ក្រុមអ្នកជួយ​សង្គ្រោះ​ស្វែងរក​អ្នកនៅ​រស់​ពី​ការរញ្ជួយ​ដី​នៅ​តួកគី​និង​ស៊ីរី ខណៈ​អ្នកស្លាប់​កើនឡើង​លើស​១៧.០០០​នាក់

ក្រុម​អ្នកជួយសង្គ្រោះ​យក​សាកសព​ជនរងគ្រោះ​ចេញ​ពី​អគារ​ដែល​ត្រូវបាន​បំផ្លាញ បន្ទាប់ពី​គ្រោះរញ្ជួយដី​ដ៏ខ្លាំងក្លា​មួយ​នៅ​ប្រទេស​ស៊ីរី និង​តួកគី។ រូប​នេះ​ត្រូវបាន​ថត​នៅ​ទីក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមអ្នកជួយ​សង្គ្រោះ​ក្នុង​ប្រទេស​តួកគី​និង​ស៊ីរីប្រញាប់ប្រញាល់ឱ្យ​ទាន់ពេលវេលានៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​ដោយ​ខ្វះ​សម្ភារៈដើម្បី​រក​អ្នក​នៅ​រស់ជាប់​គាំងក្នុង​កម្ទេច​អគារ​រលំ​ដោយសារ​ការរញ្ជួយ​ដី​យ៉ាង​ខ្លាំងក្នុង​តំបន់​នោះកាល​ពី​ថ្ងៃ​ចន្ទ ​ហើយ​រហូត​មក​ដល់​ពេល​នេះបានបណ្តាល​ឱ្យមនុស្ស​ប្រមាណ​១​៧.០០០​នាក់​ស្លាប់​ហើយ។

ទីភ្នាក់ងារគ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស​បាននិយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​បុគ្គលិក​ប្រមាណ​១១០.០០០​នាក់ចូលរួមក្នុងកិច្ចប្រឹងប្រែងជួយ​សង្គ្រោះ ហើយយានយន្ត​៥.៥០០​គ្រឿង​ ដូចជា​ត្រាក់ទ័រ ​ប្រដាប់ស្ទូច​និងឧបករណ៍​គាស់កាយ​ត្រូវ​បាន​បញ្ជូនទៅ​ជួយប្រទេស​ដែល​ទើប​មានវិបត្តិ​រញ្ជួយ​ដី​នេះ។​

ប្រធានាធិបតី​ប្រទេស​តួកគីលោក Recep Tayyip Erdogan ​បានទៅមើល​តំបន់​នៅ​ជិត​មជ្ឈមណ្ឌល​នៃ​ការ​រញ្ជួយដី​នេះ​នៅ​ជិត​ក្រុង Gaziantep ​និងនៅ​ជិត​ព្រំដែន​រវាង​តួកគី​និង​ស៊ីរី។

កាលពី​ថ្ងៃពុធ ​មន្ត្រី​អ.ស.ប.​ជាន់ខ្ពស់​ម្នាក់​បានអំពាវនាវ​ឱ្យមាន​ការ​សម្រួលការផ្តល់ជំនួយ​ដល់​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាមក្នុងប៉ែក​ពាយ័ព្យនៃ​ប្រទេស​ស៊ីរី ​ដោយ​ព្រមាន​ថា​ស្តុក​ជំនួយ​សង្គ្រោះនឹង​ជិត​អស់​ក្នុង​ពេល​ឆាប់ៗ​នេះ។

តំបន់​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាមនៅ​ជិត​ព្រំដែន​តួកគី ​ដែល​រងគ្រោះ​ដោយសារការរញ្ជួយ​ដីមិន​អាច​ទទួល​ជំនួយ​ពីផ្នែក​កាន់កាប់​ដោយ​រដ្ឋាភិបាល​ដោយ​គ្មានការអនុញ្ញាត​ពី​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​ទេ។​

លោក El-Mostafa Benlamlih អ្នក​សម្របសម្រួល​អ.ស.ប.​សម្រាប់​កិច្ចការ​ស៊ីរីបាន​និយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង ​AFP ថា​៖ «ចូរទុក​នយោបាយ​ដោយ ឡែក ហើយនាំគ្នា​ធ្វើ​ការងារ​មនុស្សធម៌​របស់​យើង។ យើង​មិនអាច​ចាំ​បាន ​ហើយ​ធ្វើការ​ចរចា​ទេ។ នៅ​ពេល​យើង​ធ្វើការ​ចរចា​ អ្វីៗ​ក៏​ចប់​អស់​ហើយ‍»។

នៅ​ក្នុង​ប្រទេស​ស៊ីរី ​មាន​មនុស្សយ៉ាងតិចណាស់​២.៦៦២​នាក់​ត្រូវបាន​សម្លាប់។​ នេះបើ​តាមរដ្ឋាភិបាល​និងក្រុមអ្នកជួយ​សង្ក្រោះ​នៅក្នុងតំបន់​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម។​

ថ្លែងទៅ​កាន់ទីភ្នាក់ងារសារព័ត៌មាន​ AFP ​ពី​ក្រុង​ដាម៉ាស់ ​លោក Benlamlih ​បាន​និយាយថា ការ​ខ្ទេច​ខ្ទាំនៅក្នុង​ខេត្ត​កាន់កាប់​ដោយ​រដ្ឋាភិបាល​មាន«ច្រើន‍»។​

លោកបានពោល​ថា៖ «តែ​យើង​បានដឹង​ដែរ​ថា​ការខ្ទេច​ខ្ទាំ​នៅ​ក្នុង​ប៉ែក​ពាយ័ព្យ​ប្រទេស​ក៏មានធំធេង​ដែរ ហើយ​យើង​ត្រូវ​ការ​ទៅ​ទីនោះដើម្បីធ្វើ​ការប៉ាន់ប្រមាណ»។

បើ​តាមមន្ត្រី​អ.ស.ប.​រូប​នេះ​ថាគ្មានការប្រគល់​ជំនួយ​សង្គ្រោះ​ថ្មីៗ​ដល់​តំបន់​នោះ​ពី​ខាង​ក្នុង​ប្រទេស​ស៊ីរី​ទេ​ក្នុង​ពេល​ប៉ុន្មានបី​សប្តាហ៍​មក​ហើយ៕