ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson នឹងចូលរួមជំនួបជាលើកទីមួយនៅសប្តាហ៍ក្រោយរវាងរដ្ឋាភិបាលអារ៉ាប់ប៊ី សាអូឌីតនិងអ៊ីរ៉ាក់ដែលមានគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។
សេចក្តីថ្លែងការណ៍នោះប្រាប់ឲ្យដឹងថា ខណៈដែលស្ថិតនៅក្នុងរាជធានីរីយ៉ាដនៃប្រទេសអារ៉ាប់ប៊ី សាអូឌីត លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson នឹងជួបជាមួយពួកមេដឹកនាំអារ៉ាប់ប៊ី សាអូឌីតផ្សេងៗទៀតដើម្បីពិភាក្សាជម្លោះក្នុងប្រទេសយេម៉ែន ជម្លោះដែលកំពុងបន្តមានឡើងនៅឈូងសមុទ្រពែក បញ្ហាប្រទេសអ៊ីរ៉ង់ហើយនឹងបញ្ហាសំខាន់ៗនៅក្នុងតំបន់និងបញ្ហាទ្វេភាគី។
ជំនួបនោះក៏នឹងត្រូវធ្វើឡើងនៅរដ្ឋធានីរ៉យ៉ាដនៃប្រទេសអារ៉ាប់ប៊ី សាអូឌីត ៤ខែបន្ទាប់ពីប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតក្រុមប្រឹក្សាធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសជិតខាងនៅក្នុងការប៉ុនប៉ងដើម្បីទប់ទល់ឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់។
ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក Tillerson នឹងក្លាយជាដំណើរទស្សនកិច្ចមួយនៃដំណើរទស្សនកិច្ចជាច្រើនទៅកាន់ប្រទេសនានានៅក្នុងតំបន់ឈូងសមុទ្រពែកនិងតំបន់អាស៊ីចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៧ខែតុលានេះ។
បន្ទាប់មកលោករដ្ឋមន្រ្តីការបរទេសអាមេរិកTillersonនឹងជួបជាមួយមេដឹកនាំប្រទេសកាតានិងមន្រ្តីយោធាសហរដ្ឋអាមេរិកនៅរាជធានីដូហាដើម្បីពិភាក្សាការខំប្រឹងប្រែងប្រឆាំងភេរវកម្មរួមហើយនឹងបញ្ហាក្នុងតំបន់និងទ្វេភាគីមុនពេលលោករដ្ឋមន្រ្តីការបរទេសអាមេរិកបំពេញទស្សនកិច្ចប្រទេសឥណ្ឌា ប៉ាគីស្ថាននិងប្រទេសស្វីស៕