ស្រូវរបស់អ្នកស្រី ជា ឈត ជាកសិកររស់ក្នុងភូមិបឹងឈូកឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងកាលពីខែតុលា ដោយសារជំនន់ទឹកភ្លៀង ដែលហូរចេញពីស្ទឹងពោធិ៍សាត់។
កសិករអាយុ ៥៤ ឆ្នាំ និងមានកូន ៩ នាក់ ហើយ ៥ នាក់ កំពុងស្ថិតក្នុងបន្ទុក រៀបរាប់ថា ជំនន់ឆ្នាំនេះ ប្រៀបដូចជំនន់ធំ កាលពីឆ្នាំ ១៩៩៦ ហើយបានបំផ្លាញស្រែរបស់អ្នកស្រី ២ ហិកតា។ ការបាត់បង់ស្រូវដែលអ្នកស្រីភាគច្រើនដាំសម្រាប់ជាស្បៀងប្រចាំឆ្នាំ នាំឲ្យអ្នកស្រីខាតបង់ប្រាក់យ៉ាងតិច ៥០០ ដុល្លារអាមេរិក ហើយមិនអាចមានអង្ករហូបគ្រប់គ្រាន់ទេសម្រាប់ឆ្នាំក្រោយ។
អ្នកស្រីថ្លែងប្រាប់ VOA ថា៖ «មានធ្វើអី (បាន) មានតែទិញ (អង្ករ) គេ។ បើធ្វើស្រែប្រាំងកើត ចេះតែបានហូបទៅ ក្រែងលោ វាមកអញ្ចឹងទៀតទៅ ទិញគេទៅ»។
កាលពីថ្ងៃសៅរ៍ គ្រួសាររបស់អ្នកស្រីត្រូវបានរដ្ឋាភិបាលផ្តល់ស្រូវពូជ ប្រភេទខា ១៥ ចំនួន ១០០ គីឡូក្រាមសម្រាប់យកទៅដាំ។ ប៉ុន្តែអ្នកស្រីមិនទាន់ដឹងថា ដាំបានពេលណានោះទេ ដោយរង់ចាំមើលស្ថានភាពទឹកជំនន់សិន។
អ្នកស្រីមានប្រសាសន៍ថា៖ «បើមានគេធ្វើ ខ្ញុំធ្វើដែរ ដល់អត់ទាន់មានគេធ្វើ ធ្វើតែឯង ក៏អត់កើតដែរ។ ទាល់ធ្វើ ធ្វើគ្នាច្រើន។ កុំឲ្យតែមានទឹក (ជំនន់)។ ខ្លាចលោទឹកឡើងទៀត»។
អ្នកស្រី ជា ឈត ជាកសិករម្នាក់ក្នុងចំណោមកសិកររាប់ម៉ឺននាក់ទៀត ដែលរងគ្រោះដោយសារទឹកជំនន់ឆ្នាំនេះ។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថាចាប់ពីដើមខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលា ស្រូវលិចទឹក មានប្រមាណ២៨៥.០០០ហិកតា និងដំណាំរួមផ្សំលិចទឹកប្រមាណ៩៧.០០០ហិកតា។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ អ្នកស្រី ជា ឈតបានខ្ចីប្រាក់ប្រមាណ៣ពាន់ដុល្លារពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈ្មោះហត្ថាកសិករលីមីតធីត ដែលអ្នកស្រីថា ដើម្បីទិញម៉ូតូឲ្យកូន និងសងគេមួយចំនួន។ បើតាមឯកសារកម្ចី អ្នកស្រីត្រូវបង់ឲ្យគេមួយខែជាង ១០០ ដុល្លារ ហើយត្រូវបង់រហូតដល់ខែតុលា ឆ្នាំ ២០២១។ បំណុលនេះ ត្រូវបានបង់ដោយស្វាមីរបស់អ្នកស្រី ឈ្មោះ សួន សៀត ដែលជាទាហានម្នាក់ ទទួលបានប្រាក់ខែជាង ១ លានរៀល។
អ្នកស្រីមានប្រសាសន៍ថា៖ «បារម្ភទាំងអស់ហ្នឹង ទាំងកូនរៀន ទាំងសងបំណុលគេហ្នឹង។ នៅតែមួយឆ្នាំទៀត ខ្ញុំផុតហើយ(សងគេចប់)»។
បន្ថែមពីនេះ អ្នកស្រីក៏បានខ្ចីលុយពីគ្រួសារឯកជនចំនួន៣ពាន់ដុល្លារ ដើម្បីរៀបចំអាពាហ៍ពិពាហ៍ឲ្យកូនប្រុស ដែលក្នុងមួយខែអ្នកស្រីបង់តែការប្រាក់ប៉ុណ្ណោះចំនួន ២៤ ម៉ឺនរៀល គឺស្មើនឹង៦០ដុល្លារ។ នេះជាបន្ទុកធ្ងន់របស់អ្នកស្រីមួយចំណែកទៀត ដែលអ្នកស្រីមិនទាន់ដឹងពេលណា ទើបអាចលោះលុយដើមជំពាក់គេ ៣ ពាន់ដុល្លារនោះ។
រស់នៅក្នុងឃុំអន្លង់វិលដូចអ្នកស្រី ជា ឈត ដែរ លោក កែវ ឡេងគី អាយុ ៤១ ឆ្នាំ ជាកសិករម្នាក់ទៀតក្នុងភូមិព្រែកឈើត្រាវ មានប្រសាសន៍ថា ទឹកជំនន់ឡើងមក ៣ ដងជាប់គ្នា ហើយជំនន់ចុងក្រោយបានលិចស្រែរបស់លោក ២ ហិកតា ដែលនាំឲ្យលោកខាតបង់ប្រាក់ប្រមាណ ១ ពាន់ដុល្លារ។
លោកមានប្រសាសន៍ថា៖ «បានលក់រហូត លក់បានជីវភាពគ្រាន់ដោះស្រាយ បានគ្រាន់ធូរ។ ប៉ុនឥឡូវចុះខ្សោយតិចហើយ។ មួយឆ្នាំបើសិនជាកើតបាន(ផលិតបាន) គ្រាន់ម៉ាហូបគ្រប់ តែអាចចំណាយលក់បានមួយតោនអីដែរ»។
កសិករដែលមានកូន ៣ នាក់ក៏កំពុងបារម្ភអំពីការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាប់ប៊ែលយូប៊ី ហ្វាយនែន ប្រមាណ ២ ម៉ឺនដុល្លារ បើទោះភរិយារបស់លោកជាអ្នកទិញលក់ត្រីទទួលបន្ទុកបង់គេ ១,៧ លានរៀល (ប្រមាណ ៤២៥ ដុល្លារ) ក្នុងមួយខែ។ លោកត្រូវបង់រហូតដល់ខែមីនា ឆ្នាំ ២០២៣។ នេះបើតាមឯកសារកម្ចីដែល VOA បានពិនិត្យមើល។
លោកមានប្រសាសន៍ថា៖ «ជាប់បំណុលគេហើយ ប្លង់(នៅនឹងគេ) បើសិនជាយើងដោះស្រាយមិនរួចគេរឹបអូសយក មានតែប៉ុណ្ណឹង»។
កសិកររូបនោះក៏ទទួលបានពូជស្រូវសែនក្រអូប១០០គីឡូក្រាមពីរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ប៉ុន្តែលោកស្ទាក់ស្ទើរមិនទាន់ហ៊ានដាំនោះទេ ដោយសារខ្លាចទឹកលិច។
លោកមានប្រសាសន៍ថា៖ «មិនទាន់ថាហ៊ានធ្វើទេ ចាំមើលពាក់កណ្តាលខែ១១នេះទៅ បានខ្ញុំអាចធ្វើបាន។ ធ្វើហើយ ទឹកឡើងភ្លឹបទៀត អស់ទាំងអាគេឲ្យហ្នឹង អស់ទាំងអាយើងទិញថែម អស់ទាំងអស់ (ចប់)ល្មម»។
កាលពីថ្ងៃអាទិត្យ ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា កម្ពុជានឹងរងឥទ្ធិពលព្យុះឈ្មោះ«អេតូ» ដែលនឹងបង្កជាសម្ពាធទាបមកភាគខាងកើតប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ការណ៍នេះអាចនឹងធ្វើឲ្យភ្លៀងធ្លាក់នៅបណ្តារាជធានីខេត្ត នៅតំបន់ខ្ពស់រាប ភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងភាគខាងត្បូង និងតំបន់សមុទ្រផងដែរ។
លោក ទូច ស៊ុនលី មេឃុំអន្លង់វិល មានប្រសាសន៍ថា ប្រជាពលរដ្ឋប្រមាណ ៨០ ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋសរុប ១៥០០ គ្រួសារក្នុងឃុំរបស់លោក រងផលប៉ះពាល់ដោយសារទឹកជំនន់លិចស្រែរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «វាពិបាកដែរ គ្រាន់តែថាវាមិនពិបាកទាំងស្រុងទេ។ ខ្លះក៏អាចស្តារអីឡើងវិញ។ អ្នកនៅជិតមាត់ប្រឡាយ ព្រែកស្ទឹងអីចឹងទៅ អាចថាបានស្រូវពូជមក គាត់អាចបង្កបង្កើនផលវិញបានខ្លះ»។
លោកបន្ថែមថា៖ «អាហ្នឹងជន់ដោយទឹកភ្លៀង។ ជំនន់ទឹកភ្លៀង។ ហូរធ្លាក់ពីលើមក ស្ទឹងពោធិ៍សាត់យើងហ្នឹង បានវាធ្វើឲ្យប៉ះពាល់ដំណាំស្រូវ។ តាមការពិតយើងរាំងយូរហើយ ដល់បានទឹកមក ហើយស្រូវវានៅទាប អញ្ចឹងទៅវាប៉ះពាល់ ទឹកច្រើន វាអាចមិនងើបរួច»។
មេឃុំរូបនោះឲ្យដឹងទៀតថា បញ្ហាសម្រាប់កសិករនៅក្នុងឃុំរបស់លោក គឺកង្វះទឹកនៅរដូវប្រាំង និងទឹកឡើងច្រើននៅរដូវវស្សា។
ប្រធានសហព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន មានប្រសាសន៍ថា កសិករភាគច្រើនគឺប្រមាណ ៨០ ភាគរយដែលជាប់បំណុលគេ។ លោកបន្តថាប្រាក់ ១ លានទៅ ២ លានរៀល ជាប្រាក់ដ៏ច្រើនសម្រាប់កសិករ។
លោកមានប្រសាសន៍ថា៖ «ធ្វើឲ្យពួកគាត់កាន់តែមានបន្ទុកធ្ងន់ធ្ងរ ហើយអាចនឹងធ្លាក់ខ្លួនក្រីក្រដែរ ពីព្រោះថាប្រាក់កាសពីចន្លោះពី១លានរៀលទៅ ២ លានរៀល ឬក៏ ២៥០ ដុល្លារទៅ ៥០០ ដុល្លារហ្នឹង គឺច្រើនណាស់ សម្រាប់បងប្អូនកសិករនិងប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវការ ដើម្បីធ្វើការដោះស្រាយបំណុលធនាគារហ្នឹង»។
កាលពីខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ មានទាំងធនាគារ និងមីក្រូហិរញ្ញវត្ថុ លើកលែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
លោក ជា ឆាម អាយុ៤៨ឆ្នាំជាកសិករម្នាក់ទៀតក្នុងឃុំអន្លង់វិល មានប្រសាសន៍ថាទឹកជំនន់បានលិចស្រែរបស់លោក១ហិកតា។ លោកបន្តថាប្រជាពលរដ្ឋពឹងផ្អែកលើប្រឡាយមេមួយក្នុងឃុំនៅរដូវប្រាំង ប៉ុន្តែនៅរដូវវស្សាទឹកធំ អាចបណ្តាលឲ្យលិចស្រែរបស់ប្រជាពលរដ្ឋផងដែរ។ លោកស្នើឲ្យកែច្នៃប្រឡាយឲ្យបានខ្ពស់ ដើម្បីកុំឲ្យទឹកហូរហៀចេញមកក្រៅលិចស្រែរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ឥឡូវយើងនិយាយថានៅរដូវវស្សា វាចោទជាបញ្ហាទឹកលិច។ តែនៅរដូវប្រាំង ខ្វះខាតទឹកវិញ។ មិនបាច់ឈានដល់ដំណាក់កាលធ្វើស្រូវប្រាំងទេ យើងនិយាយថាដាំដំណាំតិចតួចដោះស្រាយជីវភាពប្រចាំថ្ងៃ ខ្វះទឹកបូមផង។ ហើយដល់បូមយូរៗ ឈ្លោះតែគ្នាទៀត។ ដណ្តើមទឹកគ្នា»។
ត្រឡប់ទៅអ្នកស្រីជា ឈត វិញ អ្នកស្រីមានប្រសាសន៍ថាអ្នកស្រីកំពុងរង់ចាំកូនប្រុសដែលអ្នកស្រីខ្ចីលុយគេរៀបការឲ្យនោះលក់ដី ដើម្បីសងឯកជន ដែលអ្នកស្រីត្រូវបង់២៤ម៉ឺនរៀលជារៀងរាល់ខែ គ្រាន់តែការប្រាក់ប៉ុណ្ណោះតាំងពីខែមីនា ឆ្នាំ២០២០។
អ្នកស្រីមានប្រសាសន៍ថា៖ «បានថ្ងៃណា ឲ្យថ្ងៃហ្នឹងទៅ បង់តែការ(ប្រាក់)ឲ្យគេសិនទៅ។ បានៗ បណ្តោះៗបណ្តើរទៅ។ ចាំមើលកូន គេថាគេលក់ដី គេជួយចេញពាក់កណ្តាលវិញ»៕