ការគំរាមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុនទៅលើអ្នកវិភាគពីររូប គឺលោក សេង សារី និងលោក មាស នី បាននាំឲ្យមានការព្រួយបារម្ភបន្ថែមលើការបន្តរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ខណៈពួកគេជាប្រភពដ៏សំខាន់សម្រាប់អ្នកសារព័ត៌មាន។
មុនការគំរាម និងព្រមានរបស់នាយករដ្ឋមន្រ្តី អ្នកវិភាគម្នាក់ លោក ឯម សុវណ្ណារ៉ា ដែលធ្លាប់ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន បានប្រាប់អ្នកសារព័ត៌មាន រួមទាំងអ្នកសារព័ត៌មានវីអូអេថា លោកសុំផ្អាកអត្ថាធិប្បាយមួយរយៈសិន ដោយសារមានគេប្រាប់លោកឲ្យផ្អាក។
សម្រាប់អ្នកសារព័ត៌មាន សំឡេង ឬការអតា្ថធិប្បាយរបស់អ្នកវិភាគសម្រាប់រឿងរបស់ពួកគេ អាចធ្វើឲ្យមានតុល្យភាពនៃគំនិតនៅក្នុងសាច់រឿង និងបង្ហាញគំនិតចម្រុះនៃការយល់ឃើញរបស់បញ្ញវន្តខ្មែរ។
លោក ញឹម សុខន អាយុ៥៤ឆ្នាំ ជាអ្នកសារព័ត៌មាននៅវីអូឌី ប្រាប់វីអូអេនៅថ្ងៃចន្ទថា លោកកត់សម្គាល់ឃើញថា ចាប់តាំងពីឆ្នាំ២០១៧មក បញ្ញវន្តក៏ដូចជាអ្នកវិភាគមួយចំនួនចាប់ផ្តើមលែងសូវហ៊ានផ្តល់បទសម្ភាសន៍ជាមួយអ្នកសរសេរព័ត៌មាន ដោយសារព្រួយបារម្ភពីសុវត្តិភាពផ្ទាល់ខ្លួន។ លោកបន្តថា លោកក៏មានការលំបាកផងដែរក្នុងការស្វែងរកអ្នកវិភាគ ដើម្បីលើកឡើងជាមតិចម្រុះនៅក្នុងព័ត៌មានមួយ ដូច្នេះប្រជាពលរដ្ឋអាចទទួលបានព័ត៌មានតែមួយជ្រុង។
លោកថ្លែងថា៖ «កាលណាគាត់(ប្រជាពលរដ្ឋ) ទទួលព័ត៌មានបានមួយជ្រុង ការសម្រេចចិត្តរបស់គាត់អត់ត្រូវទេ អញ្ចឹងហើយបានជាសង្គមប្រជាធិបតេយ្យ វាមានសារៈសំខាន់ណាស់ដែលយើងអ្នកសារព័ត៌មានត្រូវតែមានតួនាទីមួយរកឲ្យឃើញគ្រប់ជ្រុងជ្រោយរឿងមួយដែលកើតឡើងយើងត្រូវរកគ្រប់ភាគី និងឲ្យគាត់មានឱកាសក្នុងការនិយាយបកស្រាយក្តីការពារអីឲ្យមានគ្រប់ជ្រុង។ ការរកប្រភពគ្រប់ជ្រុងហ្នឹងហើយ ធ្វើឲ្យពលរដ្ឋចេះពិចារណារកហេតុផល តើរឿងមួយកើតឡើង តើរឿងស្អីគេជាការពិតនៅពីក្រោយហ្នឹង»។
លោកបន្ថែមថា ការបញ្ចេញមតិរិះគន់ គឺប្រៀបដូចកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម ដែលរុញច្រានដល់ការមើលឃើញពីជ្រុងនៃសង្គមកាន់តែទូលំទូលាយ ដើម្បីជំរុញឲ្យមានការស្ថាបនា និងជំរុញនូវតម្លាភាពប្រកបដោយភាពយុត្តិធម៌។ លោកបន្ថែមថា អ្នកវិភាគមានការសិក្សាស្រាវជ្រាវបានច្រើនលើបញ្ហាសង្គម។
លោកបញ្ជាក់ថា៖ «អ៊ីចឹងអាការនិយាយរបស់គាត់សុទ្ធសឹងតែជាការស្រាវជ្រាវ។ អ៊ីចឹងហាក់បីដូចជាគាត់យក២០ឆ្នាំ ៣០ឆ្នាំ ជាចំណេះដឹងរបស់គាត់ហ្នឹង មកបង្ហាញយើងតែ២ ទៅ៣ថ្ងៃ។ មានន័យថា យើងទទួលបានផលពីគាត់ត្រឹមតែប្រមាណនាទី ខណៈដែលគាត់រៀន២០ ៣០ឆ្នាំ»។
ចំណែកលោក ឃួន ណារីម អាយុ៣៣ឆ្នាំ ជាអ្នកសារព័ត៌មានរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា និយាយថា ការប្រកាសចាប់ខ្លួនអ្នកវិភាគសង្គម លោក សេង សារី កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ គឺជាការបន្តរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ក្នុងរូបភាពរារាំងទៅដល់អ្នកវិភាគនយោបាយមួយចំនួនមិនឲ្យវិភាគស៊ីជម្រៅពីបញ្ហានយោបាយក្នុងប្រទេសកម្ពុជា និងឈានទៅដល់ការភ័យខ្លាចក្នុងការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឬការផ្តល់ព័ត៌មានមិនមានភាពពេញលេញដោយសេរីរបស់បញ្ញវន្តខ្មែរ។
លោកប្រាប់វីអូអេថា៖ «វាពិតជាមានសារៈសំខាន់ ព្រោះអីពួកគាត់ជាអ្នកវិភាគជាមនុស្សឯករាជ្យ ហើយអ៊ីចឹងគាត់មើលឃើញការអភិវឌ្ឍនៃសង្គមបច្ចុប្បន្ន អ៊ីចឹងយើងត្រូវការសំឡេងអ្នកវិភាគ ដើម្បីដាក់បញ្ចូលទៅក្នុងអត្ថបទរបស់ពួកយើង។ ព្រោះអីយើងព្យាយាមធ្វើឲ្យអត្ថបទយើងមាន Balance (តុល្យភាព) ទាំងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
អ្នកសារព័ត៌មានដែលបំពេញការងារប្រមាណ១១ឆ្នាំមកហើយ យល់ថាការចូលរួមក្នុងការបញ្ចេញមតិយោបល់ពីសំណាក់អ្នកវិភាគដាក់បញ្ជូលទៅក្នុងអត្ថបទព័ត៌មានបែបនយោបាយ ពិតជាចាំបាច់។
ចំណែកកញ្ញា ខាន់ លក្ខិណា អាយុ៣១ឆ្នាំ ជាអ្នកសារព័ត៌មាននៅស្ថាប័នព័ត៌មានវីអូឌី ប្រមាណ៨ឆ្នាំ បានប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា ការគំរាមកំហែងទៅលើអ្នកវិភាគ មិនមែនជារឿងដែលទើបតែកើតមាននោះទេ ដែលក្នុងនោះអ្នកសារព័ត៌មានដូចជាកញ្ញាផ្ទាល់ ក៏ដូចជាអ្នកសារព័ត៌មានដទៃទៀតបូករួមទាំងអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ក៏ធ្លាប់រងនូវការគំរាមកំហែងដូចគ្នាដែរ។ កញ្ញាបន្តថាការណ៍ដែលអ្នកវិភាគ ឬប្រភពមិនផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន នឹងនាំឲ្យជះឥទ្ធិពលដល់គុណភាពនៃការសរសេរព័ត៌មាន។
កញ្ញានិយាយថា៖ «ខ្ញុំគិតថា វាប៉ះពាល់ ពីព្រោះសង្គមប្រជាធិបតេយ្យ សំឡេងការរិះគន់ហ្នឹងគឺត្រូវបានគេចាត់ទុកថា ជាធាតុចូលសំខាន់មួយក្នុងការជំរុញឲ្យមានតម្លាភាព និងយុត្តិធម៌សង្គម ហើយសិទ្ធិទាំងអស់នេះ គឺមានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ។
អ្នកសារព័ត៌មានស្រ្តីរូបនេះ បានស្នើឲ្យរដ្ឋាភិបាលពិចារណាពីសិទ្ធិបញ្ចេញមតិ និងការរិះគន់ទាំងឡាយណាដែលនាំមកនូវការស្ថាបនា ហើយអ្នកបញ្ចេញមតិមិនគួរត្រូវបានដាក់ទោសទណ្ឌឡើយ។
កាលពីថ្ងៃសុក្រ សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានអ្នកអត្ថាធិប្បាយកុំឲ្យវិភាគអ្វីដែលបន្សល់ទុកបទល្មើស ដែលត្រូវផ្តន្ទាទោស។
លោកបញ្ជាក់ថា៖ «អានេះខ្ញុំគ្រាន់តែដាស់តឿនចំពោះអ្នកវិភាគ កុំឲ្យវិភាគជ្រុលហើយ ហើយកុំថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនហ៊ានទៅវាយខ្នោះអស់លោក។ ឲ្យតែហ៊ានចូលទៅក្នុងហ្វេសប៊ុក ហើយមិនបានដកចេញហើយ វានៅហ្នឹងហើយ ចាត់ទុកបទល្មើសជាក់ស្តែង ម៉ោង១២យប់ ក៏ចាប់ដែរ»។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទទូចទៅរដ្ឋាភិបាល និងថ្នាក់ដឹកនាំ បើកចិត្តឲ្យទូលាយក្នុងការទទួលយកមតិយោបល់របស់ប្រជាពលរដ្ឋ និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីឲ្យរដ្ឋាភិបាលដឹងឮក្នុងការចូលរួមដោះស្រាយបញ្ហាទាំងនោះឲ្យមានភាពល្អប្រសើរឡើង។ អ្នកស្រីបន្ថែមថា រដ្ឋាភិបាលមិនគួរគំរាមកំហែង ចោទប្រកាន់ និងប្រើប្រាស់នីតិវិធីច្បាប់តុលាការទៅលើប្រជាពលរដ្ឋដែលបញ្ចេញមតិរបស់ខ្លួនទៅស្របតាមរដ្ឋធម្មនុញ្ញនោះទេ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំនៅតែចង់ឃើញថ្នាក់ដឹកនាំយើងហ៊ានទទួលស្គាល់នូវភាពចម្រុះបែប ហ៊ានទទួលស្គាល់នូវការមានទស្សនៈខុសគ្នានៅក្នុងសង្គមប្រជាធិបតេយ្យដែលប្រទេសកម្ពុជាយើងបានប្រកាសហ្នឹង។ ហើយមតិអាចស្រប ឬមិនស្របហ្នឹង រដ្ឋាភិបាលអាចយកទៅពិចារណា យកទៅថ្លឹងថ្លែង ហើយប្រើប្រាស់ជាប្រយោជន៍។ កន្លែងណាលោកយល់ថា មិនមានប្រយោជន៍លោកអាចទុកចោលអ៊ីចឹងទៅ មិនចាំបាច់មានការប្តឹងផ្តល់ ឬចោទប្រកាន់ ឬគំរាមកំហែងទេ ពីព្រោះនេះជាលម្ហសង្គមស៊ីវិលមួយ ដែលរដ្ឋាភិបាលគួរតែធានា មិនគួរមានការចោទប្រកាន់»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានសុំមិនអត្ថាធិប្បាយជុំវិញបញ្ហានេះ។
លោក សេង សារី អ្នកវិភាគនិងជាសហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា CID ដែលត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឲ្យចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែក្រោយមកស្នើតុលាការឲ្យទម្លាក់ចោលដីកាចាប់ខ្លួននេះវិញ បានប្រាប់វីអូអេនៅថ្ងៃចន្ទថា លោកស្នើសុំឲ្យរដ្ឋាភិបាលសិក្សាលើករណីដែលកើតឡើងនៅលើរូបលោកយកមកសិក្សា ដើម្បីកុំឲ្យមានការចោទប្រកាន់ខុស។
លោកបានបញ្ជាក់ថា «ដូចជាខ្ញុំបានលើកឡើងហើយថា បញ្ញវន្តដែលស្រាវជ្រាវ និងអ្នកវិភាគហ្នឹង គឺគ្មានកម្លាំងនយោបាយ មិនមាននិន្នាការនយោបាយ ប៉ុន្តែជាអ្នកដែលមានភាពលម្អៀងទៅខាងផ្នែកប្រជាធិបតេយ្យ ហើយអ្វីដែលបញ្ញវន្តធ្វើ គឺមិនដែលទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុអីទេ នៅតែព្យាយាមធ្វើម៉េចជួយដាក់ធាតុចូលទៅក្នុងការរួមចំណែកទៅក្នុងការដោះស្រាយសង្គមនយោបាយនៅក្នុងកម្ពុជា»។
កញ្ញា លី ស្រីស្រស់ ប្រធានអ្នកវិភាគវ័យក្មេងបានលើកឡើងថាអ្នកវិភាគមិនមែនវិភាគត្រូវគ្រប់ចំណុចទាំងអស់នោះទេ តែការវិភាគក្នុងសង្គមប្រជាធិបតេយ្យ គឺមានសារៈសំខាន់ ដើម្បីឲ្យប្រជាពលរដ្ឋមានការគិតពិចារណា និងយល់ដឹងអំពីសង្គម ជាពិសេសរដ្ឋាភិបាលអាចដឹងនូវចំណុចអវិជ្ជមានរបស់មន្រ្តីថ្នាក់ក្រោម ដើម្បីកែតម្រូវឲ្យមានភាពល្អប្រសើរឡើង។ កញ្ញាជំរុញឲ្យរដ្ឋាភិបាលធានានូវសិទ្ធិសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ បើមិនដូច្នេះទេ វានឹងធ្វើឲ្យបាត់បង់ភាពចម្រុះនៃការបញ្ចេញមតិ។
កញ្ញាលើកឡើងថា ៖ «បើសិនជាមន្ត្រីរដ្ឋាភិបាលមានឆន្ទៈរួមក្នុងការអភិវឌ្ឍជាតិ យោបល់អ្នកវិភាគមិនមែនត្រូវរហូត ហើយក៏មិនមែនខុសរហូតនោះដែរ...។ មានន័យថាយើងស្តាប់ ដើម្បីយក[មតិ]ហ្នឹងជាទុនមួយ ពេលខ្លះវាអាចខុស វាអាចត្រូវ ប៉ុន្តែយកជាទុនមួយ ដើម្បីពិចារណា»។
កញ្ញាបន្ថែមថា៖ «ពេលនេះប្រព័ន្ធយុត្តិធម៌បែងចែកមិនដាច់ទេរវាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ប្រសិនបើយើងនិយាយធ្វើឲ្យមានភាពមិនពេញចិត្តពីមន្ត្រីរាជការសាធារណៈ ឬការមិនពេញចិត្ត[របស់]ថ្នាក់ដឹកនាំណាមួយ គឺយើងអាចងាយស្រួលនៅក្នុងការត្រូវបានគេចាប់ខ្លួន ឬក៏គំរាមកំហែងជាដើម។ អញ្ចឹងនៅក្នុងទិដ្ឋភាពទាំងអស់នេះ យើងទទួលស្គាល់អំពីភាពភ័យខ្លាចមួយចំនួនដែរ។ ហើយខ្ញុំមិនមានការមើលឃើញអ្វីផ្សេងទៀត ដូចលោកពូ ឯម សុវណ្ណារ៉ា [អ្នកវិភាគ] សុំផ្អាកជាដើមហ្នឹង ពីព្រោះខ្ញុំអាចយល់ទិដ្ឋភាពនេះច្រើន ដោយសារខ្ញុំនៅក្នុងវិស័យនេះ»។
កញ្ញាបន្តថាបុគ្គលមួយចំនួនដែលផ្អាកវិភាគអាចមកពីរង់ចាំមើលស្ថានភាពនយោបាយ និងលម្ហក្នុងការបញ្ចេញមតិ ឲ្យមានភាពល្អប្រសើរឡើងវិញសិន៕