ប្រទេស​មូស្លីម​អ្នក​មាន​ត្រូវ​បាន​​ជំរុញ​ឲ្យ​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម

ប៉ូលិស​របស់​ប្រទេស​ហុងគ្រី​យាមត្បាត​នៅ​ព្រំដែន​ដែល​ដាក់​បន្លាលួស​បណ្តោះ​អាសន្ន​ នៅ​ព្រំដែន​របស់​ប្រទេស​ហុងគ្រី និង​ប្រទេស​ក្រូអាស៊ី (Croatia) នៅ​ភាគ​និរតី​នៃ​ក្រុង​ប៊ុយដាប៉ែស (Budapest) ប្រទេស​ហុងគ្រី​ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។

​ប្រទេស​សម្បូរ​ប្រេង​ និង​ចិន​គួរ​តែ​ចូលរួម​ឲ្យ​បាន​ច្រើន​ជាង​នេះ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន​ស៊ីរី​ ប៉ុន្តែ​ភាព​ខុស​គ្នា​ផ្នែក​នយោបាយ ផ្នែក​ជាតិ​ពន្ធ​ និង​ផ្នែក​និកាយ​សាសនា​ជះ​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។

អ្នក​វិភាគ​បាន​ប្រាប់​ VOA ដែល​ជា​វិទ្យុ​ផ្សាយ​ព័ត៌មាន​ឈាន​មុខ​គេ​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ថា​ ប្រទេស​កាន់​សាសនា​ឥស្លាម​ ជាពិសេស​ប្រទេស​សម្បូរ​ប្រេង​ និង​ប្រទេស​ចិន​គួរ​តែ​ចូលរួម​ឲ្យ​បាន​ច្រើន​ជាង​នេះ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន​ស៊ីរី​ដែល​កំពុង​កើត​ឡើង​ជា​បន្តបន្ទាប់។​

លោក​ Alam Payind ​នាយក​មជ្ឈមណ្ឌល​សិក្សា​អំពី​មជ្ឈឹម​បូព៌ា​ប្រទេស​នៅ​សាកលវិទ្យាល័យ​ Ohio និយាយ​ថា​ ភាព​ខុស​គ្នា​ផ្នែក​នយោបាយ ផ្នែក​ជាតិ​ពន្ធ​ និង​ផ្នែក​និកាយ​សាសនា ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​ការ​គិត​របស់ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ប្រទេស​កាន់​សាសនា​ឥស្លាម​ជា​ច្រើន នៅ​ពេល​និយាយ​ពី​ការ​ទទួល​ជន​ភៀស​ខ្លួន​ ហើយ​ថ្នាក់​ដឹកនាំ​ក្នុង​ប្រទេស​សម្បូរ​ប្រេង​ទាំង​នោះ​ព្យាយាម​មិន​ទទួល​យក​ជន​ភៀស​ខ្លួនទាំង​ឡាយ​ណា​ដែល​មាន​ភាព​ខុស​ប្លែក​ពី​អ្វី​ដែល​ប្រទេស​ពួក​គេ​មាន។

ជន​ភៀស​ខ្លួន​ស៊ីរី​បាន​ចាក​ចេញ​ពី​ប្រទេសរបស់​ពួក​គេ​ក្នុង​ចំនួន​យ៉ាង​ច្រើន ដោយ​ភាគ​ច្រើន​បានជ្រើសរើស​យក​វិធី​ដ៏​គ្រោះថ្នាក់​ ហើយ​បាន​បង្ខំ​ចិត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ និង​ផ្លូវ​សមុទ្រ​ដ៏​គ្រោះថ្នាក់​ទៅ​អឺរ៉ុប។ ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ក៏​បាន​ជួប​នូវ​វិបត្តិ​នេះ​ផងដែរ ខណៈ​ដែល​រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​បញ្ហា​ការ​ហូរ​ចូល​នៃ​ចំនួន​មនុស្ស​ដ៏​ច្រើន​នេះ ដោយ​ប្រទេស​ខ្លះ​បាន​បិទ​ព្រំដែន​របស់​ខ្លួន។ ជា​ឧទាហរណ៍ ​ប្រទេស​ហុងគ្រី​បាន​ដាក់​រនាំង​លួស​បន្លា​នៅ​ព្រំដែន​របស់​ខ្លួន។

លោក Payrind ក៏​បាន​និយាយ​ដែរថា ប្រទេស​ចិន​គួរ​តែ​ដើរ​តួ​ឲ្យ​មាន​ន័យ​ជាង​នេះ​ចំពោះ​វិបត្តិ​ជន​ភៀស​ខ្លួន​ដែល​កើត​ឡើង​ជា​បន្តបន្ទាប់​នេះ។ លោក​បាន​និយាយ​ថា៖ «ដោយសារ​តែ​ប្រជាជន​ចិន​មាន​ចំនួន​ច្រើន​លើសលប់​ទៅ​ហើយ​ ចិន​ពិតជា​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​មនុស្ស​ថែម​ទៀត។ ប៉ុន្តែ​ចិន និង​រុស្ស៊ី​អាច​ប្រើ​ឥទ្ធិពល​នយោបាយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី​បាន ហើយ​ការ​ធ្វើ​បែប​នេះ​អាច​នឹង​ជួយ​ទប់ស្កាត់​ប្រជាជន​ទាំង​នោះ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ»។

អ្នក​វិភាគ​មួយ​ចំនួន​កំពុង​រិះ​គន់​ប្រទេស​មូស្លីម​អ្នក​មាន​ ដូចជា​អារ៉ាប៊ី​សាអូឌីត​ (Saudi Arabia) កូវ៉ែត (Kuwait) កាតា (Qatar) និង​បារ៉ែន (Bahrain) ចំពោះ​ការ​មិន​ទទួល​យក​ជន​ភៀស​ខ្លួន​ស៊ីរី។ លោក Yahaya Lawal នាយក​ផ្នែក​កិច្ចការ​នយោបាយ​នៅ​អង្គការ Islamic Conference ទទួល​ស្គាល់​ថា បណ្តា​ប្រទេស​អារ៉ាប់​អ្នក​មាន​អាច​ចូល​រួម​បាន​ច្រើន​ជាង​នេះ​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា អង្គការ​សហប្រជាជាតិ​គួរ​តែ​ដើរ​តួ​ក្នុង​លក្ខណៈ​ស្ថាបនា​ជាង​នេះ​ ក្នុង​នាម​ជា​អង្គការ​អន្តរជាតិ។ លោក​និយាយ​ថា៖ «អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​បង្កើត​បរិយាកាស​មួយ​ដែល​មនុស្ស​អាច​រស់​នៅ​ក្នុង​ប្រទេស​របស់​គេ​បាន​ ហើយ​ការ​ចាក​ចេញ​របស់​មនុស្ស​ក្នុង​ចំនួន​ច្រើន​បែប​នេះ​អាច​នឹង​ត្រូវ​បញ្ឈប់»។

តួនាទី​របស់​សហរដ្ឋ​អាមេរិក

រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក​ John Kerry ​បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​អំពី​ការ​កើន​ឡើង​នៃ​ចំនួន​ជន​ភៀស​ខ្លួន​រហូត​ដល់​១០០.០០០នាក់ ​ដែល​អាមេរិក​នឹង​ទទួល​យក​នៅ​ត្រឹម​ឆ្នាំ​២០១៧។ លោក​មិន​បាន​និយាយ​ពី​ចំនួន​ជន​ភៀស​ខ្លួន​មក​ពី​ស៊ីរី​នោះ​ទេ។ ប៉ុន្តែ​ លោក​ John Dalhuisen ​នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International ប្រចាំ​តំបន់​អឺរ៉ុប​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​ប្រទេស​អ្នក​មាន​របស់​ខ្លួន​ឲ្យ​ទទួល​យកជន​ភៀសខ្លួន​ឲ្យ​បាន​ច្រើន​ជាង​នេះ។

លោក​និយាយ​ថា៖ «ប្រាកដ​ណាស់ វិបត្តិ​ជន​ភៀស​ខ្លួន​ត្រូវ​ការ​ដំណោះស្រាយ​ជា​សាកល​ និង​ត្រូវ​ការ​សាមគ្គីភាព​នៅ​ក្នុង​តំបន់។ ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ ​ប្រទេស​អូស្រ្តាលី ​កាណាដា និង​ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ គួរ​ចូល​តុ​ចរចា​ ហើយ​ចាប់ផ្តើម​ពិភាក្សា​លើ​ដំណោះស្រាយ​ដែល​ល្អ​ជាង​នេះ»។

ប៉ុន្តែ​លោក Payind និយាយ​ថា ​គេ​មិន​គួរ​រំពឹង​ថាសហរដ្ឋ​អាមេរិក​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​ច្រើន​នោះ​ទេ។ លោក​និយាយ​ថា៖ «អាមេរិក​ត្រូវ​បាន​គេ​រិះ​គន់​ថា ​មិន​បាន​ទទួល​យក​ជន​ភៀស​ខ្លួន​ឲ្យ​បាន​ច្រើន​សម​ស្រម​តាមអំណាច​សេដ្ឋកិច្ច​របស់​ខ្លួន​ ក៏ប៉ុន្តែ​ការ​គិត​ដូច្នេះ​ មិន​យុត្តិធម៌​នោះ​ទេ។ ​អាមេរិក​បានទទួល​យក​ជនទេសន្តរប្រវេសន៍​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​រួច​ទៅ​ហើយ រួម​មាន​មក​ពី​តំបន់​មាន​ជម្លោះ ​ដូចជា​ប្រទេស​សូម៉ាលី អាហ្វហ្គានីស្ថាន និង​លីប៊ី​ជាដើម»។

សហរដ្ឋ​អាមេរិក​បាន​ទទួល​ជន​ភៀស​ខ្លួន​ចំនួន​៧០.០០០​នាក់​កាលពី​ឆ្នាំ​មុន​ ដោយ​បាន​ចំណាយ​ប្រាក់​អស់​១.១០០លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​សហព័ន្ធ ​ដែល​បាន​ចំណាយ​ទៅ​លើថ្លៃ​ពិនិត្យ​ពិច័យ​ផ្សេងៗ​ និង​ការ​ផ្តល់​សេវា​តាំង​ទីលំនៅ​រយៈពេល​រហូត​ដល់​ទៅ​៥ឆ្នាំ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ