អង្គការការពារសិទ្ធិមនុស្ស Amnesty International អំពាវនាវឱ្យប្រទេសអារ៉ាប៊ីសាអូឌីត បង្ហាញជាបន្ទាន់នូវសាកសពរបស់អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត គឺលោក Jamal Khashoggi ដើម្បីឱ្យគេអាចធ្វើកោសលវិច័យសាកសពឱ្យបានពេញលេញ។
គេរាយការណ៍ថា លោក Khashoggi ត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី៣ ខែតុលា។
ប្រទេសអារ៉ាប៊ីសាអូឌីត និយាយថា លទ្ធផលស៊ើបអង្កេតបឋមរបស់ខ្លួនបង្ហាញថា លោក Khashoggi បានស្លាប់ក្រោយពីមានការវាយតប់គ្នាជាមួយក្រុមមនុស្សដែលលោកបានជួបនៅក្នុងស្ថានកុងស៊ុលនោះ។
នាយកផ្នែកយុទ្ធនាការប្រចាំតំបន់មជ្ឈិមបូព៌ានៃអង្គការ Amnesty International គឺលោកស្រី Samah Hadid បាននិយាយថា ការរៀបរាប់ព្រឹត្តិការណ៍ដោយប្រទេសអារ៉ាប៊ីសាអូឌីតនោះ មិនអាចជឿជាក់បានទេ។ អ្នកស្រីនិយាយថា ចាំបាច់ត្រូវមានការស៊ើបអង្កេតមួយពីសំណាក់អង្គការសហប្រជាជាតិ ដើម្បីជៀសវាងការព្យាយាមបិទបាំងការពិតជុំវិញការស្លាប់របស់លោក Khashoggi។
លោកស្រី Hadid មានប្រសាសន៍ថា ការខំបិទបាំងការពិតនេះអាចត្រូវបានធ្វើឡើងដើម្បីរក្សាចំណងទាក់ទងខាងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ សេចក្ដីថ្លែងការណ៍មួយរបស់ព្រះរាជអាជ្ញា អារ៉ាប៊ីសាអូឌីត ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋរបស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថារហូតមកដល់ពេលនេះ ពលរដ្ឋអារ៉ាប៊ីសាអូឌីតចំនួន១៨នាក់ហើយត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងមរណភាពរបស់លោកKhashoggi។
សេចក្ដីថ្លែងការណ៍ដដែលនោះរៀបរាប់ថា ទីប្រឹក្សាព្រះបរមរាជវាំងគឺលោក Saud al-Qahtaniនិងអនុប្រធានផ្នែកស៊ើបការណ៍សម្ងាត់គឺលោក Ahmed Assiri ត្រូវបានដកចេញពីតំណែង។
ព្រះរាជអាជ្ញា និយាយថា ការស៊ើបអង្កេតលើការស្លាប់លោក Khashoggi កំពុងបន្តធ្វើនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត ក៏បានឱ្យដឹងដែរថា ស្តេច Salman នៃប្រទេសនេះក៏បានបញ្ជាឱ្យបង្កើតគណៈកម្មការថ្នាក់រដ្ឋមន្ត្រីមួយដែលដឹកនាំដោយរាជបុត្ររាជទាយាទ ដើម្បីរៀបចំរចនាសម្ព័ន្ធនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតឡើយវិញ។
អត្ថាធិប្បាយកាលពីថ្ងៃសៅរ៍នោះ គឺជាការទទួលស្គាល់ជាលើកដំបូងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ថាលោកKhashoggi ពិតជាបានស្លាប់មែន។
មន្ត្រីតួកគីបាននិយាយកាលពីពេលមុននេះថា ពួកគេ ជឿថា លោកKhashoggi ត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយពេលដែលអ្នកកាសែតរូបនេះ បានចូលទៅក្នុងអាគារកុងស៊ុលនោះកាលពីថ្ងៃទី២ ខែតុលា ដើម្បីទៅយកឯកសារសម្រាប់អាពាហ៍ពិពាហ៍របស់លោក។ ពេលនោះ ប្រទេសអារ៉ាប៊ីសាអូឌីត បានបដិសេធការចោទប្រកាន់នោះ ដោយនិយាយថា លោក Khashoggi បានចាកចេញពីស្ថានកុងស៊ុលនោះហើយ៕