ទ្រឹស្តី​យោធា​រុស្ស៊ី​សារ​រើ​ជា​ថ្មី​ចាត់​ទុក​អង្គការ​អូតង់​ជា​ការ​គំរាម​កំហែង​ធំ​មួយ​

​ប្រធានាធិបតី​រុស្ស៊ី​​លោក​ វ្លាដឺមៀ ពូទីន​ បានចុះ​ហត្ថលេខា​លើ​ទ្រឹស្តី​យោធា​សារ​រើ​ជា​ថ្មី​ដែល​ចាត់​ទុក​អង្គការ​អូតង់​ជា​ការគំរាមកំហែង​សន្តិសុខ​មួយ។

ប្រទេស​រុស្សី​ ដែល​កំពុង​មាន​ភាព​មិន​ឈ្នះ​មិន​ចាញ់​ជាមួយ​បស្ចឹមប្រទេសអំពី​វិបត្តិ​នៅ​អ៊ុយក្រែន បានបញ្ជាក់​ថា​អង្គការ​អូតង់​ជា​ការ​គំរាម​កំហែង​ខាង​យោធា​ខ្លាំង​ជាង​គេ​ទៅលើ​ខ្លួន​ នៅ​ក្នុង​ទ្រឹស្តី​យោធា​មួយដែល​ត្រូវ​បាន​សើរើ​ជាថ្មី​ហើយចុះហត្ថលេខាកាល​ពី​ថ្ងៃ​សុក្រ​ដោយ​លោក​ប្រធានា​ធិបតី​ វ្លាដឺមៀ ពូទីន (Vladmir Putin)។

ចំណាត់ការ​នេះ ​ដែល​មាន​ចែង​ល្អិតល្អន់នៅ​ក្នុង​ឯកសារ​មួយ​មាន​២៩​ទំព័របាន​លេច​ឡើងប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​សភា​អ៊ុយក្រែន​បានបោះឆ្នោត​ដោយ​មាន​សំទ្បេង​គាំទ្រ​យ៉ាង​ច្រើន​ដើម្បី​លុប​ចោល​ច្បាប់​មួយ​ដែល​រារាំង​រដ្ឋាភិបាល​ក្រុងកៀវ​ (Kyiv) ក្នុង​ការ​សុំ​ធ្វើ​ជា​សមាជិក​នៅ​ក្នុង​សម្ព័ន្ធភាព​យោធា​បស្ចឹម​ប្រទេស។​

ទ្រឹស្តី​កាល​ពី​មុន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ (Moscow) ក៏បាន​ចាត់​ទុក​អង្គការ​អូតង់​ជា​គ្រោះថ្នាក់​ធំមួយ​ដល់​សន្តិសុខ​និង​ស្ថេរភាពប្រទេស​រុស្សីផង​ដែរ។​ក៏​ប៉ុន្តែ​ការ​សើរើ​ដែលត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​បានពណ៌នា​អ៊ុយក្រែន​ថា​ជា"ខ្សែ​បន្ទាត់​ជួរ​មុខ​នៃការ​ប្រឈម​គ្នា" និងបាន​ចែង​យ៉ាង​ល្អិតល្អន់​អំពីលក្ខខ័ណ្ឌ​ដែល​វិមាន​ក្រឹមទ្បាំង (Kremlin) ​អាច​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើប្រាស់​អាវុធ​វាយ​ប្រហារ​ចំៗជា​"ផ្នែកនៃ​វិធាន​ការយុទ្ធសាស្ត្រ​ដើម្បី​ឱ្យ​មានការ​ញញើត​។"

នៅស្របពេល​ជា​មួយ​គ្នា​នេះ​ នៅ​ក្រុងព្រុចសែល (Bruxelles) ស្ត្រី​អ្នកនាំ​ពាក្យ​នៃ​អង្គការ​អូតង់​បាន​បដិសេធ​ថា​អង្គការ​អូតង់​មិន​បាន​គំរាម​កំហែង​ប្រទេស​ណា​មួយ​ទេ៕