អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា នឹងផ្តោតលើបញ្ហាជាច្រើន ដែលរួមមាន ការបោះឆ្នោត សិទ្ធិនយោបាយ និងសេរីភាពជាមូលដ្ឋាន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់អ្នកស្រីមកកាន់ប្រទេសនេះជាលើកទីប្រាំ។ នេះបើយោងតាមការបញ្ជាក់របស់តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR)។
លោកសាយម៉ឹន វ៉កឃើ (Simon Walker) តំណាងប្រចាំប្រទេសនៃការិយាល័យOHCHR នៅកម្ពុជា បានបញ្ជាក់ប្រាប់ឲ្យVOAដឹងតាមសារអេឡិកត្រូនិក (Email) នៅថ្ងៃសុក្រនេះថា អ្នកស្រី ស្មីត នឹងដាក់បញ្ហាទាំងនេះ ឲ្យស្ថិតក្នុងបរិការណ៍នៃបញ្ហានានាផ្សេងទៀតដែលកំពុងកើតឡើងសព្វថ្ងៃ រួមមានដំណើរការអភិវឌ្ឍជាច្រើន នៅក្នុងវិស័យសេដ្ឋកិច្ច និងសិទ្ធិសង្គម។
លោកវ៉កឃើបានបន្ថែមថា៖
«នៅក្នុងបរិការណ៍នេះ អ្នករាយការណ៍ពិសេស នឹងពិនិត្យលើចំណងទាក់ទងនានា រវាងការគោរពសិទ្ធិមនុស្ស ជាកត្តាមូលដ្ឋាន នៅក្នុងការសម្រេចបានសិ្ថរភាព និងកិច្ចអភិវឌ្ឍន៍»។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី ស្មីត នៅកម្ពុជាមានរយៈពេល ១០ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៨។ ដំណើរទស្សនកិច្ចនេះចំពេលដែលប្រទេសកម្ពុជា កំពុងប្រឈមការប៉ុនប៉ងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងការបោះឆ្នោតព្រឹទ្ធសភាដែលគ្មានវត្តមានរបស់គណបក្សប្រឆាំង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមួយរូបមិនផ្តល់ការអធិប្បាយអំពីដំណើរទស្សនកិច្ចរបស់មន្ត្រីរដ្ឋាភិបាលក្នុងការជួបជាមួយអ្នកស្រី ស្មីតទេ ដោយលោកបានបង្វែរសំណួរទៅលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។
ក៏ប៉ុន្តែនៅពេល VOA សួរលោកថា តើរដ្ឋាភិបាលនឹងមានការពិចារណាយ៉ាងណា ប្រសិនបើអ្នកស្រីស្មីត ចោទសួរពីការបិទសិទ្ធិរបស់គណបក្សប្រឆាំងក្នុងការចូលរួមការបោះឆ្នោតខាងមុខនេះ លោក សុខ ឥសាន មានប្រសាសន៍ថា មតិយោបល់ពីមជ្ឈដ្ឋានណាក៏ដោយ ក៏មិនអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់រានមានជីវិតបានឡើយ។
«មិនអាចមានមតិណាមួយ ឬការទិះតៀនណាមួយឲ្យរំលងនីតិរដ្ឋហ្នឹង អាចសម្រេចផលបានទេ ពីព្រោះបញ្ហាដែលកើតឡើងនេះ មិនមែនកើតឡើងដោយសារបក្សកាន់អំណាចទៅគាបសង្កត់ ឬធ្វើទុក្ខបុកម្នេញ គណបក្សប្រឆាំងទេ គឺគណបក្សប្រឆាំងបង្កើតកំហុសខ្លួនឯង ដូច្នេះត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ដោយខ្លួនឯងទេបាទ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេ នៅថ្ងៃសុក្រនេះ។
យោងតាមសេចក្តីជូនដំណឹងអំពីដំណើររបស់អ្នកស្រី ស្មីត ដែលVOA បានទទួលកាលពីយប់ថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងពេលទសន្សកិច្ចរយៈពេល ១០ថ្ងៃនេះ ក្រៅពីការគ្រោងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល អ្នកស្រីក៏គ្រោងជួបតំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានាផងដែរ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក បានបញ្ជាក់ឲ្យដឹងថា លោកនឹងលើកឡើងពីការវិវត្តនៃស្ថានភាពសិទ្ធិមនុស្ស និងការរឹតត្បិតសេរីភាពរបស់អង្គការក្រៅរដ្ឋាភិបាល ក្នុងការបំពេញការងារនៅតាមសហគមន៍ ដែលបានស្ថិតក្រោមការឃ្លាំមើលរបស់អាជ្ញាធរ។
«យើងបានត្រៀមហើយថា យើងនឹងលើកអំពីស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន ជាពិសេសយើងផ្តោតទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនេះហើយ ដែលកំពុងប្រឈម ហើយយើងនឹងលើកឡើងផងដែរ អំពីការងារប្រឈមរបស់យើង ដែលជាពិសេសនោះគឺ ពេលដែលយើងប្រតិបត្តិការសកម្មភាពហ្នឹងត្រូវមានការឃ្លាំមើលពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចតែងតែទៅ មិនមែនរំខានទេ គ្រាន់តែគាត់តែងបង្ហាញវត្តមានចឹង វាហាក់ដូចជារូបភាពមួយ ធ្វើឲ្យពលរដ្ឋ គាត់មានការបារម្ភ ហើយភ័យខ្លាចនឹងបញ្ចេញមតិផ្សេងៗ នៅពេលដែលចូលរួមក្នុងសកម្មភាព ការងារយើងនៅក្នុងមូលដ្ឋានហ្នឹងបាទ»។
ចំណែកឯ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា លោកចង់ឃើញអ្នកស្រី ស្មីត ធ្វើការសម្រុះសម្រួលឲ្យរដ្ឋាភិបាលកម្ពុជា បានឈានដល់ចំណុចរួមគ្នាមួយជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីស្តារស្ថានការណ៍នយោបាយកម្ពុជាឡើងវិញ ដែលនឹងទប់មិនឲ្យមានចំណាត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍កាន់លទិ្ធប្រជាធិបតេយ្យធំៗទាំងពីរនេះ។
«ពាក់ព័ន្ធនឹងស្ថានភាពនយោបាយ បើវាពាក់ព័ន្ធមកដល់ការងារយើង ក៏យើងចង់ឲ្យគាត់ជូយធ្វើម៉េច ដើម្បីជជែកពិភាក្សាជាមួយខាងរដ្ឋាភិបាលកម្ពុជា ឬក៏ខាងរដ្ឋាភិបាលនៃអឺរ៉ុប និងសហរដ្ឋអាមេរិកហ្នឹងដើម្បីឲ្យធ្វើម៉េចរកចំណុចរួមដើម្បីដោះស្រាយបញ្ហា ដើម្បីកុំឲ្យវាមានភាពតានតឹង ឬក៏អាគំនិតផ្ទុយគ្នាហ្នឹងវាអាចខាតប្រយោជន៍ទៅដល់ កម្ពុជាយើងឬក៏ខាតប្រយោជន៍ទៅដល់ខាងកម្មករតែម្តង»។
បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចមកកម្ពុជាជាលើកទីប្រាំនេះ អ្នកស្រីស្មីត គ្រោងនឹងធ្វើរាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទសនេះ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប នៅខែកញ្ញាខាងមុខនេះ។
មុនពេលនៃការធ្វើទស្សនកិច្ចរបស់អ្នកស្រី ស្មីតនៅកម្ពុជា ប្រេសិតអ.ស.ប រូបនេះ និងលោកដេវីត ខាយ (David Kaye) អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកការលើកកម្ពស់ និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងយោបល់ បានចេញសេចក្តីប្រកាសរួមមួយកាលពីពេលថ្មីៗនេះ ឆ្លើយតបទៅនឹងការកែប្រែរដ្ឋធម្មនុញ្ញកម្ពុជាចុងក្រោយនេះថា អាចជាការដាក់កម្រិតយ៉ាងខ្លាំងទៅលើលទ្ធិប្រជាធិបតេយ្យ និងនៅមុនការបោះឆ្នោតជាតិនៅឆ្នាំនេះ និងនៅពេលអនាគត។ ពួកគេបាននិយាយថា ការធ្វើវិសោធនកម្មនេះ មានលក្ខណៈមិនច្បាស់លាស់ និងមិនស្របតាមបទដ្ឋានអន្តរជាតិ៕