លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជាប់នៅក្នុងរឿងរ៉ាវចម្រូងចម្រាសផ្នែកនយោបាយនាសប្តាហ៍នេះ បន្ទាប់ពីការផ្លាស់ប្តូរគោលជំហររបស់លោកលើជនដែលទទួលខុសត្រូវលើអំពើហិង្សានៅក្រុង Charlottesville រដ្ឋ Virginia ដែលកើតចេញពីបាតុកម្មមួយរៀបចំឡើងដោយក្រុមជនស្បែកសជាតិនិយម។
ការលើកឡើងរបស់លោកត្រាំ កាលពីថ្ងៃអង្គារកន្លងទៅ ដោយបានបន្ទោសភាគីទាំងសងខាងសម្រាប់អំពើហិង្សានោះ បានបង្កឲ្យមានការថ្កោលទោសពីទាំងពីតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ និងតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ និងបានកើតឡើងនៅចំពេលដែលអត្រាសំឡេងគាំទ្រលោកប្រធានាធិបតីកំពុងតែធ្លាក់ចុះ។
នៅក្នុងការផ្ដោះផ្ដងពាក្យសម្ដីខ្លាំងៗជាមួយនឹងក្រុមអ្នកសារព័ត៌មាននៅអគារ Trump Tower លោកប្រធានាធិបតី ដូណាល់ ត្រាំបានទទូចថា ភាគីទាំងសងខាងមានការទទួលខុសត្រូវនៅក្នុងអំពើហិង្សានៅអំឡុងពេលបាតុកម្មនៅ ក្រុង Charlottesville។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «ខ្ញុំបានឃើញពិនិត្យរឿងរ៉ាវនោះដិតដល់យ៉ាងខ្លាំង ដិតដល់ជាងពួកអស់លោកទៅទៀត។ ហើយមានក្រុមមនុស្ស នៅភាគីម្ខាង ដែលអាក្រក់ ហើយមានក្រុមមនុស្ស នៅភាគីម្ខាងទៀត ដែលប្រកបដោយអំពើហិង្សា។ ហើយគ្មាននរណាម្នាក់ចង់និយាយពីរឿងនេះទេ។ ប៉ុន្តែខ្ញុំនឹងនិយាយនៅពេលឥឡូវនេះ»។
ការលើកឡើងរបស់លោកត្រាំ ដែលត្រូវបានតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ និងតំណាងរាស្រ្តមួយចំនួននៅគណបក្សសាធារណរដ្ឋ ដែលក្នុងនោះរួមមានប្រធានសភាលោក Paul Ryan ផងដែរ ដែលបានអះអាងនៅលើបណ្តាញសង្គម Twitter ថា «ក្រុមជនស្បែកស ដែលគិតថា ខ្លួនឯងអស្ចារ្យជាងគេ គឺគួរឲ្យខ្ពើមរអើមណាស់.... វាជារឿងច្បាស់លាស់ដោយគ្មានរឿងស្រពិចស្រពិលផ្នែកក្រមសីលធម៌ទេ»។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក Cory Gardner បានធ្វើការលើកឡើងនៅសាលាក្រុងមួយនៅរដ្ឋ Colorado ថា៖ «ដូចដែលខ្ញុំបាននិយាយពីមុននេះអញ្ចឹង គឺថា ពួក K-K-K ពួកណាស៊ីសម័យទំនើប និងពួកជនស្បែកស ដែលគិតថា ខ្លួនឯងអស្ចារ្យជាងគេ ចូរទៅរូងរបស់ពួកអ្នកឯងវិញទៅ»។
ប្រធានគណៈកម្មាការជាតិគណបក្សសាធារណរដ្ឋលោកស្រី Ronna Romney McDaniel បានថ្លែងការពារលោកប្រធានាធិបតី ទោះបីជាលោកស្រីរិះគន់ខ្លាំងៗលើក្រុមជនស្តាំនិយម ដែលបង្កឲ្យមានការស្អប់គុំគួនក៏ដោយ។
លោកស្រីបាននិយាយថា៖ «យើងមិនចង់បានសំឡេងឆ្នោតរបស់អ្នកទេ។ យើងមិនគាំទ្រអ្នកទេ។ យើងនឹងនិយាយប្រឆាំងអ្នក។ លោកប្រធានាធិបតីបានថ្លែងដូច្នេះ ក៏ដូចជា លោកអនុប្រធានាធិបតីផងដែរ»។
កាលពីថ្ងៃចន្ទកន្លងទៅ លោកត្រាំបានរិះគន់ក្រុមជនប្រកាន់ជាតិសាសន៍ និងបង្កឲ្យមានការស្អប់គុំគួន បន្ទាប់ពីលោកបានរងសម្ពាធយ៉ាងខ្លាំង ដើម្បីឲ្យកែសម្រួលសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលបានថ្កោលទោសអំពើហិង្សាទៅលើ «ភាគីពាក់ព័ន្ធជាច្រើន»។
ប្រធានការិយាល័យបណ្តាញសារព័ត៌មាន AP នៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី Julie Pace បាននិយាយថា៖ រឿងចម្រូងចម្រាស់នេះ បង្ហាញឲ្យឃើញនូវចរិកប្រយុទ្ធតតាំងរបស់លោកប្រធានាធិបតី។ នៅចុងបញ្ចប់ នេះជាបុរសវ័យ ៧១ឆ្នាំមួយរូប ដែលជឿលើអ្វីដែលខ្លួនឯងបាននិយាយចេញមក។ គ្មាននរណាអាចគ្រប់គ្រងគាត់បានទេ ហើយគាត់ មួម៉ៅចិត្ត ពេលនរណាចង់គ្រប់គ្រងគាត់។ ដូច្នេះសំណួរនៅពេលឥឡូវនេះគឺថា តើគាត់បោះជំហានទៅមុខយ៉ាងដូចម្ដេច?»។
អ្នកវិភាគនៃគណបក្សសាធារណរដ្ឋលោក Scot Faulkner និយាយថា លោកត្រាំតែងតែយកការរិះគន់ថាជាការរិះគន់លើរូបលោក។ លោក Scot បាននិយាយថា៖ «គាត់លេងវោហារសាស្ត្រខ្លះៗមកពីអ្នកនេះ ពីអ្នកនោះ ហើយពីប្រទេសទាំងមូល។ គាត់និយាយបន្តិចពីនេះ បន្តិចពីនោះ ហើយបន្ទាប់មកត្រឡប់ទៅនិយាយពីខ្លួនឯងវិញ»។
លោកប្រធានាធិបតីដូណាល់ ត្រាំបានរងការរិះគន់នៅគ្រាមួយ ដែលសំឡេងគាំទ្ររបស់លោកបានធ្លាក់ចុះទាបជាង ៤០ភាគរយនៅក្នុងការស្ទង់មតិមួយចំនួន។ នេះបើយោងទៅតាមអ្នកវិភាគលោក Larry Sabato សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Virginia។លោកបានថ្លែងប្រាប់ VOA តាមប្រព័ន្ធ Skype ថា៖ «រឿងនេះច្របូកច្របល់ និងស្មុគស្មាញ ហើយគ្រប់គ្នាយល់ឃើញដូចនេះ។ គាត់បានអត្រាសំឡេងគាំទ្រទាបជាងគេបង្អស់ នៅក្នុងចំណោមប្រធានាធិបតីណាទាំងអស់ ចាប់តាំងពីការស្ទង់មតិត្រូវបានធ្វើឡើងក្នុងរយៈពេល ២០០ ថ្ងៃដំបូងនៃការកាន់តំណែងរបស់ប្រធានាធិបតី»។
រឿងរ៉ាវចម្រូងចម្រាសជុំវិញការលើកឡើងរបស់លោកប្រធានាធិបតី កើតឡើងនៅចំនឹងថ្ងៃបុណ្យសពនាង Heather Heyer ដែលបានស្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីរថយន្តមួយបានបុករះហ្វូងអ្នកប្រឆាំងបាតុកម្មនៅក្រុង Charlottesville៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា