គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​ការ​គ្រប់គ្រង​រដ្ឋសភា​សហរដ្ឋ​អាមេរិក

  • ​Reuters

លោក Kevin McCarthy មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រោយ​លោក​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ​ជ្រើសតាំង​ជា​ប្រធាន​រដ្ឋសភា​អាមេរិក ក្នុង​ករណី​គណបក្ស​នេះ​ឈ្នះ​បាន​ការ​គ្រប់គ្រង​​រដ្ឋសភា​វិញ​​។

គណបក្ស​សាធារណរដ្ឋ​ត្រូវ​បាន​ព្យាករណ៍​ថា​ឈ្នះ​បាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី Joe Biden ឈ្នះ​បាន​ការ​គ្រប់គ្រង​ព្រឹទ្ធសភា ​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ជ័យជម្នះ​នេះ​បាន​ផ្ដល់​ឱ្យ​គណបក្ស​សាធារណរដ្ឋ​នូវ​អំណាច​នៅ​ក្នុង​ការ​បង្អាក់​ដល់​របៀបវារៈ​របស់​លោក Biden ក៏​ដូចជា​នៅ​ក្នុង​ការ​ចាប់ផ្ដើម​នូវ​ការ​ស៊ើប​អង្កេត​ផ្នែក​នយោបាយ​ណា​មួយ​ដែល​អាច​ទៅ​រួច​លើ​រដ្ឋបាល​របស់​លោក Biden និង​ក្រុម​គ្រួសារ​របស់​លោក Biden បើ​ទោះបីជា​គណបក្ស​នេះ​មិន​ឈ្នះ​បាន​អាសនៈ​ច្រើន​ដូច​ដែល​ខ្លួន​បាន​រំពឹងទុក​ក៏ដោយ។

បន្ទាប់ពី​មាន​ការ​រាប់​សន្លឹក​ឆ្នោត​អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍​មក លទ្ធផល​ចុងក្រោយ​នេះ​បាន​លេច​ឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន Edison Research ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​និង​ស្ទង់មតិ​ក្រោយ​ការ​បោះឆ្នោត បាន​ព្យាករណ៍​ថា​ គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​អាសនៈ​ចំនួន ២១៨ ដែល​ពួកគេ​ត្រូវការ​ដើម្បី​គ្រប់គ្រង​រដ្ឋសភា។

ជ័យជម្នះ​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​មណ្ឌល​សភា​ទី ២៧ នៃ​រដ្ឋ California បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​ឈ្នះ​បាន​គ្រប់គ្រង​រដ្ឋសភា។


លោក Kevin McCarthy ដែល​ជា​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា​នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រហែលជា​នឹង​ប្រឈម​នឹង​ឧបសគ្គ​នៅ​ពេល​ដែល​លោក​នឹង​ត្រូវការ​ក្រុម​ដែល​ខ្វះ​សេចក្ដី​អំណត់​របស់​លោក​ឱ្យ​រួបរួម​គ្នា​លើ​ការ​បោះឆ្នោត​លើ​បញ្ហា​សំខាន់ៗ​នានា​ដូចជា​ថវិកា​ចំណាយ​សម្រាប់​រដ្ឋាភិបាល​និង​យោធា​ជាដើម នៅ​ចំ​ពេល​ដែល​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​ប្រកាស​ឈរ​ឈ្មោះ​ម្ដង​ទៀត​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤ ខាង​មុខ។

លោក McCarthy បាន​សរសេរ​នៅ​លើ Twitter ដូច្នេះ​ថា៖ «ពលរដ្ឋ​អាមេរិកាំង​ត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​ទិសដៅ​ថ្មី ហើយ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​បំពេញ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ»។

ការ​ចាញ់​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា​បាន​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី Biden បាត់បង់​អំណាច​មួយ​ចំនួន ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ Bidenបាន​អបអរសាទរ​លោក McCarthy និង​បាន​និយាយ​ថា​លោក​នឹង​ធ្វើការ​ជាមួយ​នឹង​គណបក្ស​សាធារណរដ្ឋ​ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ពលរដ្ឋ​អាមេរិកាំង​ចង់​ឱ្យ​ពួក​យើង​សម្រេច​កិច្ចការ​តាម​ការ​ចង់​បាន​របស់​ពួកគេ»៕