អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​រង់​ចាំ​យុត្តិធម៌​ដើម្បី​អាច​បន្ត​អាជីព​ឡើង​វិញ

លោក អ៊ួន ឈិន (ឆេ្វង) និង​លោក យាង សុធារិន្ទ អតីត​អ្នក​សារព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ។

នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តុលាការ​ក្រុង​ភ្នំពេញ​នឹង​ត្រូវ​ប្រកាស​សាលក្រម​​សម្រេច​ដាក់​ទោស​ឬ​លើក​លែង​ទោស​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​ចំនួន​ពីរ​រូប។

នៅ​ពេល​ដែល​អ្នក​កាសែត​មួយ​ចំនួនក្នុង​ស្ថាប័ន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយជា​ភាសា​ខ្មែរ​និង​ជា​ភាសា​បរទេស​ត្រូវ​តែងតាំង​ជា​ទី​ប្រឹក្សាក្រសួង​ព័ត៌មាន​ដែល​មាន​អំណាច​គ្រប់​គ្រង​លើ​បណ្តាញ​ផ្សព្វផ្សាយនៅ​ទូទាំង​ប្រទេស​កម្ពុជា លោក យាង សុធារិន្ទ និង​លោក​ អ៊ួន​ ឈិន​ រង់​ចាំ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​នឹង​សម្រេច​ថា ​តើ​ពួក​គេ​មាន​ទោស​ឬ​គ្មាន​ទោស​ទាក់ទង​នឹង​បទចោទ​អំពី​អំពើ​ចារកម្ម​ឲ្យសហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ពួក​គេ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

Your browser doesn’t support HTML5

អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​រង់​ចាំ​យុត្តិធម៌​ដើម្បី​អាច​បន្ត​អាជីព​ឡើង​វិញ

​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។ ​ហើយ​ភ្លាមៗ​នោះ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ពួក​គេ​ជា​បណ្តោះអាសន្ន​នៅក្នុង​គុក​ឧក្រិដ្ឋ​ព្រៃស ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ។​ ពួកគេ​ចំណាយ​ពេល​នៅ​ទីនោះ​អស់​រយៈ​ពេល​ជិត​ដប់​ខែ មុន​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ

រូបភាពឯកសារ៖ អតីត​អ្នក​សារព័ត៌មាន​ពីរនាក់​របស់​វិទ្យុ​អាស៊ីសេរីគឺលោក អ៊ួន ឈិន និង​លោក​យាង សុធារិន្ទ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែងឲបគ្នា​នៅពេល​ដែល​ពួកគេ​ចេញ​ពី​គុក​ព្រៃសកាលពី​ថ្ងៃទី​២១ សីហា ឆ្នាំ២០១៨។

អ្នក​សារព័ត៌មាន​ទាំង​ពីរ​ចាត់ទុក​ថា​ជីវិត​ក្នុង​ពន្ធនាគារ​«ជា​ឋាន​នរក»​ដែល​ពួក​គេ​មិន​ដែល​បាន​ជួប​ប្រទះ។

សម្រាប់​លោក អ៊ួន ឈិន ដែល​ជា​បង្គោល​គ្រួសារ ការ​ជាប់​ពន្ធនាគារ​និង​ការ​បាត់បង់​ការងារ​ធ្វើ ​បាន​ទាញ​ទម្លាក់​ទឹក​ចិត្ត​លោក​ឲ្យ​ស្រុត​ចុះ​យ៉ាង​ខ្លាំង។

«ក្នុង​ពន្ធនាគារ ដំបូង​ឡើយ​ ខ្ញុំ​គិត​ដល់​គ្រួសារ ជា​ពិសេស​គិត​ពី​ការ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​កូន។ ​ទីពីរ​មិន​ដឹង​ថា​គ្រួសារ​បាន​អី។ សូម្បី​តែ​ទឹក​ដោះ​គោ កាល​ដែល​យើង​មាន​ការងារ​ធ្វើ យើង​ប្រើ​ទឹកដោះ​គោ​រាង​ថ្លៃ​បន្តិច​ទៅ។​ ពេល​ដែល​យើង​អស់​ការងារ​ធ្វើ​ យើង​ដូរ​ទឹក​ដោះ​គោ​មក​អា​ធូរ​ថ្លៃ​បំផុត»។

​លោក អ៊ួន ឈិន អតីត​អ្នក​ថត​វីដេអូ ឲ្យ​វិទ្យុ​អាស៊ីសេរី ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ ប៉ុន្តែ​បាន​ធំ​លូតលាស់​នៅ​ខេត្ត​បាត់ដំបង។ រីឯ​លោក​ យាង សុធារិន្ទ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​កញ្ឆាង ឃុំ​ឬស្សី ​ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង នៃ​ដែនដី​កម្ពុជាក្រោម។​ លោក​គឺ​ជា​អតីត​ការីនិពន្ធ​មួយ​រូប​របស់​វិទ្យុ​អាស៊ីសេរី។

​អតីត​អ្នក​កាសែត​ទាំង​ពីរ​បាន​ឆ្លង​កាត់​ជីវិត​ដ៏​កម្សត់​កម្រ​ជា​កូន​កសិករ​ និង​ជីវិត​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារដើម្បីស្វែង​រក​ចំណេះដឹង​ឆ្ពោះ​ទៅ​រក​អនាគត។​

កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និងត្រូវ​បាន​ចោទប្រកាន់​ដូចគ្នា​ពី​បទ ​«ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»។​ បទ​ចោទ​ដែល​មាន​ន័យ​ស្មើ​នឹង​បទ​ធ្វើ​ចារកម្ម​នេះ ​អាច​ធ្វើ​ឲ្យ​អតីត​អ្នក​កាសែត​ទាំង​ពីរ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​ពី​ ​៧​ ​ដល់​ ​១៥​ ​ឆ្នាំ​ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ពួកគេ​មាន​ពិរុទ្ធភាព។

​ការ​ចាប់​ខ្លួន​ពួក​គេ​ធ្វើ​ឡើង​ពីរ​ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​ការិយាល័យ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ក្រុង​ភ្នំពេញ​បិទ​ទ្វារ​ក្រោម​សម្ពាធទារ​ពន្ធ​អាករ​ និង​អាជ្ញាបណ្ណ​ពី​រដ្ឋា​ភិបាល។

លោក ​យាង សុធារិន្ទ ដែល​បានច្របាច់​បញ្ចូលឈ្មោះ​កូន​ទាំង​ពីរ​របស់​លោក​មក​ប្រើក្នុង​ការ​ផ្សាយ​វិទ្យុ​អាស៊ីសេរី គឺ​ យាង សុជាមេត្តា និង​ លោក អ៊ួន ឈិន ត្រូវអង្គការ​ការពារ​សេរីភាព​សារព័ត៌មានមួយ​ចំនួន​ចាត់​ទុក​ថា ​លោក​ទាំង​ពីរ​គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​លើ​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​មុន​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨។

លោកយាង​ សុធារិន្ទ​ អតីត​អ្នកយកព័ត៌មាន​របស់​វិទ្យុអាស៊ី​សេរី​ (RFA) ថ្លែង​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA)​នៅ​បណ្ណាល័យ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

លោក យាង សុធារិន្ទ រំឭក​អតីតកាល​ថ្មីៗ​នេះ​ទាំង​ទឹក​មុខ​ស្ងួត៖

«ក្រោយ​ការ​បិទ​(វិទ្យុ)​អាស៊ីសេរី ខ្ញុំ​បាន​ព្យាយាម​រក​ការងារ​ធ្វើ​ដើម្បី​បន្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ ប៉ុន្តែ​មិន​ទាន់​រក​ការងារ​បាន​ធ្វើ​ផង​ក៏​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​និង​លោក អ៊ួន ឈិន។ យើង​ក៏​បាត់បង់​ឱកាស​រហូត​ដល់​សព្វថ្ងៃ។»

អតីត​អ្នក​រាយការណ៍​ព័ត៌មាន​ទាំង​ពីរ​លើក​ឡើង​ថា ​ពួក​គេមិន​អាច​ទទួល​បាន​ការ​ស្វាគមន៍​ទេ​នៅ​ពេល​ដែល​ប៉ុនប៉ង​បន្ត​អាជីព​ជា​អ្នក​សារព័ត៌មាន​មុន​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​និង​ក្រោយពី​វិទ្យា​អាស៊ីសេរី​បិទ​ទ្វារ។ អាជ្ញាធរ​ចោទ​ថា ​ពួកគេ​បន្ត​រាយការណ៍​ព័ត៌មាន​ឲ្យ​ស្ថាប័ន​ចាស់​របស់​ពួក​គេ​ដោយ​ខុស​ច្បាប់។ សម្ភារៈ​មួយ​ចំនួន​របស់​ពួក​គេ​ត្រូវ​បាន​រឹប​អូស​មាន​ដូច​ជា​កុំព្យូទ័រ ទូរស័ព្ទ​ដៃ​និង​ម៉ាស៊ីន​ថត​ជាដើម។ ឧបករណ៍​ទាំង​នេះ​ដែល​ត្រូវ​ប្រើ​ជា​មូលដ្ឋាន​ស្វែងរក​ភស្តុតាងដាក់​បន្ទុក​លើ​ពួកគេ ក្នុង​ការ​កាត់​ក្តី​កាល​ពី​ថ្ងៃទី​២៦ ​ខែកក្កដា​ កន្លង​ទៅ​នេះ។

លោក​ យាង​ សុធារិន្ទ ​អាយុ​៣៦​ឆ្នាំ មាន​កូន​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់។​

មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​លោក ​បាន​ចូល​បម្រើ​ការងារ​ក្នុង​វិទ្យុ​អាស៊ីសេរី​កាល​ពី​ឆ្នាំ​២០១៣។​ របាយការណ៍​របស់​លោក​ភាគ​ច្រើន​ផ្តោត​លើ​វិស័យ​នយោបាយ សិទ្ធិ​មនុស្ស ទំនាស់​ដីធ្លី​ជា​ដើម។​ សហការី​របស់​លោក គឺ​លោក ​អ៊ួន ឈិន ក៏​ចែក​រំលែក​សេចក្តី​រាយការណ៍​ដូច​គ្នា​នេះ​ដែរខាង​ផ្នែក​វីដេអូ។

លោក​ យាង​ សុធារិន្ទ រំឭក​ថា ​វិជ្ជាជីវៈ​សារព័ត៌មាន​ឯករាជ្យ​បាន​ផ្តល់​វិភាគ​ទានជា​ច្រើន​ដល់​សង្គម។

លោក​ពន្យល់​ថា៖ ​«ការងារ​ផ្នែក​សារព័ត៌មាន​គឺជួយ​ច្រើន។​ តាម​រយៈ​ការ​សរសេរ​ តាមរយៈ​ការ​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ​ធ្វើ​ឲ្យ​ចំណេះដឹង​យើង​កើន​រាល់​ថ្ងៃ​ផង ហើយ​ក៏​យើង​មាន​ឱកាស​ជួយ​សង្គម​ជាតិ​តាម​រយៈ​ការ​ផ្តល់​ចំណេះដឹង​អំពី​សង្គម​ជាតិ អំពី​អន្តរជាតិ​ដល់​ពលរដ្ឋ​យើង​ផងដែរ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ជួយ​ពួក​គាត់​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ។»

លោក​ អ៊ួន ឈិន ក្នុង​វ័យ​៥០​ឆ្នាំ​បាន​ឆ្លង​កាត់​ជីវិត​ជា​គ្រូ​បង្រៀន​ផង ជា​អតីត​ទាហាន​ផង និង​ឆ្លង​កាត់​ការ​បណ្តុះបណ្តាល​វិជ្ជា​ពេទ្យ​មុន​នឹង​ទទួល​បរិញ្ញាប័ត្រ​ផ្នែក​ភាសា​អង់គ្លេស និង​ក្រោយ​មក​ទៀត​លោក​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន។ វិជ្ជាជីវៈ​នេះ​ដែល​ធ្វើ​ឲ្យ​លោក​ជក់ចិត្ត​បំផុត។​

«យើង​គិត​ចេះ កាល​ពី​យើង​ធ្វើ​ជា​គ្រូ​បង្រៀន យើង​ជួយ​បាន​តែ​សិស្ស​យើង​ទេ។ ​តែ​ដល់​ពេល​យើង​ធ្វើ​ជា​អ្នក​សារព័ត៌មាន​យើង​ជួយ​បាន​ទាំង​សិស្ស ជួយ​បាន​ទាំង​គ្រូ ហើយ​ជួយ​បាន​ប្រជាពលរដ្ឋ​គ្រប់​វិស័យ​ផ្សេង​ទៀត។»

អ៊ួន​ ឈិន​ អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី (RFA) ថ្លែង​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA)​នៅគេហដ្ឋាន​របស់​លោក​ ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)​

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ សម្រាប់​លោក ​យាង សុធារិន្ទ ​ការ​បាត់បង់​ការិយាល័យ​វិទ្យុ​អាស៊ីសេរី​ក្នុង​ទី​ក្រុង​ភ្នំពេញ​មិន​មែន​គ្រាន់​តែ​ជា​ការ​បាត់បង់​ការងារ​សម្រាប់​រូប​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជាការ​បាត់បង់​ប្រភព​ព័ត៌មាន​មួយ​ផ្នែក​ដែលជួយ​បំពេញ​ចន្លោះ​ប្រហោង​ឲ្យ​រដ្ឋាភិបាល។​

«វាជា​ការ​បាត់បង់​តួ​អង្គ​មួយ​ដែល​រួម​ចំណែក​មើល​ការ​ខ្វះ​ចន្លោះនិង​ភាព​អវិជ្ជមាន​របស់រដ្ឋាភិបាល។​ហើយ​ក៏​ជា​ការ​បាត់បង់​អ្នក​នាំសារ​របស់​រដ្ឋាភិបាល​មួយ​ដែរ ពីព្រោះ​មាន​រឿងរ៉ាវ​ច្រើន​ណាស់​ដែល​កើត​ឡើង​នៅ​ថ្នាក់​ក្រោម​ជាតិ​ ជួន​កាល​រដ្ឋាភិបាល​មិន​ទទួល​បាន​ព័ត៌មាន​ គឺ​បាន​តាម​រយៈ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​នេះ​ឯង។»

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ តែងតែ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ​តាមរយៈ​ចំណង​ការងារ​រួម​ពី​មុន​មក​ផង​ និង​តាម​រយៈ​ការ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ដូច​គ្នា។ ​លោក​ អ៊ួន ឈិន ធ្លាប់​បាន​រៀបចំ​គម្រោង​ផ្តល់​សេវាកម្ម​ថត​វីដេអូ​សម្រាប់​ពិធី​មង្គលការ​និង​ពិធី​ផ្សេងៗ​ដើម្បី​យក​កម្រៃ​ចិញ្ចឹម​ជីវិត​ក្រោយ​ពី​វិទ្យុ​អាស៊ីសេរី​បិទទ្វារ។ ​ប៉ុន្តែ​គម្រោង​ការ​នេះ​បាន​ក្លាយ​ជា​ដើម​ចម​នៃ​ការ​តាមដាន​និង​ចោទ​ប្រកាន់​ពី​ក្រុម​អាជ្ញាធរ។​

​នៅ​ពេល​នេះ​ លោក​មិន​មាន​ការងារទៀង​ទាត់​នោះទេ។​ លោក​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ពិការ​ដែល​មិន​អាច​រក​ប្រាក់​កម្រៃ​ដែល​មាន​ស្ថិរភាព​សម្រាប់​គ្រួសារ​បាន។​

ចំណែក​ឯ​ដៃគូ​របស់​លោក​គឺ​លោក​ យាង សុធារិន្ទ បម្រើ​ការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្រោយ​ពី​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន។​ ការងារ​នេះ​ដែល​លោក​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែ​សីហា​នេះ​ដែរ។

​ដូច្នេះ​ការ​រង់ចាំ​ចុង​ក្រោយ​របស់​ពួក​គេ​គឺ​លទ្ធផល​នៃ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញក្នុង​សំណុំរឿង​ដែល​ពួក​គេ​ទទួល​រង​ការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា​នេះ។

លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី កំពុងដើរចេញពីសាលសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ការ​ផ្តល់​យុត្តិធម៌​សម្រាប់​ពួក​គេ​នឹង​ក្លាយ​ជា​ការ​ផ្តល់​កាដូ​បំពេញ​នីតិសម្បទា​ពួក​គេ​ឡើង​វិញ។ នៅ​ក្នុង​ពេល​នេះ​ពួក​គេ​មិន​អាច​បំពេញ​ការងារ​ស្រប​ច្បាប់​ពេញលេញ​និង​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​បាន​ទេ​ដោយ​សារតែ​លិខិត​ឆ្លងដែន​និង​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ​ត្រូវ​អាជ្ញាធរ​រឹប​អូស។

យុត្តិធម៌​ពី​តុលាការ​គឺ​ជា​ភ្លើង​បៃតងដែល​អនុញ្ញាត​ឲ្យ​លោក​ យាង សុធារិន្ទ ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ឡើង​វិញ។ ​នេះ​បើ​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក។​

លោក អ៊ួន ឈិន ចែក​រំលែក​ក្តី​រំពឹង​ដូច​គ្នា​នេះ​ដែរ៖

«ប្រសិន​បើ​សាល​ក្រម​ថ្ងៃ​ទី​៣០​នេះ​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ។ ​ជា​ពិសេស​គឺ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​ពួក​ខ្ញុំ ​ពេល​នោះ​យើង​មាន​សេរីភាព​ពេញ​លេញ​ដូច​គេ​ដូច​ឯង យើង​អាច​ស្វះ​ស្វែង​រក​ការងារ។​ ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​មាន​ឱកាស​ធ្វើ​ជា​អ្នក​កាសែត​ឡើង​វិញ»៕