កាលពីក្មេង និស្សិត Zack Lee មិនបានទទួលការអប់រំផ្លូវភេទនៅវិទ្យាល័យ Christian ទេ។ ប្រព័ន្ធសុខភាពបន្តពូជត្រូវបានពន្យល់នៅក្នុងថ្នាក់មុខវិជ្ជាវិទ្យាសាស្រ្ត ប៉ុន្តែគ្រូបង្រៀនមិនបានឆ្លើយសំណួរស៊ីជម្រៅពីសិស្សនោះទេ។
លោក Lee បាននិយាយថា៖ «ខ្ញុំមិនបានរៀនអំពីការអប់រំផ្លូវភេទទេ កាលពេលនៅរៀនថ្នាក់វិទ្យាល័យ ហើយគ្រូបង្រៀនមិនបានបង្រៀនខ្ញុំអ្វីទេ។ មិត្តភក្តិរួមសាលារបស់ខ្ញុំភាគច្រើន គឺដូចខ្ញុំអ៊ីចឹង ពួកគេមិនដឹងពីវិធីប្រើស្រោមអនាម័យ ហើយមិនដឹងថាគួររួមភេទជាមួយមនុស្សស្រីយ៉ាងដូចម្តេច»។
លោក Lee និងមិត្តភក្តិ បានងាកទៅរកអ៊ីនធឺណិតដើម្បីរកចម្លើយ។ នៅទីក្រុងហុងកុង សិស្សនិស្សិតជាធម្មតាពឹងផ្អែកលើអ៊ីនធឺណិត ដោយសារតែស្តង់ដារនៃការអប់រំផ្លូវភេទ អាចមានភាពខុសគ្នាខ្លាំងពីសាលារៀនមួយទៅសាលារៀនមួយទៀត។
មិនមែនជាកម្មវិធីសិក្សាចាំបាច់
មន្ទីរអប់រំ បានប្រកាសតាមអ៊ីម៉ែលថា ការអប់រំផ្លូវភេទមិនត្រូវបានបង្រៀនជាមុខវិជ្ជាតម្រូវជាចាំបាច់មួយ នៅតាមសាលារៀននៅទីក្រុងហុងកុងទេ ប៉ុន្តែផ្ទុយទៅវិញត្រូវបានគេបញ្ចូលទៅក្នុងកម្មវិធីសិក្សាក្នុងមុខវិជ្ជាសីលធម៌និងពលរដ្ឋ ដែលមានបំណងជួយសិស្សឲ្យយល់ដឹងពី «ការវិវត្តន៍ទាំងស្រុងរបស់មនុស្សដើម្បីទប់ទល់នឹងបញ្ហាប្រឈមក្នុងសតវត្សរ៍ទី២១»។
មន្ទីរអប់រំបានបន្ថែមថា ជាជាងផ្តោតលើ «ទិដ្ឋភាពសរីរវិទ្យា» នៃការអប់រំផ្លូវភេទ កម្មវិធីអប់រំផ្លូវភេទក៏បង្រៀនសិស្សអំពី «ការវិវត្តន៍និងការរីកលូតលាស់ផ្ទាល់ខ្លួន ការសេពគប់មិត្តភក្តិ ការមានសេ្នហា អាពាហ៍ពិពាហ៍ និងសមភាពយេនឌ័រ»។ ទោះយ៉ាងណាក្តី តាមការអនុវត្តជាក់ស្តែង លទ្ធផលអាចខុសគ្នាទៅតាមការសម្រេចចិត្តរបស់សាលារៀននីមួយ ថាតើត្រូវបង្រៀនមុខវិជ្ជាអប់រំផ្លូវភេទនេះយ៉ាងដូចម្តេច។
លទ្ធផលចម្រុះបានបង្កឲ្យមានការព្រួយបារម្ភ ក្នុងចំណោមក្រុមសិទ្ធមនុស្សនិងនាយកដ្ឋានសុខាភិបាល និងសមាគមផែនការគ្រួសារប្រចាំទីក្រុងហុងកុង នេះបើយោងតាមការសិក្សាមួយធ្វើឡើងដោយក្រុមប្រឹក្សានីតិបញ្ញត្តិហុងកុង ឬហៅកាត់ថា (LegCo)។
ជាមធ្យម សិស្សរៀនមុខវិជ្ជាអបរំផ្លូវភេទបានតែ៣ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមប្រឹក្សានីតិបញ្ញត្តិ។ សិស្សត្រឹមតែ៦០ភាគរយប៉ុណ្ណោះ បានរៀនពីការបង្កាមេរោគហ៊ីវ (HIV) ខណៈដែល៨០ភាគរយទៀត រៀនពីរបៀបប្រើស្រោមអនាម័យ នេះបើយោងតាមការស្ទង់មតិចុងក្រោយកាលពីឆ្នាំ២០១២ ក្នុងចំណោម១៣៤សាលារៀនដែលធ្វើឡើងដោយ LegCo។
លទ្ធផលចម្រុះ
លោកស្រី Julia Sun ប្រធានវេទិកាអនឡាញសម្រាប់បញ្ហាអប់រំផ្លូវភេទឈ្មោះ Sticky Rice Love បាននិយាយថា៖ «អ្វីដែលយើងសង្កេតឃើញនោះគឺថា ស្ថានភាពគឺរដាក់រដុប។ សាលារៀនមួយចំនួនប្រហែលជាមានការអប់រំផ្លូវភេទស៊ីជម្រៅ និងមានម៉ោងសិក្សាគ្រប់គ្រាន់ ប៉ុន្តែសាលារៀនខ្លះទៀត មិនមានបង្រៀនមុខវិជ្ជានេះទាល់តែសោះ។ ពួកគេគ្មានថ្នាក់រៀនមុខវិជ្ជាអប់រំផ្លូវភេទទេ»។
ស្រដៀងនឹងប្រទេសភាគច្រើនក្នុងតំបន់អាស៊ីដែរ ឥរិយាបថរបស់ពលរដ្ឋនៅទីក្រុងហុងកុងចំពោះការរួមភេទ មានលក្ខណៈអភិរក្សនិយម។ តាមរយៈការសង្កេតរបស់ គេហទំព័រ Sticky Rice ឲ្យដឹងថា៖ «ប្រជាជននៅហុងកុងមិនងាយនិយាយអំពីការរួមភេទទេ» ហើយការសន្ទនាភាគច្រើន«ពោរពេញដោយការខ្មាសអៀននិង«កំហុស»។
អង្គការជាច្រើនដូចជា Sticky Rice ជារឿយៗត្រូវបានអញ្ជើញទៅសាលារៀនដើម្បីនិយាយអំពីការអប់រំផ្លូវភេទ ប៉ុន្តែអ្វីដែលពួកគេត្រូវបានអនុញ្ញាតឲ្យពិភាក្សា គឺតែងតែខុសគ្នាទៅតាមការណែនាំរបស់រដ្ឋាភិបាល។
លោកស្រី Julia Sun លើកឡើងថា សាលារៀនជាច្រើនចង់ពិភាក្សាអំពីការបង្កាការមានគភ៌ ដោយផ្តោតសំខាន់លើការការគ្រប់គ្រងខ្លួនឯង ប៉ុន្តែបែរជាមើលរំលងមេរៀនសំខាន់ៗ ដូចជាការវិវត្តន៍ផ្លូវចិត្ត ការប្រាស្រ័យទាក់ទង និងការយល់ព្រម។ លោកស្រីក៏បានបន្ថែមថា ប្រធានបទស្តីពីក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងអត្តសញ្ញាណយេនឌ័រ ក៏ត្រូវបានចាត់ទុកជាប្រធានបទចម្រូងចម្រាសដែរ។
មូលនិធិជំនួយហុងកុង (Hong Kong Aids Foundation) ដែលធ្វើការជាមួយសាលារៀន បាននិយាយថា សាលារៀនជាច្រើនស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យអង្គការចែកចាយស្រោមអនាម័យ សូម្បីតែនៅសាកលវិទ្យាល័យក៏ដោយ។
ស្តង់ដាអប់រំកម្រិតខ្ពស់
កំណត់ត្រាចម្រុះនៃការអប់រំផ្លូវភេទនេះ មានលក្ខណៈផ្ទុយគ្នាពីស្តង់ដារអប់រំដ៏ខ្ពស់របស់ហុងកុង ដែលល្បីក្នុងតំបន់។
សិស្សអនុវិទ្យាល័យហុងកុង ជាប់ចំណាត់ថ្នាក់ទី២ក្នុងពិភពលោកសម្រាប់សមត្ថភាពអាននិងមុខវិជ្ជាគណិតវិទ្យា នេះបើតាមការស្រាវជ្រាវសាកលមួយកាលពីឆ្នាំ២០១៥ ដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ខណៈដែលសាកលវិទ្យាល័យជាច្រើននៅហុងកុងត្រូវបានគេទទួលស្គាល់ថា មានគុណភាពល្អបំផុតក្នុងតំបន់អាស៊ី។
គូប្រជែងក្នុងតំបន់របស់ហុងកុង គឺសិង្ហបុរីនិងតៃវ៉ាន់ ដែលមានកម្រិតការអភិវឌ្ឍសេដ្ឋកិច្ចស្រដៀងគ្នា ហើយមានកម្មវិធីអប់រំផ្លូវភេទ ដែលតម្រូវឲ្យមានជាចាំបាច់។ ខណៈដែលប្រទេសម៉ុងហ្គោលីនៅតែជាប្រទេសកំពុងអភិវឌ្ឍ ប្រទេសមួយនេះក៏ឈានមុខគេក្នុងកម្មវិធីអប់រំផ្លូវភេទកម្រិតខ្ពស់ នៅក្នុងតំបន់ដែរ។ នេះបើយោងតាមមូលនិធិប្រជាពលរដ្ឋអង្គការសហប្រជាជាតិ (United Nations Population Fund)។
ផ្ទុយទៅវិញ ការអប់រំផ្លូវភេទនៅហុងកុង មានលក្ខណៈដូចគ្នាច្រើននឹងប្រទេសចិន ដែលនៅទីនោះការអប់រំផ្លូវភេទក៏មិនមែនជាការអប់រំដែលតម្រូវជាចាំបាច់ ហើយការពិភាក្សាពីសរីរវិទ្យា និងការបង្កាមេរោគហ៊ីវនៅមានកម្រិត ដោយគ្មានការពិភាក្សាស៊ីជម្រៅពីបញ្ហាយេនឌ័រនិងផ្លូវភេទទេ។ នេះបើយោងតាមលោកស្រី Jo Sauvarin ទីប្រឹក្សាភាពពេញវ័យ និងយុវវ័យនៅមូលនិធិប្រជាពលរដ្ឋអង្គការសហប្រជាជាតិ(United Nations Population Fund)។
តួនាទីសាសនាដ៏មានឥទ្ធិពល
វិធីសាសាស្រ្តអប់រំបែបនេះតែងតែត្រូវបានយកមកអនុវត្តនៅក្នុងទ្វីបអាស៊ី ដែលជាតំបន់មួយដើរយឺតជាងទ្វីបអាហ្រ្វិកនិងអាមេរិកឡាទីន ដែលបានបង្កើនការអប់រំផ្លូវភេទជាច្រើនឆ្នាំមកហើយ ដើម្បីឆ្លើយតបនឹងការរីករាលដាលរបស់មេរោគហ៊ីវ។ នេះបើយោងតាមការលើកឡើងរសប់លោកស្រី Sauvarin។
សាលារៀននៅក្នុងហុងកុងជាច្រើនជ្រើសរើសយកវិធីសាស្រ្តបែបប្រុងប្រយ័ត្នក្នុងការបង្រៀនពីការអប់រំផ្លូវភេទ ប្រហែលជាដោយសារតែស្ថាប័នសាសនាមានតួនាទីសំខាន់នៅក្នុងការអប់រំយុវវ័យ។
ច្រើនជាងពាក់កណ្តាលនៃចំនួនសិស្សសរុប គឺជាសិស្សដែលចូលរៀនដោយមានជំនឿសាសនា ដូចជាគ្រឹស្តសាសនា ព្រះពុទ្ធ និង Sikh នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ អង្គការក្នុងស្រុកជាច្រើន ក៏បានសង្កត់ធ្ងន់លើឥទិ្ធពលប្រពៃណីមួយទៀត គឺការគិតបែបខុងជឺនៅក្នុងប្រព័ន្ធអប់រំរបស់ហុងកុងផងដែរ។
នៅក្នុងបរិបទបែបនេះ ការរុញច្រានមិនឲ្យមានការអប់រំផ្លូវភេទដ៏មានប្រសិទ្ធភាពក៏អាចមកពីឪពុកម្តាយដែលពួកគេខ្លាចថា ការអប់រំផ្លូវភេទអាចនឹងជំរុញកូនៗរបស់ពួកគេឲ្យសាកល្បងរួមភេទ។ នេះបើយោងតាមអង្គការក្នុងស្រុក។ លោកស្រី Sauvarin បាននិយាយថា យ៉ាងណាក៏ដោយ ការគ្រាន់តែប្រាប់ពួកគេមិនឲ្យរួមភេទ និងដាក់កម្រិតលើការអប់រំរបស់ពួកគេ អាចនឹងនាំមកនូវលទ្ធផលមិនល្អទៅវិញ។
លោកស្រីបាននិយាយថា៖ «កម្មវិធីជាច្រើននៅក្នុងតំបន់របស់យើងផ្តោតខ្លាំងលើកត្តាទាំងនោះ [ដូចជាការគ្រប់គ្រងខ្លួនឯង] ដូច្នេះវាគ្មានប្រសិទ្ធភាពលើការទប់ស្កាត់ការមានគភ៌ ឬការកាត់បន្ថយមេរោគហ៊ីវទេ បើសិនជាអ្នកគ្រាន់តែប្រាប់ពួកគេមិនឲ្យរួមភេទ ដោយមិនបានផ្តល់ព័ត៌មានដែលពួកគេត្រូវការ។ តាមពិត កម្មវិធីដែលអប់រំស៊ីជម្រៅអំពីពីផ្លូវភេទ បានពន្យារការផ្តួចផ្តើមនៃការរួមភេទទៅវិញទេ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ