ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​សមត្ថកិច្ច​​កំពុង​តាម​ចាប់​ខ្លួន​អ្នក​វិភាគ​ម្នាក់ ខណៈ​ព្រមាន​អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក មាស នី


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។ (TANG CHHIN Sothy / AFP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។ (TANG CHHIN Sothy / AFP)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​អះអាង​ថា ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​អ្នក​វិភាគ​ម្នាក់ ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ ខណៈ​នាយករដ្ឋមន្រ្តី​ក៏​បាន​ព្រមាន​អ្នក​អត្ថា​ធិប្បាយ​នយោ​បាយ លោក មាស នី ថា​«កុំ​វិភាគ​ជ្រុល​ហួស»។

នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់​ពី​៦​ឆ្នាំ​ឡើង​ទៅ នៅ​វិមាន​សន្តិភាព លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ​អ្នក​វិភាគ​ដែល​តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​នោះបាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​និយាយ​អំពី​រដ្ឋា​ភិបាល​បង្រួប​បង្រួម​នៅ​ក្រៅ​ប្រទេស ដែល​ត្រូវ​បាន​ប្រកាស​បង្កើត​ដោយ​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង។ ការ​ថ្លែង​របស់​នាយករដ្ឋមន្រ្តី​ទំនង​សំដៅ​ទៅ​លើ​អ្នក​វិភាគ លោក សេង សារី ដែល​តែង​តែ​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ហើយ​លោក​ធ្លាប់​បង្ហោះ​សារ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២​១។

លោក ហ៊ុន សែន ថ្លែង​ថា៖ «មាន​អាបណ្ឌិត​មួយ​ទៀត មាន​ដីកា​ចាប់​ខ្លួន​រួច​ហើយ ព្រោះ​អ្ហែង​គាំទ្រ​អា​លក្ខខណ្ឌ​៦​ចំណុច​ដែល​អាច​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​បាន តុលាការ​ចេញ​ដីកា​បាត់​ហើយ។ បើ​រត់​ រត់​ឲ្យ​បាន​ឆ្ងាយ​បន្តិច រត់​ក្បែរ​ៗហ្នឹង រត់​មិន​រួច​ទេ»។

លោក សេង សារី បាន​ប្រាប់​វីអូអេ​យ៉ាង​ខ្លី​នៅ​ថ្ងៃ​សុក្រ​ថា​ ការ​ថ្លែង​របស់​លោក ហ៊ុន សែន គឺ​សំដៅ​ទៅ​លើ​រូប​លោក។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ លោក សេង សារី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកដោយ​លើក​ឡើង​ថា​«ការ​ផ្តួច​ផ្តើម​គំនិត​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ អាច​ទៅ​រួច ឬ​មិ​នរួ​ច?

លោក​បាន​សរសេរ​ថា៖«ខ្ញុំ​សូម​សាកល្បង​វិភាគ​ថា​តើ​កម្លាំង​៦ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​អាច​ងើប​ឡើង​តាម​ការ​អំពាវ​នាវ​របស់ លោក សម រង្ស៊ី ដែរ​ឬទេ​? ហើយ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ បើ​លោក សម រង្ស៊ី អំពាវ​នាវ? លោក​បន្ថែម​ថា កម្លាំង​ដែល​អាច​ធ្វើ​ឲ្យ​នយោបាយ​កម្ពុជា​ប្រែប្រួល​មាន​ចំនួន​៦​ធំ​ៗ រួម​មាន​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង កម្លាំង​មហាជន កម្លាំង​យុវជន កម្លាំង​ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច កម្លាំង​ប្រដាប់​អាវុធ និង​កម្លាំង​អន្តរ​ជាតិ និង​ប្រទេស​ជិត​ខាង។

លោក ហ៊ុន សែន បាន​ចោទ​សួរ​ថា​តើ​ការ​វិភាគ​ទាំង​៦​ចំណុច​នោះ ត្រូវ​បាន​ដក​ចេញ​ពី​លើ​ហ្វេសប៊ុកហើយ​ឬ​នៅ? លោក​បន្ថែមថាសមត្ថកិច្ច​បាន​តាម​រក​អ្នក​វិភាគ​រូប​នោះ ប៉ុន្តែ​បាន​រត់​ទៅ​ទីក្រុង​បាង​កក​នៃ​ប្រទេស​ថៃ។

លោក​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា​ការ​វិភាគ​បែប​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ចលនា​មួយ​នេះ ហើយ​លោក​ថា​មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​នោះ​ទេ។

លោក​បន្ថែម​ថា៖ «មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ទេ សូម​ប្រាប់​ឲ្យ​ហើយ។ អា​រឿង​ក្រប​ខណ្ឌ​បក្ស​នយោ​បាយ​ផ្សេង រឿង​ចលនា​ប្រដាប់​អាវុធ​ផ្សឹង ព្រោះ​គេ​ធ្វើ​តាម​បែប​ភូមា គេ​ចង់​ធ្វើ​តាម​បែប​ភូមា»។

កាល​ពី​ថ្ងៃ​ពី​១៧ ​ខែ​កក្កដា លោក​ សម រង្ស៊ី ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ក្នុង​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​របស់​លោក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ ដែល​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ប្រជាធិបតេយ្យ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​កំពុង​ធ្វើ ក្រោយ​ពួក​មន្ត្រី​យោធា​នៅ​ប្រទេស​នោះ​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិ​បាល​ជាប់​ឆ្នោត​របស់​អ្នក​ស្រី​អោង​សាន ស៊ូជី ដែល​ជា​មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិប​តេយ្យ​ហៅ​កាត់​ថាNLD។

លោក សម រង្ស៊ី ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ ហើយ​ងាក​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​បាន​លើក​យក​ករណី​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ថា ​រដ្ឋាភិបាល​ជាច្រើន​ទៀត​នឹង​ឈប់​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​យោធា​ដោយ​បែរ​ខ្នង​មក​ចង​មេត្រី​ជាមួយ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ដែល​ជា​កម្លាំង​ប្រជាធិប​តេយ្យ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា៖ «យើង​នៅ​ប្រទេស​កម្ពុជា​ក៏​ត្រូវ​ដើរ​តាម​ផ្លូវ​ហ្នឹង​ដែរ​ គឺ​អាច​មាន​រដ្ឋាភិបាល​មួយ​បង្រួប​បង្រួម​ជាតិ​ ដែល​មាន​កម្លាំង​ប្រជារាស្ត្រ​គាំទ្រ​ពេញ​ទំហឹង​ ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ ឈរ​ខាង​ប្រជា​រាស្ត្រ​ អត់​ឈរ​ខាង ហ៊ុន សែន ​ទៀត​ទេ​ ឈរ​ខាង​ប្រជារាស្ត្រ​ ដូច្នេះ​រដ្ឋាភិបាល​បែប​ហ្នឹង​ ខ្ញុំ​ជឿ​ថា​ នឹង​មាន​ការ​គាំ​ទ្រ​យ៉ាង​ធំធេង​ ពី​ប្រជា​រាស្ត្រ​ខ្មែរ​ផង​ពី​សហគមន៍​អន្តរជាតិ​ផង បន្ទាប់​ពី​ការ​វិវឌ្ឍ​ដូច​គ្នា​នៅ​ប្រទេស​ភូមា»។

នៅ​ថ្ងៃ​សុក្រ​នេះ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ចំ​ៗ​ចំពោះ​អ្នក​អត្ថាធិប្បាយ​នយោ​បាយ លោក មាស នី អំពី​ការ​ថ្លែង​របស់​លោក​ទាក់​ទង​នឹង​ប្រទេស​ចិន។ លោក​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា​អ្វី​ក៏​ដោយ​ឲ្យ​តែ​កម្ពុជា​ធ្វើ​ជាមួយ​ចិន គឺ​លោក មាស នី ថា​ខុស​ទាំង​អស់។

លោក ហ៊ុន សែន បាន​ព្រមាន​អ្នក​អត្ថាធិប្បាយ​កុំ​ឲ្យ​វិភាគ​អ្វី​ដែល​បន្សល់​ទុក​បទ​ល្មើស ដែល​ត្រូវ​ផ្តន្ទា​ទោស។

លោក​បញ្ជាក់​ថា៖ «អានេះ​ខ្ញុំ​គ្រាន់​តែ​ដាស់​តឿន​ចំពោះ​អ្នក​វិភាគ កុំ​ឲ្យ​វិភាគ​ជ្រុល​ហើយ ហើយ​កុំ​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​ហ៊ាន​ទៅ​វាយ​ខ្នោះ​អស់​លោក។ ឲ្យ​តែហ៊ាន​ចូល​ទៅ​ក្នុង​ហ្វេសប៊ុក ហើយ​មិន​បាន​ដក​ចេញ​ហើយ វា​នៅ​ហ្នឹង​ហើយ ចាត់​ទុក​បទ​ល្មើស​ជាក់​ស្តែង​ ម៉ោង​១២​យប់ ក៏​ចាប់​ដែរ»។

ជា​ការ​ឆ្លើយ​តប លោក មាស នី ប្រាប់​វីអូអេនៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​មិន​មាន​ការ​រើសអើង​ចំពោះ​ប្រទេស​ណា​នោះ​ទេ ហើយ​លោក​ថា​ការ​វិភាគ​របស់​លោក​មិន​ដែល​ត្រូវ​ទាំង​អស់​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «ចេតនា​របស់​ខ្ញុំ ក៏​ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​ប្រឆាំង​រើស​អើង​ជាមួយ​នឹង​ចិន ហើយ​ខ្ញុំ​ក៏​មិន​ដែល​ប្រឆាំង​រើស​អើង​អី​ជាមួយ​នឹង​វៀត​ណាម​ដែរ។ ខ្ញុំ​គ្រាន់​តែ​ព្យាយាម​និយាយ​នូវ​ស្អី​ដែល​ខ្ញុំ​អាច​និយាយ​បាន​តែ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​ការ​មើល​ឃើញ​របស់​រដ្ឋាភិបាល ជា​រឿង​ធម្មតា​ទេ។ គាត់​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​គាត់​ដែរ​នូវ​អ្វី​ដែល​គាត់​កំពុង​តែ​ធ្វើ​បាទ»។

លោក អំ សំអាត នាយក​រងទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ថា​ការ​ព្រមាន​និង​ការ​តាម​ចាប់​ខ្លួន​អ្នក​វិភាគ​ វា​នឹង​ក្លាយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​បន្ថែម​ទៀត​សម្រាប់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

លោក​ប្រាប់​វីអូអេថា៖ «ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ជា​ពិសេសយើង​ហៅ​ថាអ្នក​រាជការ​ ថ្នាក់​ដឹកនាំ​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់​ខ្លះ​ដែរ​ទាក់ទង​នឹង​ការ​រិះគន់ ពី​ព្រោះ​នៅ​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ចៀស​មិន​ផុត​ពី​មតិប្រឆាំង ឬ​ការ​រិះគន់»។

លោក​បន្ថែម​ថា​កាល​ពី​កន្លង​ទៅ លោក មាស នី អ្នក​វិភាគ​មួយ​រូប តែង​តែ​ផ្តល់​បទ​សម្ភាសន៍​ពី​ស្ថាន​ភាព​នយោ​បាយ សិទ្ធិ​មនុស្ស សេដ្ឋកិច្ច និង​ភូមិ​សាស្រ្ត​នយោបាយ ដែល​លោក​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ទៀត​បន្ទាប់​ពី​លោក​ កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០១៦៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG