អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃលោក Thaksin Shinawatra បានជួបជាមួយឥស្សរជនសំខាន់ៗក្នុងចលនាតស៊ូដែលប្រឆាំងនឹងរបបយោធាកំពុងកាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងបំណងជួយសម្រុះសម្រួលរកដំណោះស្រាយចំពោះជម្លោះប្រដាប់អាវុធដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាង ៣ ឆ្នាំកន្លងមក។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះដោយសារតែក្ដីបារម្ភផ្នែកសន្តិសុខបានប្រាប់ VOA ផ្នែកភាសាភូមាថា លោក Thaksin បានជួបក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលឯកភាពជាតិ (NUG) ដែលជារដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ទីក្រុងឈៀងម៉ៃនៅភាគខាងជើងប្រទេសថៃកាលពីខែមីនានិងខែមេសា។
ប្រភពនេះបាននិយាយថា លោក Thaksin ដែលបច្ចុប្បន្ន គណបក្សនយោបាយរបស់លោកជាប្រធានសម្ព័ន្ធភាពដែលគ្រប់គ្រងប្រទេសថៃ បានជួបដាច់ដោយឡែកជាមួយអ្នកតំណាងនៃក្រុមប្រដាប់អាវុធជាតិសាសន៍ភាគតិចផ្សេងៗគ្នាមកពីប្រទេសមីយ៉ាន់ម៉ាដូចជាក្រុមសហភាពជាតិ Karen (Karen National Union (KNU)) ក្រុមគណបក្សចម្រើននិយមជាតិ Karenni (Karenni National Progressive Party) និងក្រុមអង្គការជាតិ Kachin (Kachin National Organization) ជាដើម។
ក្នុងអំឡុងជំនួបមួយនៃជំនួបទាំងនោះ លោក Thaksin បានជួបជាមួយលោកនាយឧត្តមសេនីយ៍ Yawd Serk នៃអង្គការនយោបាយក្រុមប្រឹក្សាស្ដាររដ្ឋ Shan/កងទ័ពរដ្ឋ Shan (Restoration Council of Shan State/Shan State Army)។ នេះបើយោងតាមប្រភពមួយផ្សេងទៀតដែលជិតស្និទ្ធនឹងក្រុមប្រដាប់អាវុធនេះ។
កាលពីពេលថ្មីៗនេះ ប្រតិបត្តិការបន្លំភ្នែកមួយរបស់ទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់គ្រឿងញៀន (DEA) របស់សហរដ្ឋអាមេរិកបានបង្ហាញថា លោក Serk បានជាប់ពាក់ព័ន្ធនឹងបញ្ហាសារធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ដូចដែលរាយការណ៍ដោយ VOA កាលពីខែមីនា។
បើយោងតាមប្រភពអនាមិក លោក Thaksin បានបង្ហាញពីបំណងចង់សម្រុះសម្រួលរវាងរបបយោធាមីយ៉ាន់ម៉ានិងក្រុមអង្គការតស៊ូជនជាតិភាគតិច (Ethnic Resistance Organizations (EROs)) ដែលកំពុងប្រយុទ្ធនឹងរបបយោធាតាំងពីពេលដែលពួកទាហានបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតក្នុងខែកុម្ភៈ ឆ្នាំ ២០២១ មក។
កាសែត Bangkok Post បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសថៃលោក Maris Sangiampongsa នៅថ្ងៃទី ៧ ខែឧសភា ដែលបានបញ្ជាក់អំពីជំនួបរបស់លោក Thaksin និងបាននិយាយថា កិច្ចពិភាក្សាទាំងនោះគឺធ្វើឡើង «ក្នុងកម្រិតផ្ទាល់ខ្លួននិងមិនមែនជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលថៃចំពោះប្រទេសជិតខាងនោះទេ»។
លោក Maris បានបន្តថា របបយោធាមីយ៉ាន់ម៉ាចាត់ទុកលោក Thaksin ថាជាអ្នកដែល «អាចជួយ» បញ្ចប់ជម្លោះនេះបានដោយសារតែទំនាក់ទំនងនិងឥទ្ធិពលរបស់លោក។ លោក Maris បានលើកឡើងដូចនេះនៅឯវិមានរដ្ឋាភិបាលរបស់ប្រទេសថៃនៅមុនកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈរដ្ឋមន្ត្រីថៃ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើមកកាន់ VOA នៅថ្ងៃទី ៦ ខែឧសភា លោក Kyaw Zaw Wai អ្នកនាំពាក្យការិយាល័យប្រធានចលនារដ្ឋាភិបាលឯកភាពជាតិ (NUG) បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃនៅក្នុងសមាគមអាស៊ាន (ASEAN) ក្នុងការស្វែងរកដំណោះស្រាយដែលឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។
លោកក៏បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌របស់ប្រទេសថៃ ដែលក្នុងនោះរួមមានទាំងការផ្តល់ស្បៀងអាហារនិងទីជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅក្រុង Myawaddy ដែលជាក្រុងសំខាន់ជាយុទ្ធសាស្ត្រមួយនៅជាប់ព្រំដែនរវាងថៃនិងមីយ៉ាន់ម៉ា ដែលកងកម្លាំងតស៊ូដណ្តើមបានកាលពីពេលថ្មីៗនេះផងដែរ។
លោក Kyaw Zaw Wai ក៏បាននិយាយផងដែរថា រដ្ឋាភិបាលឯកភាពជាតិ (NUG) បានស្នើឱ្យប្រទេសថៃបង្កើនការទាក់ទងជាមួយរដ្ឋាភិបាលឯកភាពជាតិផ្ទាល់និងក្រុមអង្គការតស៊ូជនជាតិភាគតិច ជាពិសេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ដល់ជនផ្លាស់ទីដោយបង្ខំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Sai Htun Aung Lwin អ្នកជំនាញកិច្ចការមីយ៉ាន់ម៉ានិងកិច្ចការជាតិសាសន៍ Shan បាននិយាយថា៖ «ដំណើរទស្សនកិច្ចរបស់លោក Thaksin អាចមានបំណងពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយអាចសម្រុះសម្រួលឆ្ពោះទៅរកដំណោះស្រាយ»។
លោកបានថ្លែងប្រាប់ VOA តាមទូរស័ព្ទនៅថ្ងៃទី ៣ ខែឧសភាដោយសង្កត់ធ្ងន់ថា ការពាក់ព័ន្ធរបស់លោក Thaksin នៅក្នុងការតស៊ូរបស់ប្រទេសមីយ៉ាន់ម៉ានឹងមានផលប៉ះពាល់យ៉ាងសំខាន់ចំពោះប្រទេសជិតខាង ដែលមានចំណាប់អារម្មណ៍ទាំងស្រុងចំពោះលទ្ធផលនៃជម្លោះនេះ។
លោកបាននិយាយថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការពិចារណាអំពីតួនាទីរបស់លោក Thaksin ជាពិសេសដោយសារគណបក្ស Pheu Thai របស់លោកគ្រប់គ្រងរដ្ឋាភិបាលថៃបច្ចុប្បន្ន។ លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍របស់លោក Thaksin អាចផ្តល់ការយល់ដឹងអំពីគោលបំណងនៃគោលនយោបាយការបរទេសរបស់ប្រទេសថៃ ដែលអាចជះឥទ្ធិពលដល់ស្ថិរភាពព្រំដែននិងការដោះស្រាយជម្លោះ»។
លោក Lwin បានចង្អុលបង្ហាញថា លោក Thaksin ត្រូវបានគេដឹងយ៉ាងទូលំទូលាយថាមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសថៃ។ លោកបានលើកឡើងថា វិធីសាស្រ្តរបស់លោក Thaksin ចំពោះជម្លោះនៅមីយ៉ាន់ម៉ាទំនងជាស្របនឹងវិធីសាស្ត្ររបស់រដ្ឋាភិបាលថៃ។
លោក Lwin បានបន្ថែមថា៖ «លោក Thaksin មានទំនាក់ទំនងយូរអង្វែងជាមួយអតីតនាយឧត្តមសេនីយ៍យោធានានារបស់មីយ៉ាន់ម៉ានិងឥស្សរជននយោបាយដែលជិតស្និទ្ធនឹងយោធា ហើយក៏មានទំនាក់ទំនងដ៏ល្អផងដែរជាមួយក្រុមប្រដាប់អាវុធជាតិសាសន៍ភាគតិច ជាពិសេសអង្គការនយោបាយក្រុមប្រឹក្សាស្ដាររដ្ឋ Shan/កងទ័ពរដ្ឋ Shan»។
ក្នុងអំឡុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីចុងខែមេសា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នលោក Srettha Thavisin បានផ្តល់យោបល់ថា របបយោធាមីយ៉ាន់ម៉ាអាចមានទំនោរជាងមុនមករកការចរចាសន្តិភាព បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានបរាជ័យជាបន្តបន្ទាប់នៅក្នុងតំបន់ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Srettha បានថ្លែងក្នុងកិច្ចសម្ភាសន៍នោះថា៖ «របប [យោធាមីយ៉ាន់ម៉ា] បច្ចុប្បន្នកំពុងចាប់ផ្តើមបាត់បង់កម្លាំងមួយចំនួនហើយ។ ប្រហែលជាដល់ពេលដែលត្រូវទាក់ទងដើម្បីស្វែងរកដំណោះស្រាយហើយ»។
អ្នកនាំពាក្យការិយាល័យប្រធានរដ្ឋាភិបាលឯកភាពជាតិ (NUG) លោក Kyaw Zaw ក៏បានសម្តែងការកោតសរសើរចំពោះការគាំទ្រដែលក្រុមរបស់លោកបានទទួលពីរដ្ឋាភិបាលថៃនិងបានទទួលស្គាល់នូវ «បញ្ហាប្រឈមដែលរដ្ឋាភិបាលឯកភាពជាតិ (NUG) ជួបប្រទះទាក់ទិននឹងប្រទេសមីយ៉ាន់ម៉ា» ផងដែរ។
លោកបាននិយាយថា៖ «យើងវាយតម្លៃខ្ពស់ចំពោះការគាំទ្រនេះ ហើយចាត់ទុកការបង្កើនការចូលរួមរបស់រដ្ឋាភិបាលថៃជាមួយភាគីពាក់ព័ន្ធផ្សេងៗថាជាការវិវឌ្ឍបែបវិជ្ជមាន»៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ
វេទិកាបញ្ចេញមតិ