កាលពីថ្ងៃទី ២៩ ខែកញ្ញា លោកនាយឧត្ដមសេនីយ៍ Mark Milley ដែលជាប្រធានក្រុមនាយសេនាធិការកងទ័ពចូលនិវត្តន៍របស់សហរដ្ឋអាមេរិក បានការពារលទ្ធិប្រជាធិបតេយ្យនិងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លានៅពេលលោកផ្ទេរតំណែងយោធាកំពូលនេះទៅឱ្យអ្នកបន្តតំណែងពីលោកគឺលោកនាយឧត្ដមសេនីយ៍ Charles Q. Brown Jr.។
លោក Milley បានមានប្រសាសន៍នៅក្នុងពិធីមួយដើម្បីរំឭកដល់កិច្ចការបម្រើជាតិរបស់លោកនៅឯមូលដ្ឋានយោធារួម Meyer-Henderson Hall នៅក្នុងរដ្ឋ Virginia ថា៖ «យើងមិនមែនស្បថសច្ចាប្រណិធានចំពោះកុលសម្ព័ន្ធណាមួយទេ។ យើងមិនមែនស្បថសច្ចាប្រណិធានចំពោះសាសនាណាមួយទេ។ យើងមិនមែនស្បថសច្ចាប្រណិធានចំពោះព្រះមហាក្សត្រ ឬព្រះមហាក្សត្រិយានី ឬក៏អ្នកកាន់អំណាចផ្ដាច់ការណាម្នាក់នោះឡើយ។ យើងមិនមែនស្បថសច្ចាប្រណិធានចំពោះអ្នកដែលតាំងខ្លួនធ្វើជាជនផ្ដាច់ការណាម្នាក់ទេ»។
នៅក្នុងសុន្ទរកថាមួយ លោក Milley បានបញ្ជាក់យ៉ាងច្បាស់ថា យោធានឹងធ្វើអ្វីដែលចាំបាច់ដើម្បីការពាររដ្ឋធម្មនុញ្ញ ដែលក្នុងនោះរួមមានទាំងការប្រឆាំងនឹងសត្រូវផ្ទៃក្នុងផងដែរ។
លោក Milley បាននិយាយថា៖ «គឺឯកសារ [រដ្ឋធម្មនុញ្ញ] នោះហើយដែលយើងទាំងអស់គ្នាជាទាហានបានស្បថសច្ចាប្រណិធានថា ការពារប្រឆាំងនឹងសត្រូវទាំងអស់ទាំងក្នុងនិងក្រៅប្រទេស»។ លោកបានសង្កត់ធ្ងន់លើពាក្យថា «ទាំងអស់» ក្នុងពាក្យ «សត្រូវទាំងអស់» និងពាក្យថា «និង» នៅចន្លោះពាក្យ «ខាងក្នុងនិងក្រៅប្រទេស»។
នៅក្នុងការថ្លែងក្នុងពិធីផ្ដល់កិត្តិយសជូនលោក Milley ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានកោតសរសើរលោកថាជាអ្នកប្រយុទ្ធម្នាក់ដែលបានបម្រើការនៅក្នុងតំបន់សង្គ្រាមតាំងពីប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់រហូតដល់ប៉ាណាម៉ានិងហៃទី។
លោក Biden បាននិយាយអំពីលោក Milley ថាជា «មេដឹកនាំម្នាក់ដែលធ្លាប់បានរត់ឆ្លងស្ពានមួយដែលមានគ្រាប់មីនដើម្បីបញ្ឈប់រថក្រោះប្រយុទ្ធពីរគ្រឿងដែលជម្លៀសទាហានរងរបួសកុំឱ្យបើកឆ្លងស្ពាននោះ។ លោកជាអ្នកស្នេហាជាតិម្នាក់ដែលមិនប្រែប្រួលនៅក្នុងកាតព្វកិច្ចរបស់លោក មិនរារែកនៅក្នុងការប្រឈមនឹងគ្រោះថ្នាក់ និងមិនងាករេនៅក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ»។
នៅក្នុងអំឡុងពេលកាន់តំណែង ៤ ឆ្នាំរបស់លោក លោក Milley បានមើលការខុសត្រូវលើការសម្លាប់ជនឈ្មោះ Abu Bakr al-Baghdadi ដែលជាមេដឹកនាំក្រុមភេរវកររដ្ឋឥស្លាមកាលពីឆ្នាំ ២០១៩ ការដកកងទ័ពសហរដ្ឋអាមេរិកដ៏ចលាចលពីប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហាឆ្នាំ ២០២១ និងការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក។
ការិយាល័យរបស់លោក Milley មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរដែលសួរថាតើនរណាដែលលោកចង់សំដៅលើនៅពេលលោកនិយាយថា «យើងមិនមែនស្បថសច្ចាប្រណិធានចំពោះអ្នកដែលតាំងខ្លួនធ្វើជាជនផ្ដាច់ការណាម្នាក់ទេ»។
ប៉ុន្តែ អ្នកតាមដានស្ថានការណ៍ខ្លះមានជំនឿថា ការប្ដេជ្ញារបស់លោកនៅក្នុងការមិនស្មោះស្ម័គ្រចំពោះបុគ្គលបែបនេះគឺជាការនិយាយយោងដល់លោកអតីតប្រធានាធិបតី Donald Trump ដែលកំពុងប្រឹងប្រែងដើម្បីឱ្យបានកាន់តំណែងជាប្រធានាធិបតីជាថ្មី។ លោក Trump កំពុងនាំមុខគេនៅក្នុងចំណោមបេក្ខជនឈរឈ្មោះជាប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅក្នុងការស្ទង់មតិ។
លោក Michael O’Hanlon អ្នកស្រាវជ្រាវជាន់ខ្ពស់ខាងយុទ្ធសាស្ត្រការពារជាតិរបស់សហរដ្ឋអាមេរិកនៅស្ថាប័ន Brookings បាននិយាយថា «វាហាក់ដូចជាលោក Milley និយាយអំពីលោក [អតីត] ប្រធានាធិបតី [Donald] Trump»។
លោក O’Hanlon បានថ្លែងប្រាប់ VOA ថា៖ «វាគឺជារឿងចម្លែកដែលនាយឧត្ដមសេនីយ៍ម្នាក់និយាយបែបនេះ។ តែជាការពិតគឺលោក Trump ដែលបានចាប់ផ្ដើមគំនុំនេះហើយគឺខ្លួនលោកផ្ទាល់ដែលធ្វើឱ្យថ្នាក់ដឹកនាំអាមេរិកនិយាយបែបនេះ»។
លោក Milley បានកាន់តំណែងជាប្រធាននាយសេនាធិការកងទ័ពនេះនៅក្រោមរដ្ឋបាលរបស់លោក Trump ប៉ុន្តែចាប់តាំងពីពេលនោះមក លោកមានការខ្វែងគំនិតគ្នាជាមួយលោក Trump ដោយលោកបានសម្ដែងកង្វល់របស់លោកនៅក្រោយជ័យជម្នះរបស់លោក Biden កាលពីឆ្នាំ ២០២០ ថា លោក Trump អាចប៉ុនប៉ងក្ដោបក្ដាប់អំណាច និងថាប្រសិនបើលោក Trump វិលមកកាន់តំណែងជាប្រធានាធិបតីវិញ វានឹងបង្កឱ្យមានកង្វល់ផ្សេងៗ។
លោក Milley នឹងផ្ទេរតំណែងជាមេដឹកនាំយោធាសហរដ្ឋអាមេរិកនេះទៅឱ្យលោក Brown។ លោក Brown ត្រូវបានលោក Biden សរសើរថាជា «យុទ្ធជនជើងចាស់មានបទពិសោធន៍ខាងប្រយុទ្ធច្រើន» និងជាមេដឹកនាំម្នាក់ដែលគេស្គាល់នៅទូទាំងកងកម្លាំងយោធាសហរដ្ឋអាមេរិកដោយសារ «ការត្រិះរិះពិចារណាគ្មានអ្វីប្រៀប» របស់លោក និង «អាកប្បកិរិយាមិនឆេវឆាវរបស់លោក»។
ឥឡូវនេះ លោក Brown បានក្លាយជាប្រធាននាយសេនាធិការកងទ័ពសហរដ្ឋអាមេរិកទី ២១ និងជាប្រធាននាយសេនាធិការកងទ័ពដំបូងដែលមកពីកងទ័ពជើងអាកាសតាំងពីពេលដែលលោកនាយឧត្ដមសេនីយ៍ Richard B. Myers កាន់តំណែងនេះកាលពីឆ្នាំ ២០០៥ មក។ លោក Brown ក៏ជានាយទាហានស្បែកខ្មៅទីពីរដែលដែលបានក្លាយជាប្រធាននាយសេនាធិការកងទ័ពនេះផងដែរ បន្ទាប់ពីលោក Colin Powell បានកាន់តំណែងនេះកាលពីពីរទសវត្សរ៍មុន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ