ករណីរំលោភសេពសន្ថវៈក្នុងប្រទេសកម្ពុជាជិតមួយភាគបី ឬស្មើនឹង៣១% នៃករណីរំលោភ គឺជាប់ពាក់ព័ន្ធនឹងជនសង្ស័យដែលជាសាច់ញាតិរបស់ជនរងគ្រោះផ្ទាល់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ មានចំណងជើងថា «ទម្លាយភាពស្ងៀមស្ងាត់៖ ការរំលោភសេពសន្ថវៈដោយសាច់ញាតិ និងឧបសគ្គក្នុងការទទួលបានយុត្តិធម៌» ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ។
របាយការណ៍ថ្មីនេះឲ្យដឹងថា ក្នុងរយៈពេលជិត៣ឆ្នាំ គឺចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០១៩ អង្គការលីកាដូ បានសិក្សាស្រាវជ្រាវករណីរំលោភសេពសន្ថវៈ ឬបទប៉ុនប៉ងរំលោភសេពសន្ថវៈ សរុបចំនួន៤៤៦ករណី។ ក្នុងករណីទាំងនោះ មាន៣៥៨ករណី គឺស្មើនឹង៨០% ជាប់ពាក់ព័ន្ធនឹងកុមារអាយុក្រោម១៨ឆ្នាំ។
របាយការណ៍បន្តថា ជិតមួយភាគបីនៃករណីសរុប គឺស្មើនឹង១៣៧ករណី ជាប់ពាក់ព័ន្ធនឹងជនសង្ស័យដែលជាសាច់ញាតិរបស់ជនរងគ្រោះ ដែលបានរាយការណ៍ពីករណីរំលោភបំពានទាំងនោះ។ របាយការណ៍ឲ្យដឹងទៀតថា ជនរងគ្រោះជិតពាក់កណ្ដាល គឺស្មើនឹង៤៦% បានទទួលរងអំពើហិង្សាផ្លូវភេទពីសំណាក់សាច់ញាតិបង្កើត ដូចជាឪពុក ពូ ឬជីតាបង្កើតរបស់ខ្លួន។ ចំណែក៥៤% បានរាយការណ៍ពីអំពើហិង្សាផ្លូវភេទ ប្រព្រឹត្តដោយឪពុកចុង ឬសាច់ញាតិឪពុកចុង និងសាច់ថ្លៃ។
បើតាមរបាយការណ៍ ចាប់តាំងពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០ អង្គការលីកាដូបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព ឬលទ្ធផលរបស់ករណីនីមួយៗនៃករណីសរុបចំនួន១៣៧ ដោយក្នុងនោះមានប្រមាណ៥៣% បានឈានដល់ការជំនុំជម្រះក្ដី ដោយជនល្មើសត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍នៅក្នុងរបាយការណ៍សង្ខេបថា៖ «គ្រោះថ្នាក់នៃអំពើរំលោភសេពសន្ថវៈក្នុងរង្វង់គ្រួសារ គឺកើតមានឡើងច្រើន ប៉ុន្តែអាជ្ញាធរនៅតែមិនទាន់ចាត់វិធានការគ្រប់គ្រាន់ ដើម្បីធ្វើឲ្យប្រាកដថា ជនល្មើសត្រូវបានយកមកផ្ដន្ទាទោស»។
អង្គការលីកាដូឲ្យដឹងទៀតថា ករណីជាច្រើននៃការរំលោភសេពសន្ថវៈ មិនត្រូវបានរាយការណ៍នោះទេ ដោយសារតែភាពភ័យខ្លាចនៃការរើសអើងនៅក្នុងសង្គម ទំនៀមទម្លាប់បុរាណ និងកង្វះភាពស្មោះត្រង់នៅក្នុងប្រព័ន្ធយុត្តិធម៌។
អង្គការបញ្ជាក់ទៀតថា ហានិភ័យនៃការរំលោភសេពសន្ថវៈក្នុងរង្វង់គ្រួសារ «ទំនងជាកើនឡើងច្រើន» អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ដោយសារសាលារៀនបានបិទ ហើយកត្តាអ្នកគ្មានការងារធ្វើ គឺកើនឡើង ដែលនាំឲ្យមនុស្សជាច្រើន ត្រូវចំណាយពេលនៅផ្ទះច្រើន និងស្ថិតនៅក្បែរជនល្មើស៕