ឋាភិបាល​បរទេស​បាន​ឱ្យ​និរទេស​ជន​ប្រឆាំង ​និង​សកម្ម​ជន​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​រង​ការ​យាយី ​ការ​ឃ្លាំមើល ​និង​អំពើ​ហិង្សា​លើ​រូបរាង​កាយ​ ជា​ញឹក​ញាប់​ដោយ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ពី​អាជ្ញាធរ​ថៃ​ ហើយ​ក្នុង​ករណី​មួយ​ចំនួន​ មន្ត្រី​ថៃ​បាន​ចាប់​ខ្លួន​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ​និង​ជន​ភៀស​ខ្លួន ​ហើយ​និរទេស​ពួកគេ​ដោយ​គ្មាន​នីតិវិធី​ត្រឹម​ត្រូវ​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ភាសា​អង់គ្លេស ​និង​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​ «អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​បាន​វិភាគ​ករណី​ចំនួន​២៥​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ ចន្លោះ​ឆ្នាំ​ ២០១៤​ និង​ឆ្នាំ​ ២០២៣​ ហើយ​បាន​ធ្វើ​បទ​សម្ភាសន៍​ចំនួន ​១៨​ ជាមួយ​ជន​រង​គ្រោះ ​សមាជិក​គ្រួសារ ​និង​សាក្សី​ចំពោះ​ការ​រំលោភ​បំពាន ​រួម​និង​បាន​សម្ភាស​ជាមួយ​នឹង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក ​និង​អន្តរ​ជាតិ។ ​រដ្ឋាភិបាល​ដែល​ទទួល​ខុស​ត្រូវ​រួម​មាន​ប្រទេស​សមាជិក​នៃ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ​ឬ​ហៅ​ថា​ អាស៊ាន ​ក៏​ដូច​ជា​ប្រទេស​ចិន ​និង​បារ៉ែន ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត»។​

អង្គការ​មួយ​នេះ​បាន​លើក​យក​ករណី​សកម្មជន​ខ្មែរ​ម្នាក់​ លោក​ ផាន់ ផាណា ​ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ក្នុង​ខែ​កក្កដា ​ឆ្នាំ​ ២០២២។ ​លោក​បាន​និយាយ​ថា ​លោក​បាន​ចាប់​ផ្តើម​ទទួល​លិខិត​ពី​មន្ត្រី​កម្ពុជា​ដែល​ជំរុញ​ឱ្យ​លោក​ដក​ខ្លួន​ចេញ​ពី​គណបក្ស​ប្រឆាំង ​ហើយ​បន្ទាប់​ពី​លោក​បាន​ទទួល​សំបុត្រ​ទាំង​នេះ​អស់​ជា​ច្រើន​ខែ ​លោក​ត្រូវ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​វាយ​ប្រហារ​កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០២៣។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បន្ថែម​ថា៖​ «ទន្ទឹម​នឹង​នេះ ​សកម្ម​ជន​ថៃ​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់ ​ឬ​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ឡាវ ​និង​វៀតណាម។ ​សាក​សព​សកម្មជន​បាត់​ខ្លួន​ពីរ​នាក់​ក្រោយ​មក​ត្រូវ​បាន​រក​ឃើញ​អណ្តែត​ក្នុង​ទន្លេ​មេគង្គ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។​

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧​ ប្រទេស​ថៃ​ក្លាយ​ជា​កន្លែង​មួយ​ដែល​សកម្ម​ជន​សង្គម​និង​នយោបាយ​ខ្មែរ​បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន ​គេច​ពី​ការ​ចាប់​ខ្លួន ​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ខឹម មុន្នី​កុសល ​ប្រធាន​គណៈ​កម្មការ​សម្រប​សម្រួល​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​និង​ជា​សមាជិក​ម្នាក់​របស់​គណ​បក្ស​ភ្លើង​ទៀន​ដែល​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ​ប្រាប់​វីអូអេ​ថា​ ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​កាល​ពី​ដើម​ខែ​កុម្ភៈ​រហូត​មក​ដល់​ពេល​នេះ ​មិន​មាន​ការ​ចាប់​ខ្លួន​ ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បន្ថែម​ណា​មួយ​លើ​សកម្ម​ជន​ភៀស​ខ្លួន​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​ទៀត​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​នៅ​តែ​មាន​ការ​តាមដាន​ ការ​តាម​រក​សកម្ម​ជន​សំខាន់ៗ​ដដែល​ទេ​ មិន​ទាន់​មាន​អ្វី​ដែល​ថា​ ជន​ភៀស​ខ្លួន​ហ្នឹង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​មាន​សុវត្ថិភាព​នៅ​ឡើយ​ទេ»។​

បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ខឹម មុន្នីកុសល ​លោក​ ផាន់ ផាណា ​និង​លោក ​គង់ រ៉ៃយ៉ា ​អតីត​សកម្ម​ជន​របស់​គណ​បក្ស​ភ្លើង​ទៀន​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយ។ ​ប៉ុន្តែ​ភរិយា ​និង​កូនៗ​របស់​ពួកគេ​ត្រូវ​បាន​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ ​ដោយ​សារ​តែ​បញ្ហា​សុខ​ភាព​កូន​តូចៗ​របស់​ពួកគេ។​

សកម្ម​ជន​នយោបាយ​ខ្មែរ​ចំនួន​បីរូប​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ដែល​មាន​លោក​ ផាន់ ផាណា ​លោក ​គង់ រ៉ៃយ៉ា ​និង​លោក ​លឹម សុខា ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃទី ​២ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២៤ ​ដែល​ការ​ចាប់​ខ្លួន​កាល​នោះ​ធ្វើ​ឡើង​នៅ​មុន​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ​យល់​ឃើញ​ថា ​ប្រទេស​ថៃ​មិន​មែន​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​សកម្មជន​គណបក្ស​នយោបាយ ​សកម្ម​ជន​សង្គម ​និង​សកម្ម​ជន​ដទៃ​ទៀត​ដែល​មក​ពី​បណ្តា​ប្រទេស​នានា ​សម្រាប់​ការ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី​ ៣ ​ទៀត​ទេ។​ លោក​ថា​ កន្លង​មក​អាជ្ញាធរ​ថៃ​ធ្លាប់​ចាប់​បញ្ជូន​សកម្ម​ជន​មួយ​ចំនួន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ​រួម​ទាំង​សកម្មជន​ខ្មែរ​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «ក្នុង​ហ្នឹង​ក៏​យើង​ឃើញ​មាន​កម្ពុជា​ផង​ដែរ​ ដែល​កន្លង​មក​សកម្ម​ជន​គណបក្ស​នយោបាយ​មួយ​ចំនួន​ហ្នឹង​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​ខ្មែរ​វិញ​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​តុលាការ​ ក៏ដូច​ជា​ធ្វើ​ការ​ចោទ​ប្រកាន់​ ឃុំ​ខ្លួន ​ឬ​កាត់​ទោស​ទៅ​តាម​បទ​ល្មើស​ដែល​បាន​ចោទ​ប្រកាន់»។​

បើ​តាម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​រូប​នេះ ​អាជ្ញាធរ​ថៃ​ក៏​បាន​ធ្លាប់​ចោទ​ប្រកាន់​សកម្ម​ជន​មួយ​ចំនួន ​ដោយ​ចាប់​ពួក​គេ​ដាក់​ពន្ធនាគារ​ ក្រោម​ហេតុ​ផល​ថា​ បាន​ចូល​ទៅ​រស់​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ បើ​ទោះ​បីជា​សកម្ម​ជន​ទាំង​នោះ​មាន​បណ្ណ​ទទួល​ស្គាល់​ពី​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​(UNHCR)​ ក៏​ដោយ។​

លោក​ អំ សំអាត ​បន្ថែម​ថា​ ដោយសារ​តែ​ប្រទេស​ថៃ​ជា​ប្រទេស​កាន់​ខ្ជាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ (UNHCR)​ ដូច្នេះ​លោក​ជំរុញ​ឱ្យ​មាន​ការ​ជជែក​ពី​បញ្ហា​នេះ​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ជន​ភៀស​ខ្លួន​ទាំង​អស់។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នេះ​គួរតែ​ជជែក​ជាមួយ​នឹង​ថៃ​ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់​ជន​ភៀស​ខ្លួន​ដែល​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ ហើយ​នឹង​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ថៃ ​ឬ​ក៏​ការ​ចាប់​ដាក់​ពន្ធនាគារ​អី​ជាដើម​នោះ»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ប៉ែន បូណា ​បញ្ជាក់​ថា ​នេះ​ជា​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ជិត​ខាង ​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​នីមួយៗ ​និង​ក្នុង​តំបន់​ជា​ដើម​ ក្នុង​ការ​កសាង​នូវ​ទំនាក់​ទំនង​ល្អ​ កិច្ច​សហ​ប្រតិបត្តិ​ការ ​និង​ការ​អភិវឌ្ឍ​ ដែល​មិនមែន​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដូច​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ឡើយ។ ​លោក​បន្ត​ថា ​ប្រទេស​កម្ពុជា ​ថៃ ​វៀតណាម​ និង​ឡាវ​មាន​គោល​ការណ៍​មួយ​ច្បាស់​លាស់​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ណា​មួយ​យក​ដែនដី​របស់​ខ្លួន​ធ្វើ​ជា​ទីតាំង​សុវត្ថិភាព​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ប្រទេស​ណាមួយ​ជា​ដាច់​ខាត។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ការ​បកស្រាយ​ថា​ អ្នកនេះ​ជា​ជន​ភៀស​ខ្លួន។​ អ្នក​នោះ​ជា​ជន​ភៀស​ខ្លួន វា​គ្រាន់​តែ​ការ​បកស្រាយ​របស់​អ្នក​ណា​ ឬ​អង្គការ​ណា​មួយ​ដោយ​ឡែក​តែ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​រដ្ឋាភិបាល​នីមួយៗ ​គេ​ដឹង​ហើយ​ថា​ អ្នក​ណា​ជន​ភៀស​ខ្លួន​មិនមែន​ជន​ភៀស​ខ្លួន។ អ្នក​ណា​ធ្វើ​សកម្ម​ភាព​អី ​ដើម្បី​អី​គេ​ដឹង​ច្បាស់លាស់​ អ៊ីចឹង​ទេ​នេះ​គឺ​ជា​កិច្ចការ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ សកម្ម​ភាព​របស់​ប្រទេស​ថៃ​បាន​បំពាន​លើ​ច្បាប់​អន្តរជាតិ ​ក៏ដូច​ជា​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ និង​សន្ធិសញ្ញា​ផ្សេង​ទៀត​ដែល​ប្រទេស​ថៃ​បាន​ផ្តល់​សច្ចាប័ន​ក្នុង​រារាំង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ ហើយ​សកម្ម​ភាព​នេះ​ក៏​បាន​បំពាន​ច្បាប់​របស់​ប្រទេស​ថៃ​ស្តីពី​ការ​ទប់​ស្កាត់ ​និង​បង្ក្រាប​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២៣៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG