កងកម្លាំងសន្តិសុខចម្រុះរបស់ខណ្ឌដូនពេញ នៅព្រឹកថ្ងៃអង្គារនេះ បានឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី ប្រមាណ៣០នាទី នៅជិតរូបសំណាកសម្តេចព្រះនរោត្តមសីហនុ លើសួនច្បារមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកាស៊ីណូណាហ្គាវើលដ៍ មុនពេលកញ្ញាទៅចូលរួមសវនាការ ដើម្បីតតាំងក្តីក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់។
ប៉ុន្តែ សវនាការនេះ ត្រូវបានពន្យារពេលសារជាថ្មី រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ដោយសារមេធាវីការពារក្តីរបស់កញ្ញា សេង ធារី ត្រូវការពេលដើម្បីសិក្សាអំពីសំណុំរឿង និងប្រមូលឯកសារពាក់ព័ន្ធបន្ថែម។
នៅព្រឹកថ្ងៃអង្គារនេះ កញ្ញា សេង ធារី ត្រូវគេឃើញកំពុងកាន់ទូរស័ព្ទដៃ និងស្លៀកពាក់ជាអ្នកជាប់ឃុំពណ៌ទឹកក្រូច និងពាក់ខ្នោះសម័យ ប៉ុល ពត នៅនឹងជើងទាំងពីរ ហើយបានផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកនៅឯសួនច្បារក្បែរកាស៊ីណូណាហ្គារើលដ៍ដែលជាទីតាំងមានការធ្វើកូដកម្មជិតពីរសប្តាហ៍។
ក្នុងការផ្សាយផ្ទាល់នោះ កញ្ញា សេង ធារី ជាមេធាវីខ្មែរអាមេរិកាំង បាននិយាយរៀបរាប់ពីដំណើរកញ្ញាទៅកាន់តុលាការក្រុងភ្នំពេញ ប៉ុន្តែ កម្លាំងសន្តិសុខទំនងជាមិនពេញចិត្តនឹងការស្លៀកពាក់របស់កញ្ញា សេង ធារី ហើយក្រោយការផ្សាយផ្ទាល់ ជាង១៥នាទីនោះ កញ្ញា ត្រូវបានឃាត់ខ្លួន។
បើតាមការផ្សាយផ្ទាល់របស់កញ្ញា សេង ធារី នោះ កម្លាំងសន្តិសុខមួយចំនួនក្នុងចំណោមគ្នាប្រមាណ៣០ ទៅ៤០នាក់ បានហៅកញ្ញាថា ជាមនុស្សឆ្កួត និងបញ្ជាឲ្យចាប់ខ្លួន និងដកហូតទ្រព្យសម្បត្តិ ទូរស័ព្ទដៃ និងរបស់របរផ្សេងទៀត។ ប៉ុន្តែ បន្ទាប់មកគាត់ក៏ត្រូវបានដោះលែងមកវិញឲ្យបានទៅចូលរួមសវនាការសំណុំរឿង ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៃមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពាក់ព័ន្ធនឹងការស្លៀកពាក់ជាអ្នកជាប់ឃុំ កញ្ញា សេង ធារី និយាយថា គាត់ចង់បង្ហាញពីភាពអយុត្តិធម៌នៅក្នុងសង្គម និងបង្ហាញអំពីនិមិត្តរូបនៃការចាប់ខ្លួនសកម្មជន។
កញ្ញាថ្លែងថា៖ «ខ្ញុំពាក់ឈុតអ្នកជាប់គុកហ្នឹង ទី១ ជានិមិត្តរូប ចុះខ្ញុំអាចជាប់គុក។ ទី២ ជាការដាស់តឿនអារម្មណ៍សាធារណជនក្នុងប្រទេសក្តី ពួកអន្តរជាតិក្តី។ ទី៣ ចង់ជួយរបបផ្តាច់ការនេះ ប្រសិនបើដាក់ខ្ញុំចូលគុក ពួកគាត់អត់ត្រូវការអស់លុយអំពីសម្លៀកបំពាក់របស់ខ្ញុំទេ។ នេះ ជាវិភាគទាន ជួយទៅរបបផ្តាច់ការនេះ នៅក្នុងការបង់ឯកសណ្ឋានអ្នកទោស [ឬ] អ្នកជាប់គុកឲ្យ ពួកគាត់អាចចំណេញ២ [ឬ]៣ដុល្លារដែរ»។
នៅមុនការចូលរួមសវនាការនៅថ្ងៃអង្គារនេះ កញ្ញា សេង ធារី បានចាត់ទុកថា សវនាការសំណុំរឿងក្បត់ជាតិដែលចាប់ផ្តើមបន្តជាថ្មីតាំងពីចុងឆ្នាំ២០២១ នោះ ជាឆាកល្ខោននយោបាយមួយ ដែលកញ្ញាត្រូវចូលរួមសម្តែងដោយមានពាក្យពេចន៍ខ្លួនឯងដើម្បីប្រាប់ទៅក្រុមប្រឹក្សាជំនុំជម្រះ។
លោក ជួង ជួងី មេធាវីការពារក្ដីឱ្យកញ្ញា បានប្រាប់វីអូអេនៅថ្ងៃអង្គារថា ការពន្យារពេលសវនាការទៅពេលក្រោយនេះ គឺដើម្បីឲ្យលោក និងកូនក្តីរបស់លោក អាចត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីការពារសិទ្ធិស្របតាមនីតិវិធី។
លោកថ្លែងថា៖ «ទី១ រឿងចោទប្រកាន់ជារឿងឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសធ្ងន់។ ទី២ កញ្ញា សេង ធារី អត់បានឯកសារពាក់ព័ន្ធនឹងការចោទប្រកាន់គាត់ អ៊ីចឹងគាត់អត់បានតៀមដើម្បីតទល់ខ្លួនគាត់ទេ។ ទី៣ ខ្ញុំជាមេធាវី ទើបទទួលការពឹងពាក់ពីគាត់ ហើយម្សិលមិញនេះ ខ្ញុំថតចម្លងឯកសារបានមួយចំនួន ភាគតិចពីតុលាការ ហើយខ្ញុំអត់បានជួបគាត់ដើម្បីជជែក ឬត្រៀមខ្លួនដើម្បីតតាំងការពារសិទ្ធិគាត់។ ដូច្នេះ សុំពន្យារពេលទៅពេលក្រោយ ដើម្បីយើងអាចត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីការពារសិទ្ធិឲ្យគាត់»។
លោកមេធាវីក៏បានចាត់ទុកថា ការចាប់ខ្លួនកូនក្តីដោយកងកម្លាំងសន្តិសុខចម្រុះខណ្ឌដូនពេញជាការរំលោភសិទ្ធិធ្ងន់ធ្ងរផងដែរ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ីរិន្ទ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេនៅថ្ងៃអង្គារនេះ។
ដោយឡែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានប្រាប់វីអូអេថា ការពន្យារពេលសវនាការរបស់កញ្ញា សេង ធារី គឺអាចទទួលយកបាន ដើម្បីឲ្យសកម្មជនសិទ្ធិមនុស្សរូបនោះ មានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរកភស្តុតាងដោះបន្ទុក។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងឃើញមានការជជែកដេញដោលច្រើនដែរ ដែលឃើញតុលាការ លោកបានថ្លឹងថ្លែងអំពីពេលវេលាសមស្របសម្រាប់កូនក្តីហ្នឹង ប៉ុន្តែក៏មានការជជែកអំពីការប៉ះពាល់ទៅដល់សិទ្ធិជាប់ចោទដទៃទៀត ជាពិសេសអ្នកជាប់ឃុំហ្នឹង ពីព្រោះការពន្យារពេលវាហ្នឹងធ្វើឲ្យអ្នកទាំងអស់ហ្នឹង បន្តឃុំខ្លួនបន្តទៅទៀត»។
អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែទោះជាយ៉ាងណាមានការលើកឡើងថា ដំណោះស្រាយដែលល្អបំផុតហ្នឹង គឺតុលាការគួរប្រើឆន្ទានុសិទ្ធិក្នុងការដោះលែងឲ្យពួកគាត់នៅក្រៅឃុំ ដាក់ឲ្យពួកគាត់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ រង់ចាំសវនាការវិញ ជាជាងការបន្តឃុំខ្លួន ពីព្រោះពួកគាត់ ត្រូវបានឃុំខ្លួនលើសលប់មែនទែនរហូតដល់ជាង១៩ខែជាដើម»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា ប្រាប់វីអូអេថា លោកចង់ឃើញសវនាការមួយ ដែលបង្ហាញនូវយុត្តិធម៌ត្រឹមត្រូវដល់ជនជាប់ចោទ ដើម្បីឱ្យពួកគេមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការរកមេធាវី ការប្រមូលព័ត៌មាន និងការត្រៀមខ្លួន ឬការអនុញ្ញាតឱ្យជនជាប់ចោទបានស្ថិតនៅក្រៅឃុំ។
ប៉ុន្តែលោកមើលឃើញថា តុលាការបានឃុំខ្លួនជនជាប់ចោទមួយចំនួនមានរយៈពេលយូរ ដែលវាធ្វើឲ្យប៉ះពាល់សិទ្ធិរបស់ពួកគេ។ លោកថ្លែងថា៖ «នៅក្នុងប្រទេស ដែលគេប្រកាន់ប្រជាធិបតេយ្យសេរី គឺគេមិនយកសំណុំរឿងគ្រាន់តែជាសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការបញ្ចេញទស្សនៈ គំនិតយោបល់ហ្នឹង យកមកដើម្បីធ្វើការចោទប្រកាន់ធ្វើការប្តឹងផ្តល់គ្នា តាមផ្លូវតុលាការអ៊ីចឹងទេ»។
គួររំឭកឡើងវិញផងដែរថា គិតចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រហូតដល់ខែមីនា ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកគាំទ្រសកម្មជនមន្ត្រីគណបក្សតាមបណ្តាខេត្ត និងរាជធានី និងថ្នាក់ដឹកនាំរបស់គណបក្សនេះជិត១៤០នាក់ ត្រូវបានតុលាការចោទប្រកាន់ ឬរងការចាប់ខ្លួនទាក់ទងនឹងបទ«ក្បត់ជាតិ» បទ«រួមគំនិតក្បត់» ឬបទ«ញុះញង់ឲ្យប្រពឹត្តបទឧក្រិដ្ឋ»ជាដើម។ នេះបើយោងតាមក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា៕