សកម្ម​ជន​សិទ្ធិ​មនុស្ស​ប្រឆាំង​ឯកសារស​របស់​ចិន​ស្តីពី​ការ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​តំបន់​ស៊ីន​ជាង

រូបឯកសារ៖ កាម៉េរា​សុវត្ថិភាព​បំពាក់​នៅ​លើ​របង​អាគារ​ដែល​គេ​ហៅ​ថា​ជា​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ជំនាញ​និង​វិជ្ជាជីវៈ​នៅ​ទីក្រុង​ Dabancheng តំបន់​ស្វយ័ត​ស៊ីជាង ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០១៨។

ចិន​បាន​បញ្ចេញ​ឯសារស​ដ៏​វែង​មួយ​ដែល​​អ្នក​វិភាគ​និយាយ​ថា ​បាន​ស្វះ​ស្វែង​​ដើម្បី​បង្ហាញ​នូវ​ភាព​សម​ហេតុ​សម​ផល​ដល់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ភេរវ​កម្ម​ ហើយ​និង​វិធានការ​ធ្វើ​មិន​ឲ្យ​មាន​ភាព​ជ្រុល​និយម​នៅ​ក្នុង​តំបន់​​ស៊ីនជាង ​(Xingjiang) ភាគ​ខាង​លិច។

នៅ​ខេត្ត​នេះ ជន​ជាតិ​ភាគ​តិច​វីហ្គើ (Uighurs) ​ចំនួន​១លាន​៥សែន​នាក់​ ហើយ​និង​សហគមន៍​កាន់​សាសនា​ឥស្លាម​ផ្សេង​ៗ​ទៀត ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ​បាន​ត្រូវ​ចាប់​ឃុំ​ឃាំង​នៅ​ក្នុង​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហៅ​ថា «មជ្ឈមណ្ឌល​ហ្វឹក​ហាត់​វិជ្ជា​ជីវៈ»។ ​សកម្មជន​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​អំពី​ជំហរ​ដ៏​គគ្លើន​របស់​ចិន​បែប​នេះ ​ហើយ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​បញ្ចប់​ការ​ធ្វើ​បាប​អ្នក​កាន់​សាសនា​ឥស្លាម​ដោយ​ធ្វើ​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​លើប្រទេស​ចិន។

​អ្នក​ជំនាញ​និយាយ​ថា ចំណាត់​ការ​នេះ​បង្ហាញ​ថា ចិន​បាន​ចាប់​ផ្តើម​ខិត​ខំ​ធ្វើ​ការដើម្បីធ្វើ​ឲ្យ​លទ្ធិ​ជ្រុល​និយម​ខុស​ច្បាប់​ហើយ​ថា ​ការណ៍​នេះ​បង្ហាញ​ថា ជា​ជ័យ​ជម្នះ​នៃ​សង្គ្រាម​ឃោសនា​នៅ​ពេល​ដែល​ប្រទេសជា​ច្រើន​ និង​អង្គការ​សាសនា​ឥស្លាម ​នៅ​រក្សា​ស្ងៀម​ស្ងាត់​អំពី​ការ​ឃុំឃាំង​មនុស្ស​ដ៏​ច្រើន​នេះ។

ទោះ​ជា​ឯកសារ​ស​នោះ​អាច​ឲ្យ​ចិន​បង្ហាញ​ការ​ពិត​ក៏​ដោយ​ ក៏​ចិន​មិន​បាន​និយាយ​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​បាន​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​ទាំង​នោះ​ទេ។

ការ​វាយ​តម្លៃនៅ​បរទេស​គឺ​ថា ​មនុស្ស​ជាង​១លាន​នាក់បាន​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ​បាន​ទាក់​ទិន​នឹង​អំពើ​ជ្រុល​និយមនេះ។ ឯកសារ​ស ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ​ភេរវជន​ជិត​១ម៉ឺន​៣ពាន់​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​តំបន់​ស៊ីន​ជាង។

​ក្នុង​ចំណោម​មនុស្ស​១ម៉ឺន​៣​ពាន់​នាក់​នោះ​ អ្នក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​ដល់​សង្គម ​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ឬ ​អ្វី​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ​បាន​ហៅ​ថា ​ជំរំ​ឃុំឃាំង ​បន្ទាប់​ពី​បាន​ជាប់​ពន្ធនាគារ​រួច​ហើយ។

ឯកសារ​ស​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​បាន​ស្គាល់​សកម្មភាព​ជ្រុល​និយម​ហើយ ​ក៏ប៉ុន្តែ ​មិន​ទាន់​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ណា​មួយ​ឬ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា មាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំង​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ក៏​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ឯ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​នោះ​ដែរ។

ឯកសារ​ស​នោះ​បាន​សន្និដ្ឋាន​ថា ​តំបន់​ស៊ីន​ជាង ​ជា​សមរភូមិ​ដ៏​សំខាន់​មួយ​របស់​ចិន​ដើម្បី​ត​ទល់​នឹង​ភេរវកម្ម​ ហើយឯកសារ​ស​នោះ​ពោល​អះអាង​ទៀត​ថា ​គោល​នយោបាយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ ​បាន​ធ្វើ​ការ​រួម​វិភាគ​ទាន​ដ៏​ធំ​មួយ​ដល់​ការ​ប្រយុទ្ធ​របស់​សាកល​លោក​ប្រឆាំង​នឹងលទ្ធិ​ជ្រុល​និយម។

រូប​ឯកសារ៖ ស្ត្រី​ជនជាតិ​ភាគ​តិច​ Uighur សម្រាក​នៅ​ជិត​រនាំង​ការពារ​របស់​ប៉ូលិស​ចិន​ក្នុង​តំបន់​ Urumqi តំបន់​ស្វយ័ត​ស៊ីជាង ប្រទេស​ចិន។

​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ​បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​អំពី​ជំហរ​ដ៏​គគ្លើន​របស់​ចិន ​ដោយ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​តបត​ការ​សង្កត់​សង្កិន​របស់​រដ្ឋាភិបាល​ចិនលើ​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​តំបន់​ស៊ីនជាង។

អង្គការ​សមាជ​វីហ្គើ​ពិភព​លោក ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ដល់​ឯកសារ​ស​នោះ ​ដោយ​បាន​ហៅ​ឯកសារ​ស​នោះ​ថា មាន​ចេតនា​បំភ្លៃ​ការ​ពិត ​ហើយ​បាន​ជជែក​ឲ្យ​ហេតុ​ផល​ថា ការ​ឃុំ​ឃាំងជន​ជាតិ​ភាគ​តិច​វីហ្គើ​ជាង​មួយ​លាន​នាក់​ដោយ​ការ​បង្ខំ​របស់​ចិន​ ​ជា​ការ​ខុស​ច្បាប់។

លោក​ Dilxat Raxit​ អ្នកនាំ​ពាក្យ​របស់​ក្រុម​និរទេស​ខ្លួន​ដែល​មាន​ទីស្នាក់​ការ​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា៖ «ការ​ចោទ​ប្រកាន់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ឯក​សារ​នោះ ​ជា​ការ​បង្កហេតុ​និង​ខ្វះ​តម្លាភាព។ ជន​ជាតិភាគ​តិច​វីហ្គើ​ដែល​ត្រូវ​បាន​បង្ក្រាបនិង​ចាប់​ខ្លួន​ដោយរដ្ឋ​អំណាច​មូលដ្ឋាន​ចិន​មិន​ដែល​បាន​ទទួល​ការ​កាត់​ទោស​តាម​នីតិវិធី​មុន​ពេល​ពួក​គេត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​ថា​ជា​ភេរវជន​ទេ។ ចិន​មិន​ដែល​បាន​ផ្តល់​ភស្តុតាង​ណា​មួយ​ដើម្បី​គាំ​ទ្រ​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា ​សកម្មភាព​ភេរវកម្ម​នោះ​ទេ»។

លោក​បាន​និយាយ​ទៀត​ថា​ អ្នក​ដែល​គេ​ចោទ​ប្រកាន់​មិន​មាន​មធ្យោបាយ​ដើម្បី​ការពារ​ខ្លួន ​ឬ​រួច​ផុត​ពីការ​ចោទ​ប្រកាន់​ទេ។

យោង​ទៅ​តាម​របាយការណ៍​នោះ ​ជ្រុល​និយម​បាន​ធ្វើ​ការ​វាយ​ប្រហារ​រាប់​ពាន់​ដង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​រវាង​ឆ្នាំ​១៩៩០​ និង​ឆ្នាំ​២០១៦។

លោក​ Raxit ​និយាយ​ទៀត​ថា ​ការ​ប្រឆាំង​ភេរវកម្ម​ក្នុង​តំបន់​ស៊ីងជាង​នៅ​ប្រ​ទេស​ចិន ​ តំណាង​ឲ្យ​ការ​ខំប្រឹង​ប្រែង​ក្លែង​ក្លាយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ចំ​ណោម​ក្រុម​ជន​ជាតិ​ភាគ​តិច។

លោក​បាន​និយាយ​ថា៖ «យើង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិកុំ​ចាញ់​បោក​ដោយ​ការ​ប៉ុន​ប៉ង​របស់​ចិន ​តាម​រយៈ​មធ្យោបាយ​ការទូត​ឬ​ឃោសនា​អន្តរជាតិ​ដើម្បី​បិទ​បាំង​គោល​បំណង​ការពិត​របស់​ចិន​ដោយ​ការ​ស្ថាបនា​ជំរំ​អប់រំ​នៅ​ក្នុង​តំបន់​ស៊ីង​ជាង»។​ លោកបាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ហើយ​និង​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ចិន។

រូបឯកសារ៖ ក្រុម​សន្តិសុខ​ Uighur ​ដើរ​ល្បាត​នៅ​ជិត​វិហារ​ឥស្លាម​ Id Kah ក្នុង​ទីក្រុង​ Kashgar ក្នុង​តំបន់​ស្វយ័ត​ស៊ីជាង។

លោកបាន​មាន​ប្រសាសន៍​ទៀត​ថា ​ប្រសិនបើ​ចិន​មិន​មានអ្វី​លាក់​បាំង​នោះ​ទេ ​ចិនត្រូវ​តែ​អនុញ្ញាត​ជា​បន្ទាន់​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​បញ្ជូន​ក្រុម​ស៊ើប​អង្កេត​ទៅ​កាន់​តំបន់​ស៊ីងជាង ជា​ការ​ស្នើ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រាន​ចោល​ក្នុង​អំឡុង​នៃ​សើរើ​ពិនិត្យ​មើល​រយៈ​ពេល​៥ឆ្នាំ​ម្តង​នៅ​ឯ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សរបស់​អង្គការ​ស ប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​កាល​ពី​សប្តាហ៍​មុន។

នៅ​ខាង​ក្រៅ​ជំនួប​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នោះ ​លោក​ Le Yucheng ​អនុ​រដ្ឋ​មន្រ្តីការ​បរទេស​ចិន​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាចកាត់​បន្ថយ​ជា​បណ្តើរៗ​នូវ​ទំហំ​មជ្ឈមណ្ឌល​អប់​រំកែប្រែ​ ប្រសិន​បើ​ការ​ប្រ​យុទ្ធ​ប្រឆាំង​ភេរវកម្ម​នៅ​តំបន់​ស៊ីងជាង​ បង្ហាញ​សញ្ញា​នូវ​ភាព​ប្រសើរ​ឡើង។

ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ទទូច​ថា​ ករណី​សិទ្ធិ​មនុស្ស​ទាំង​នោះ​បាន​រាយការណ៍​នៅ​ក្នុង​ការ​ពិនិត្យ​តាម​ដាន​មើល​មិន​មែន​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ទេ ​ក៏ប៉ុន្តែ ​បញ្ហា​ទាំង​នោះ​ទាក់​ទិន​ទៅ​នឹង​អធិបតេយ្យ​ភាព​និង​ភាព​ត្រឹម​ត្រូវ​របស់​តុលាការ​ចិន។​ លោក​ Albert Ho ​ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ក្រុង​ហុងកុង​ បាន​ឆ្លើយតបក្នុង​សេចក្តី​ថ្លែង​ការណ៍​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ការណ៍​នេះ​បង្ហាញ​ពីការ​ប៉ុន​ប៉ង​របស់​ចិន​ដើម្បី​ការពារ​វិធានការណ៍​ដ៏​ឃោរឃៅ​របស់​ខ្លួន​នៅ​ក្នុង​គោល​ការណ៍​រំលោភ​សិទ្ធិ​មនុស្ស។ ដូច្នេះ អ្នក​ដែល​ខំ​ព្យាយាម​ស្វែង​រក​ការពិត ​ត្រូវ​តែ​បង្ហាញថា​ការ​អត្ថាធិប្បាយ​របស់​ពួក​មន្រ្តី​ចិន​នោះ​ខុស។

លោក ​James Leibold​ ជា​សាស្រ្តាចារ្យ​ជំនួយ​ខាង​ការសិក្សា​នយោបាយ​ចិន​និង​អាស៊ី​នៅឯ​សាកល​វិទ្យា​ល័យ La Trobe ​បាន​និយាយ​ថា របាយការណ៍​ថ្មី​ៗ​នេះ​បង្ហាញ​ថា គ្រប់​ផ្នែក​នៃ​ម៉ាស៊ីន​ឃោសនា​របស់​ចិន ​បាន​ចាប់​ផ្តើម​មាន​ប្រសិទ្ធ​ភាពដើម្បី​ជួយ​ផ្សព្វផ្សាយ​សារ​របស់​ខ្លួនគ្រប់​កម្មវិធី​ទាំង​អស់​ដូចជា​បណ្តាញ​ព័ត៌មាន​សង្គម​ឬ​បណ្តាញ​ព័ត៌មាន​រដ្ឋ​ដោយ​មាន​គោល​បំណង​ឈ្នះ​សង្គ្រាម​ឃោសនា​នៅ​តំបន់​ស៊ីងជាង។

រូបឯកសារ៖ រូប​ផ្ទាំង​ឃោសនា​បង្ហាញ​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ថត​ជាមួយ​កុមារ​ជន​ជាតិ​ភាគ​តិច​ដោយ​មាន​ពាក្យ​ស្លោក​ថា​«អគ្គលេខាធិការ​បក្ស​ ស៊ី ជិនពីង​និង​ជន​ជាតិ​ភាគ​តិច​ច្រើន​ជាតិ​សាសន៍​រួម​គ្នា​បេះ​ដូង​នឹង​បេះ​ដូង» នៅ​លើ​អាគារ​មួយ​ក្នុង​ទីក្រុង​ Kashgar។

លោក​ Leibold​ បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​យល់​ថា ​វាជា​ការ​ប៉ុនប៉ង​មួយ​ដើម្បីបង្កើតការ​លើក​ឡើង​ប្រឆាំង​តបត​វិញ​ដែល​អាចជឿ​ទុក​ចិត្ត​បាន​និង​ទទួល​យក​បាន ​ដែល​អាច​ត្រូវ​បានប្រើ​ប្រាស់​ដោយ​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន​ដើម្បី​បន្ធូ​បន្ថយ​ការ​កើន​ឡើង​នូវ​ការ​រិះគន់​ពី​សំណាក់​អន្តរជាតិ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ខ្លាំងធ្ងន់​ធ្ង​រមដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ស៊ីងជាង​នៅ​ពេល​សព្វ​ថ្ងៃ​នេះ»។

លោក​ Leibold ​បាន​និយាយ​ទៀត​ថា ​ជា​អកុសល​ ប្រទេស​ចិន​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ប្រៀបនៅ​ពេល​ដែល​ប្រទេស​មួយ​ចំនួន​តូច ​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ខ្លះ​នៅអឺរ៉ុប​ដែល​រិះគន់​លើ​ប្រទេស​ចិន​យ៉ាង​ខ្លាំង​នោះ។

ក្នុង​ពិភព​ឥស្លាម ​តួកគី ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​និយាយ​រិះ​គន់​ឥត​សំចៃ​ប្រឆាំង​នឹង​ប្រទេស​ចិន​ចំពោះ​ការ​ធ្វើ​បាប​ជន​ជាតិ​ភាគ​តិច​វីហ្គើ ​និង​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម។ ផ្ទុយ​ទៅ​វិញ ​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​ Mohammed bin Salman​ នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​និង​ប្រទេស​កាហ្សាក់ស្ថាន ​បាន​គាំទ្រ​ជំហ​ប្រឆាំង​ភេរវកម្ម​របស់​ចិន។

លោក​ Shih Chienyu ​ដែល​រស់​នៅ​ក្រុង​ហុងកុង​និង​ជា​អគ្គលេខាធិការ​នៃ​សមា​គម​ការសិក្សា​តំបន់​អាស៊ី​កណ្តាល​នៅ​កោះ​តៃវ៉ាន់​ បាន​និយាយ​ថា ​ឯកសារ​ស​នោះ ​ក៏​បានជួយ​ពន្យល់​អំពី​និយមន័យ​ដ៏​ធំទូលាយ​របស់​ចិន​អំពី​អ្វី​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ពួក​ជ្រុល​និយម។ ការណ៍​នេះ​រួម​បញ្ចូល​មិន​ត្រឹម​តែ​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ផ្លូវច្បាប់​ទេ ​ប៉ុន្តែក៏​សម្រាប់​អ្នក​ដែល​គ្រាន់​តែ​គិត​ទុក​ក្នុង​ចិត្ត។​

លោក​ Shih​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ការណ៍​នេះ​មាន​ន័យ​ថា អ្នក​កាន់​សាសនា​នៅ​តំបន់​ស៊ីងជាង​ណា​ក៏ដោយ ​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ បាន​ប្រព្រឹត្តអំពើ​ជ្រុលនិយម ប្រសិនបើ​ពាក្យ​សម្តី​ហើយ​និង​ការ​អនុវត្ត​របស់​ពួកគេ​មិន​បាន​ធ្វើ​ទៅ​តាម​ការ​បក​ស្រាយ​ផ្លូវការ​របស់​រដ្ឋ​និង​ការ​ប្រតិបត្តិនៃ​ការ​ប្រៀន​ប្រដៅ​សាសនា​ឥស្លាមក្នុង​ប្រទេស​ចិន។

លោក​ Shih ​បាន​និយាយ​ទៀត​ថា៖ «សកម្មភាព​នៃ​លទ្ធិ​ជ្រុល​និយមរួម​បញ្ចូល​អ្វីៗ​ស្ទើរ​ទាំង​អស់ ​រួម​ទាំង​វិធី​និង​ខ្លឹមសារ​នៃ​ការ​សូត្រ​ធម៌ ​ការ​រៀប​អាពាហ៍​ពិពាហ៍​និង​បុណ្យ​សព​ ការទទួល​បានទ្រព្យសម្បត្តិ ​សាសនា​ ប្រពៃ​ណី​និងសៀវ​ភៅ​សិក្សា។ អ្វីៗ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ​អាច​ស្ថិត​នៅក្នុង​ប្រភេទ​ដែល​តម្រូវ​ឲ្យមាន​ការត្រួត​ពិនិត្យ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​លោក ​Shih​ បាន​សន្និដ្ឋាន​ថា ​យុទ្ធសាស្រ្ត​របស់​ចិន​នៅ​ក្នុង​តំបន់​ស៊ីងជាង​ដែល​ទាក់​ទិន​នឹង​ការ​ឃុំឃាំង​ ឬ​ដាក់​កម្រិត​លើ​សេរីភាព​របស់​បុគ្គល ​នឹងនាំ​ឲ្យ​បរាជ័យ​ដូចជា​ការ​ឃុំឃាំង​ក្នុង​ទ្រង់​ទ្រាយ​ធំ​មិន​ត្រឹម​តែ​មាន​ការ​លំបាក​ដើម្បី​ការពារ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏ធ្វើ​ឲ្យ​មាន​ការ​ទោម​នស្ស​ដែល​នៅ​ទី​បញ្ចប់​នឹង​មាន​ការ​លំបាក​ដើម្បី​លុបបំបាត់៕

ប្រែ​សម្រួល​ដោយ ​ជឹង​ ប៉ូជីន