មានការ«ខ្វែងគំនិតគ្នាយ៉ាងខ្លាំង»រវាងរដ្ឋសមាជិកនៃសហភាពអឺរ៉ុបអំពីថាតើកញ្ចប់ថវិកាជំនួយស្តារឡើងវិញពីវិបត្តិជំងឺកូវីដ១៩ គួរត្រូវបានគេផ្តល់ឲ្យដល់រដ្ឋសមាជិកជាប្រាក់ឧបត្ថម្ភឬជាប្រាក់កម្ចី។ នេះបើតាមមន្ត្រីសហភាពអឺរ៉ុបមួយរូបដែលថ្លែងកាលពីថ្ងៃពុធ។
មេដឹកនាំថ្នាក់ជាតិរបស់សហភាពអឺរ៉ុបនឹងជួបប្រជុំគ្នាតាមប្រព័ន្ធ videoconference នៅថ្ងៃព្រហស្បតិ៍ខាងមុខ ពិភាក្សាការខ្វែងគំនិតគ្នាអពីរបៀបជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩។
ពួកគេត្រូវបានគេរំពឹងថា នឹងផ្តល់ការយល់ព្រមជាបណ្តោះអាសន្នដើម្បីប្រើកញ្ចប់ថវិកាយូរអង្វែងបន្ទាប់របស់សហភាពអឺរ៉ុប ដើម្បីបង្កើតមូលនិធិស្តារឡើងវិញ ប៉ុន្តែក៏មានសេចក្តីលម្អិតជាច្រើនទៀតដែលមិនទាន់សម្រេចគ្នា ដែលមានន័យថា គេមិនរំពឹងថានឹងឈានដល់ការសម្រេចកិច្ចព្រមព្រៀងចុងក្រោយទេ។
មន្ត្រីសភាពអឺរ៉ុបមួយរូបដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋសមាជិកខ្លះត្រូវការប្រាក់ឧបត្ថម្ភហើយរដ្ឋខ្លះទៀតត្រូវការប្រាក់កម្ចី៕